ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​អ.ស.ប.៖ ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រឈម​នឹង​ជីវិត​ដែល​គ្មាន​ក្តី​សង្ឃឹម


រូបឯកសារ៖ មនុស្សម្នា​ដើរតាមដងផ្លូវនៅក្បែរ Arch of Triumph នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាង​ជើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (AFP)
រូបឯកសារ៖ មនុស្សម្នា​ដើរតាមដងផ្លូវនៅក្បែរ Arch of Triumph នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាង​ជើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (AFP)

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​លោក Volker Türk បាន​ផ្តល់​ការ​វាយតម្លៃ​ដ៏​ក្រៀមក្រំ​មួយ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី ១២ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្នុង​ពេល​មួយ​ទសវត្សរ៍​ក្រោយមក​បន្ទាប់ពី​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​មួយ​បាន​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​និង​រីករាលដាល​នៅ​ក្នុង​ប្រទេស​នោះ។

លោក Türk បាន​បញ្ជាក់​ក្នុង​សន្និសីទ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ឯកអគ្គរដ្ឋទូត​កូរ៉េខាង​ជើង​មិនបាន​ចូលរួម​យ៉ាង​ដូច្នេះ​ថា៖ «សព្វថ្ងៃ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​គឺជា​ប្រទេស​មួយ​ដែល​បិទ​ជិត​ពី​ពិភពលោក ជា​ប្រទេស​ដែល​មាន​បរិយាកាស​ថប់ណែន​បិទជិត​ពោរពេញ​ដោយ​ការ​ភិតភ័យ ដែល​ជីវិត​រស់នៅ​ប្រកប​ដោយ​ការ​លំបាក​វេទនា​គ្មាន​ក្ដី​សង្ឃឹម»។

លោកTürk បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​របស់​របប​ដឹកនាំ​កូរ៉េ​ខាងជើង​លើ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ក្នុង​នោះ​រួមទាំង​លទ្ធភាព​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​នេះ​ផងដែរ។ ពលរដ្ឋ​កូរ៉េ​ខាងជើង​ភាគច្រើន​មិន​អាច​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បី​ចាកចេញ​ពី​ប្រទេស​នោះទេ ហើយ​អ្នក​ដែល​ប៉ុនប៉ង​គេចខ្លួន​ចេញ​ពី​ប្រទេស​ប្រឈមនឹង​ការ​ធ្វើ​ទារុណកម្ម ការ​ឃុំខ្លួន​នៅ​ជំរំ​ការងារ ឬ​ប្រឈមនឹង​សេចក្តី​ស្លាប់​បើ​ពួកគេ​បរាជ័យ។

លោក​បាន​ថ្លែង​តាម​វីដេអូ​ពី​ការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​ថា៖ «ការ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​មិនមែន​ជា​បទ​ឧក្រិដ្ឋ​នោះទេ។ ផ្ទុយទៅវិញ វា​គឺជា​សិទ្ធិ​មនុស្ស​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ»។

លោក​បាន​ថ្លែង​ថា ការ​គាបសង្កត់​សេរីភាព​ក្នុងការ​បញ្ចេញមតិ​គឺ​មាន​សភាព​កាន់តែ​អាក្រក់​ឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​ពង្រឹង​ច្បាប់​ហាមប្រាម​ពលរដ្ឋ​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឬ​វប្បធម៌​បរទេស ដូចជា​រឿង​ភាគ​កូរ៉េខាងត្បូង​ឬ​តន្រ្តី K-pop របស់​កូរ៉េ​ខាងត្បូង​ជាដើម។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ​បាន​ថ្លែង​ថា៖ «និយាយ​ឱ្យ​សាមញ្ញ​ទៅ ពលរដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​គ្រាន់តែ​មើល​ឬ​ចែកផ្សាយ​រឿង​ភាគ​បរទេស»។

លោក​បាន​ជំរុញ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ទោស​ប្រហារ​ជីវិត​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស ហើយ​ឆ្ពោះ​ទៅរក​ការ​លុបបំបាត់​ទោស​នេះ​ទាំងស្រុង។

អ្វី​ដែល​ប្រហែល​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ​ជាងនេះ​ទៅទៀត​នោះ​គឺ​ស្ថានភាព​សន្តិសុខ​ស្បៀង​អាហារនៅ​កូរ៉េ​ខាងជើង។

លោក Türk បាន​ថ្លែង​ថា៖ «មនុស្ស​គ្រប់រូប​ដែល​ការិយាល័យ​របស់​ខ្ញុំ​បាន​សម្ភាសន៍​បាន​លើកឡើង​អំពី​រឿង​នេះ​ស្រដៀងគ្នា​ថា មនុស្ស​គឺ​ងាយ​ក្លាយទៅជា​ទន់ខ្សោយ ល្ហិតល្ហៃ រីងរៃ ដោយសារ​គ្មាន​អ្វី​បរិភោគ»។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ពលរដ្ឋ​កូរ៉េ​ខាងជើង​ជាង ៤០% ដែល​ស្មើ​នឹង​ជិត ១១ លាន​នាក់​ខ្វះ​អាហារូបត្ថម្ភ។ មនុស្ស​ជាច្រើន​រងគ្រោះ​ដោយសារ​ការ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ដោយសារ​ការ​ខ្វះ​ជីវជាតិ​សំខាន់ៗ ជាពិសេស​អ្នក​ដែល​រស់នៅ​ក្រៅ​ទីក្រុង​ធំៗ។ កុមារ​គឺ​រង​ផល​ប៉ះពាល់​ជាងគេ ដោយ ១៨% មាន​សភាព​ក្រិន​ដោយសារ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​នូវ​ពលកម្ម​ដោយ​បង្ខំ​ដែល​រួមមាន​ទាំង​នៅ​បរទេស​ផងដែរ។ លោក​បាន​កត់សម្គាល់​ថា ពលករ​ដែល​ពួកគេ​បាន​សម្ភាសន៍​បាន​រៀបរាប់​អំពី​ស្ថានការ​ធ្វើ​ការងារ​ដែល​មាន​គ្រោះថ្នាក់​ចំពោះ​រូបរាង​កាយ ហើយ​ពួកគេ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឃ្លាំមើល​កម្រិត​ខ្ពស់​ហួស​ប្រមាណ៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG