នាយកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានរិះគន់ប្រទេសអ៊ីស្រាអែលចំពោះការបង្កឲ្យមានការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធលើប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោក Zeid Ra'ad al-Hussein នៅថ្ងៃសុក្រនេះបានចូលរួមក្នុងកិច្ចពិភាក្សាពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីពិភាក្សារកដំណោះស្រាយចំពោះស្ថានភាពដុនដាបនៅក្នុងដែនដីដែលគ្រប់គ្រងដោយប៉ាឡេស្ទីនដែលមានមនុស្សចំនួនជិត ២លាននាក់នៅក្នុងតំបន់កាហ្សាដែលកំពុងរស់នៅក្នុងស្ថានភាពវឹកវរចាប់តាំងពីចាប់កំណើតរហូតដល់ស្លាប់ទៅវិញ។
កិច្ចប្រជុំពិសេសនេះអាចបង្កើតគណៈកម្មការត្រួតពិនិត្យមើលអំពើហិង្សានៅតាមព្រំដែនតំបន់កាហ្សានៅសប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្សសា្លប់ជាង៦០នាក់និងរបួស២៧០០នាក់ផ្សេងទៀត។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានទាំងកុមារនិងស្ត្រី រួមទាំងទារកទើបមានអាយុ៨ខែម្នាក់ផងដែរ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងថា គណៈកម្មការស៊ើបអង្កេតករណីអំពើហិង្សានៅតំបន់កាហ្សានេះ «នឹងមិនជួយធ្វើឲ្យផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់នោះទេ»។
បាតុកម្មតវ៉ាបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ខណៈដែលសហរដ្ឋអាមេរិកបើកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង Jerusalem។ ពួកបាតុករបានទម្លាយរបងព្រំដែនរវាងតំបន់កាហ្សានិងអ៊ីស្រាអែល បំផ្លាញរបាំងលួសនិងបានគប់ដុំថ្ម។
កងកម្លាំងអ៊ីស្រាអែលបានបាញ់ទៅលើហ្វូងបាតុករ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។ បាតុករ៦០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ។
នាយកការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិលោក Zeid បានថ្លែងថាសកម្មភាពរបស់បាតុករទាំងនោះមិនបានបង្ហាញពីការគំរាមកំហែងដល់អាយុជីវិតនោះទេ ដូច្នេះអ៊ីស្រាអែលមិនគួរត្រូវប្រើកងកម្លាំងដែលអាចប្រល័យជីវិតមនុស្សបានទាល់តែសោះ។ លោកបានថ្លែងបន្តថា ការឆ្លើយតបរបស់កងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅតំបន់កាហ្សាគឺគ្មានភាពយុត្តិធម៌នោះទេ៕