អង្គការសិទ្ធិមនុស្សកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតពីការស្លាប់ក្នុងតំបន់ហ្គាហ្សានេះ។ ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាបានធ្វើការតវ៉ាអស់រយៈពេលជាងមួយខែដើម្បីទាមទារសិទ្ធិសម្រាប់ជនភៀសខ្លួនវិលត្រឡប់ទៅកាន់ទឹកដីដែលពួកគេត្រូវបានគេបង្ខំឲ្យចាកចេញក្នុងអំឡុងពេលនៃការបង្កើតរដ្ឋអ៊ីស្រាអែល។ ការសម្ពោធស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង Jerusalem កើតមាននៅពេលដែលអ៊ីស្រាអែលបារព្ធខួបលើកទី៧០នៃការបង្កើតរដ្ឋរបស់ខ្លួន ហើយប៉ាឡេស្ទីនកាន់ទុកចំពោះការបាត់បង់ទឹកដីរបស់ខ្លួនដែលបណ្តាលឲ្យមានកំហឹងរបស់ពួកអ្នកតវ៉ាប្រឆាំង។ អ៊ីស្រាអែលនិយាយថា ការប៉ុនប៉ងដើម្បីដើម្បីបុកទំលុះរបងសន្តិសុខរវាងតំបន់ហ្គាហ្សានិងអ៊ីស្រាអែលត្រូវតែបញ្ឈប់។ សេតវិមានបានស្តីបន្ទោសពួកមេដឹកនាំរបស់ក្រុមហាម៉ាស។ លោក Raj Shah អ្នកនាំពាក្យរងសេតវិមានបាននិយាយថា៖ «ក្រុមហាម៉ាសមានបំណងនិងគំនិតអាក្រក់ដើម្បីធ្វើឲ្យមានការឆ្លើយតបនេះ ហើយដូចដែលលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បាននិយាយអញ្ចឹង អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន»។
ក៏ប៉ុន្តែ ពលរដ្ឋអាមេរិកាំងខ្លះបានចោទសួរពីភាពចាំបាច់ដើម្បីផ្លាស់ប្តូរស្ថានទូតទៅកាន់ទីក្រុងដែលមានការទាមទារប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនេះ។ យុវជនជ្វីពក្មេងៗមួយក្រុមបានធ្វើបាតុកម្មនៅខាងក្រៅសណ្ឋាគារមួយរបស់ប្រធានាធិបតីត្រាំនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោនទាមទារឲ្យបញ្ចប់ការត្រួតត្រា និងឲ្យមានសិទ្ធិស្មើគ្នាសម្រាប់ជនជាតិប៉ាឡេស្ទីន។ យុវជន Ethan Miller ជាបាតុករជនជាតិជ្វីពបានថ្លែងថា៖ «Jerusalem ជាទីក្រុងមួយដែលមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ វាជាទីក្រុងដែលដិតជាប់ដោយការបំពានគ្រប់គ្រង ហើយនៅទីកន្លែងនោះជនជាតិប៉ាឡេស្ទីន៣សែន៧ម៉ឺននាក់រស់នៅមិនមានសិទ្ធិខាងផ្លូវច្បាប់សំខាន់ៗដូចជនជាតិអ៊ីស្រាអែលដែលជាអ្នកជិតខាងរបស់ខ្លួន»។
ចក្រភពអង់គ្លេសនិងបារាំងស្ថិតក្នុងចំណោមអ្នករិះគន់ជាច្រើនដែលនិយាយថា សហរដ្ឋអាមេរិកបានរំលោភច្បាប់អន្តរជាតិនិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Farhan Haq អ្នកនាំពាក្យរងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា៖ «ដូចលោក អ្នក ដឹងហើយថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិជឿជាក់ថា ទីក្រុង Jerusalem ជាបញ្ហាឋានៈចុងក្រោយដែលត្រូវចរចាដោយភាគីទាំងអស់»។
ទីភ្នាក់ងារទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បានថ្កោលទោសការបាញ់ប្រហារលើពួកបាតុករក្នុងតំបន់ហ្គាហ្សា។ លោកស្រី Ravina Shamdasani អ្នកនាំពាក្យស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្លែងថា៖ «ស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើឲ្យប្រាកដថា ជនរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សទាំងនោះទទួលបានយុត្តិធម៌»។
ប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តរបស់អង្គការអូតង់បានស្តីបន្ទោសសហរដ្ឋអាមេរិកពីការធ្វើឲ្យមានភាពចលាចលក្នុងតំបន់។ លោក Binali Yildirim នាយករដ្ឋមន្ត្រីតួកគីបាននិយាយថា៖ «តាមពិតគឺថា សហរដ្ឋអាមេរិកដែលបានអះអាងថាជាអ្នកសម្របសម្រួលដើម្បីរក្សាសន្តិភាពក្នុងតំបន់និងពិភពលោក បានធ្វើឲ្យមានការសម្លាប់រង្គាលនេះដែលជាការមិនអាចទទួលយកបាន»។
លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអំពាវនាវឲ្យមានសន្ទនាគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានថ្លែងថា៖ «ដូចដែលអស់លោក អ្នក ដឹងហើយថា រុស្ស៊ីបានស្នើម្តងហើយម្តងទៀតឲ្យមានកម្មវិធីសន្ទនាគ្នា។ យើងស្នើម្តងទៀតសុំធ្វើជាអ្នកសម្រុះសម្រួល»។
ពួកមេដឹកនាំប៉ាឡេស្ទីនបាននិយាយថា ការរើស្ថានទូតសហរដ្ឋអាមេរិកបានសម្លាប់ដំណើរការសន្តិភាព។
ប្រែសម្រួលដោយ ជឹង ប៉ូជីន