ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងដ៏ផុយស្រួយ ត្រូវបានប៉ះពាល់ម្តងទៀត បន្ទាប់ពីអ្នកនយោបាយកូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតូក្យូថា បានដាក់សម្ពាធមិនសមរម្យលើក្រុមហ៊ុនកូរ៉េខាងត្បូង ឲ្យលក់ភាគហ៊ុនខ្លួននៅក្រុមហ៊ុន Line ដែលជាកម្មវិធីបណ្តាញសង្គមល្បីនៅជប៉ុន។
កម្មវិធី Line ដែលដំបូងជាកម្មវិធីផ្ញើរសារ ប៉ុន្តែពេលនេះត្រូវបានប្រើសម្រាប់គ្រប់សេវាកម្មតាំងពីការបង់ប្រាក់ និងការចែករំលែកវីដេអូ គឺគ្រប់គ្រងដោយក្រុមហ៊ុន LY Corp. ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Naver និងក្រុមហ៊ុន Softbank របស់ជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។
អ្នកតាក់តែងច្បាប់ជប៉ុនបានស្នើឲ្យក្រុមហ៊ុន LY Corp. បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុន Naver បន្ទាប់ពីក្រុមហ៊ុនកូរ៉េខាងត្បូងនេះបានប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិតដែលបណ្តាលឲ្យមានការបែកធ្លាយទិន្នន័យដ៏ធំ រួមមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធី Line។
ខណៈដែលការណែនាំរបស់រដ្ឋាភិបាលជប៉ុន មិនមានចំណងផ្លូវច្បាប់ អ្នកវិភាគនានានិយាយថា សេចក្តីថ្លែងការណ៍ «ការណែនាំរដ្ឋបាល» មានទម្ងន់ខ្លាំងលើសហគមន៍អាជីវកម្មជប៉ុន។ ក្រុមហ៊ុន Naver ខ្លួនផ្ទាល់ក៏បានបញ្ជាក់ថា ខ្លួនកំពុងពិចារណា «គ្រប់ជម្រើស» ទាំងអស់រួមមានការលក់ភាគហ៊ុនខ្លួនដែលគ្រប់គ្រងក្រុមហ៊ុន LY Corp.។
ទោះបីជាមន្ត្រីជប៉ុននិយាយថា សកម្មភាពពួកគេបង្កដោយការបារម្ភផ្នែកសន្តិសុខព័ត៌មាន អ្នកនយោបាយកូរ៉េខាងត្បូង និងអ្នកសាព័ត៌មានប្រកែកថា វិធានការនេះរំខានដល់ការវិនិយោគបរទេសនៅកូរ៉េខាងត្បូង និងការរំលោភលើអធិបតេយ្យភាពឌីជីថលរបស់កូរ៉េខាងត្បូង។
ជម្លោះនេះបង្កើនសម្ពាធនយោបាយលើប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានព្យាយាមពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន ដែលជាអតីតមេដឹកនាំអាណានិគមរបស់កូរ៉េ ប៉ុន្តែគណបក្សអភិរក្សនិយមជប៉ុនបានចាញ់ការបោះឆ្នោតកាលពីខែមុន។
លោក Yoon និយាយថា កិច្ចសហប្រតិបត្តិការជិតស្និតជាងមុនជាមួយជប៉ុន គឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដូចជាកូរ៉េខាងជើង។ ប៉ុន្តែគណបក្សឆ្វេងនិយមរបស់កូរ៉េខាងត្បូងចោទប្រកាន់ លោក Yoon ថាមានការសម្រុះសម្រួលពេក ដោយនិយាយថា ជប៉ុនគួរតែចាត់វិធានការបន្ថែមទៀតដើម្បីប៉ះប៉ូវចំពោះការកាន់កាប់ប្រទេសកូរ៉េដ៏ឃោរឃៅរបស់ខ្លួនពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។
ប្រតិកម្មតបតយ៉ាងខ្លាំង
អ្នកនយោបាយកូរ៉េខាងត្បូងដ៏លេចធ្លោបបានលើកយកបញ្ហាកម្មវិធី Line ដ៏ចម្រូងចម្រាសនេះមកវាយប្រហារ លោក Yoon ដោយនិយាយថា វាជាឧទាហរណ៍មួយទៀតនៃ «ការចុះចាញ់ផ្នែកការទូត» របស់លោក និងភ្ជាប់ប្រវត្តិសាស្ត្រកូរ៉េខាងត្បូងដ៏ឈឺចាប់ជាមួយនឹងជប៉ុន។
នៅក្នុងសារមួយលើបណ្តាញសង្គម Facebook លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃកូរ៉េខាងត្បូងដែលជាបក្សជំទាស់ បានកត់សម្គាល់ថា មន្ត្រីទំនាក់ទំនងជប៉ុនដែលបានចេញសេចក្តីណែនាំគឺជាអ្នកបន្តវេនពីអតីតមន្ត្រីកំពូលម្នាក់ ដែលបានជួយចាត់ចែងអាណានិគមរបស់ជប៉ុនលើកូរ៉េ។
លោក Lee បាននិយាយថា៖ «នៅពេលដែលលោក Ito Hirobumi [អតីតមេទ័ពជប៉ុនប្រចាំប្រទេសកូរ៉េ]បានឈ្លានពានដែនដីប្រទេសយើង កូនចៅរបស់គាត់កំពុងឈ្លានពានដែនអ៊ីនធឺណិតរបស់យើង»។
ដើម្បីតបតនឹងអ្វីដែលលោកនិយាយថាជាការឆ្លើយតបទន់ខ្សោយរបស់ លោក Yoon លោក Cho Kuk អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាមេដឹកនាំគណបក្សប្រឆាំងមួយទៀតគឺគណបក្ស Rebuilding Korea ដែលនិយាយចំៗ បានធ្វើទស្សនកិច្ចកាលពីពាក់កណ្តាលខែឧសភានៅកោះមួយចំនួន ដែលត្រូវបានទាមទារកាន់កាប់ដោយកូរ៉េខាងត្បូងនិងជប៉ុន។
នៅក្នុងការថ្លែងដ៏ក្តៅគគុកមួយ លោក Cho បានចោទប្រកាន់រដ្ឋបាលលោក Yoon ថាបាន «ថ្វាយបង្គុំជប៉ុន» ហើយបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានអនុញ្ញាតឲ្យប្រទេសស្ថិតក្រោមអាណានិគមជប៉ុនម្តងទៀត។
ដំណើរទស្សនកិច្ចរបស់លោក Cho ទៅកោះដែលនៅក្នុងភាសាកូរ៉េមានឈ្មោះថា Dokdo និងក្នុងភាសាជប៉ុនឈ្មោះថា Takeshima បានចាប់ផ្តើមដោយមានសារតានតឹងរវាងមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង។
បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានដាក់ពាក្យបណ្តឹងមួយដោយនិយាយថា ដំណើរទស្សនកិច្ចនោះគឺ« មិនអាចទទួលយកបានទាល់តែសោះ» រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបានច្រានចោលបណ្តឹងនោះ និងបានរិះគន់ការទាមទារកាន់កាប់លើកោះរបស់ជប៉ុនថា «មិនយុត្តិធម៌»។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាសន្យាថា នឹងឆ្លើយតបដោយ «រឹងមាំនិងម៉ឺងម៉ាត់» ទៅកាន់វិធានការអយុត្តិធម៌ណាប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងត្បូង ប៉ុន្តែសោកស្តាយដែលអ្នកនយោបាយមួយចំនួនប្រើជម្លោះនេះដើម្បីញុះញង់ឲ្យមាន «ការប្រឆាំងនឹងជប៉ុនដែលបំផ្លាញដល់ប្រយោជន៍ជាតិ»។
ស្ថានទូតជប៉ុននៅទីក្រុងសេអ៊ូលមិនបានឆ្លើយតបការសុំអត្ថាធិប្បាយនោះទេ។
ការប្រតិកម្មស្ងាត់ស្ងៀមនៅជប៉ុន
នៅក្នុងប្រទេសជប៉ុន ជម្លោះកម្មវិធី Line និងក្រុមហ៊ុន Naver ទទួលបានការយកចិត្តទុកដាក់តិចតួច នេះបើយោងតាមលោក Jeffrey J. Hall អ្នកជំនាញនយោបាយជប៉ុននៅសាកលវិទ្យាល័យ Kanda សម្រាប់ការសិក្សាអន្តរជាតិ។
លោក Hall បាននិយាថា៖ «សារព័ត៌មានជាច្រើនប្រហែលនឹងមិនចាប់អារម្មណ៍វាទេ បើសិនជាគ្មានអ្នកនយោបាយមកទស្សនកិច្ចនៅកោះ Takeshima ឬ Dokdo»។
លោកបានបន្ថែមក្នុងសារជាមួយ VOA ថា៖ «ផ្ទុយទៅវិញ ការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធី LINE កាលពីឆ្នាំមុនត្រូវបានគេចាត់ទុកថាជាព័ត៌មានធំនៅជប៉ុន»។
លោក Yoon បានសន្យាថា នឹងបន្តទំនាក់ទំនងល្អជាមួយជប៉ុន ប៉ុន្តែអ្នកវិភាគនិយាយថា ការប្រឆាំងនឹងជប៉ុននឹងមិនរលាយឆាប់ៗនោះទេ។
លោក Hall បាននិយាយថា៖ «ជប៉ុនកំពុងជួបស្ថានភាពដែលនឹងកើតមានបើសិនជាគណបក្សប្រឆាំងឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិក្រោយ»៕
ប្រែសមួលដោយកញ្ញា ទុំ ម្លិះ