ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​កូរ៉េខាង​ជើង​និង​វៀតណាម​នឹង​ធ្វើឱ្យ​សន្តិសុខ​តំបន់​កាន់តែ​តានតឹង


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន (Kim Jong Un) អំឡុង​ទស្សនកិច្ច​នៅ​តំបន់ Amur ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (Sputnik/Mikhail Metzel/Kremlin via REUTERS)
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន (Kim Jong Un) អំឡុង​ទស្សនកិច្ច​នៅ​តំបន់ Amur ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (Sputnik/Mikhail Metzel/Kremlin via REUTERS)

ក្រោយ​លេច​ឮ​ដំណឹង​ថា ​បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេសចិន ​ ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្លាឌីមៀ ពូទីន​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េខាងជើង​ និង​វៀតណាម​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ អ្នក​តាមដាន​មើល​ឃើញ​ថា ​ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​វៀតណាម​ និង​រឹត​ចំណង​ទំនាក់​ទំនង​បន្ថែម​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង។​

អ្នក​វិភាគ​ក៏​មើល​ឃើញ​ថា ដំណើរ​ទស្សន​កិច្ច​នេះក៏​នឹង​ធ្វើ​ឱ្យ​សន្តិសុខ​ក្នុង​តំបន់​កាន់តែ​ក្តៅ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​ លោក​ រ៉ឹម សុខវី ​ប្រាប់​វីអូអេ​ថា៖«រុស្ស៊ី​ត្រូវបាន​ដាក់​ឱ្យ​នៅ​ឯកោ​ បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន ​ដែល​សូម្បី​តែវៀតណាម​ក៏​កាត់​បន្ថយ​ការ​នាំចូល​អាវុធ​ពី​រុស្ស៊ីដែរ។ ​រុស្ស៊ី​ចង់​រក្សា​វៀតណាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​ខ្លួន។​

ផ្ទុយ​ទៅវិញ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ពូទីន ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រុស្ស៊ីក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង​ ដោយសារ​របប​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ឯកោ​ ព្រោះ​បំពាន​ច្បាប់ ​និង​បទ​ដ្ឋានអន្តរ​ជាតិ»។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​យល់​ថា​ ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​ផ្តល់​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ ប៉ុន្តែ​លោក​មិនរំ​ពឹង​ថា ​នឹង​មាន​លទ្ធផល​ជា​ផ្លែផ្កា​ណាមួយ​ពី​ដំណើរ​ទស្សន​កិច្ច​របស់លោក​ពូទីន​ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​ទេ។​

ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្ល៉ាឌីមៀ ពូទីន​ (Vladimir Putin) គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ​និង​វៀតណាម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ចំ​ពេល​មាន​ការ​រំពឹង​ទុក។​

លោក ​ពូទីន ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​នៅ​ខែ​នេះ ​មុន​ពេល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​ហាណូយ។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​រុស្ស៊ី ​Vedomosti។​

កាសែត​នេះ​ក៏​បាន​ដក​ស្រង់​សម្តី​ឯក​អគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េ​ខាងជើង​ លោក ​Alexander Matsegora ​ដែល​បញ្ជាក់​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ពូទីន ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ​«នឹង​កើត​ឡើង ​ហើយ​កំពុង​ត្រូវ​បាន​រៀបចំ​យ៉ាង​សកម្ម»។​

មន្ត្រី​ម្នាក់​ក្នុង​ប្រទេស​វៀតណាម​បាន​ប្រាប់​សារ​ព័ត៌មាន​ Reuters ​ថា​ ​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ​១៩​ និង ​២០​ ខែ​មិថុនា ​ប៉ុន្តែ​មិន​ទាន់​ត្រូវ​បានបញ្ជាក់​នៅ​ឡើយ​ទេ។​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក ​សេង វណ្ណលី ​លើក​ឡើង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ពូទីន​ ទៅ​កាន់​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ព្យុងយ៉ាង​ បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​រវាង​រុស្ស៊ី​ និង​ប្រទេស​ទាំង​ពីរនេះ។​

បើ​តាម​អ្នក​តាមដាន​រូប​នេះ​ កូរ៉េខាង​ជើង​គឺ​ជា​ប្រទេស​មួយ​ដែល​ជា​ប្រភពផ្គត់ផ្គង់​សព្វា​វុធ​ និង​ផលិត​សព្វា​វុធដល់​រុស្ស៊ី​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។​

លោក​ថ្លែង​ថា៖​ «វា​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ទៅ​លើ​ផ្នែក​ធនធាន​ ឬក៏​ផ្នែក​សព្វាវុធ​របស់​រុស្ស៊ី ​ដោយសារ​តែ​រុស្ស៊ី​គាត់​ត្រូវ​តែ​ប្រើ​ប្រាស់​សព្វាវុធ​ច្រើន​ ហើយ​គាត់​ត្រូវ​តែ​មាន​ឃ្លាំង​ដើម្បី​ផ្ទុក​អាវុធ​ ដើម្បី​ត្រៀម​ទៅ​នឹង​ការ​ធ្វើ​សង្គ្រាម​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ ណាតូ​ (NATO) ​ប្រសិន​ជា​មាន​ការ​រួប​រួម​របស់​ណាតូ ​វាយ​សម្រុក​ចូល​ទៅ​អ៊ុយក្រែន​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​អ៊ុយក្រែន»។​

លោក​ សេង វណ្ណលី ​អះ​អាង​ថា កន្លង​មក​រុស្ស៊ី​មិន​មាន​អាវុធ​គ្រប់គ្រាន់​នោះ​ទេ​ ហេតុ​នេះ​លោក ​ពូទីន​ ត្រូវ​តែ​ស្វែង​រក​សម្ព័ន្ធ​មិត្ត​ដើម្បី​គាំទ្រ​ ជាពិសេស​ប្រសិន​មាន​ការ​ចូល​រួម​ពី​សមាជិក​អង្គការ​អូតង់ ​នៅ​ក្នុង​សង្គ្រាមនោះ។​

កន្លង​មក​វៀតណាម​តែង​តែ​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់អង្គការ​សហប្រជាជាតិ​ ​ដោយ​បោះឆ្នោត​អនុប្បវាទ​ ហើយវៀតណាម​គឺ​ជា​សម្ព័ន្ធ​មិត្ត​ប្រពៃណី​របស់​រុស្ស៊ី​ ដែល​ទីក្រុង​មូស្គូ​មើល​ឃើញ​ថា​ ជាដៃ​គូ​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​ដ៏​មាន​សក្តានុពល​សម្រាប់​ខ្លួន។​ នេះ​បើ​តាម​លោក ​សេង វណ្ណលី។​

លោក​បញ្ជាក់​ថា៖​ «វៀតណាម​គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​ប្រពៃណី​របស់​រុស្ស៊ី​ ហើយ​អ្វី​ដែល​រុស្ស៊ី​មើល​ឃើញ​នោះ​គឺ​វៀតណាម​គឺ​ជា​ដៃគូ​ផ្នែក​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​ក៏ដូច​ជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ​ដែល​អាច​ជួយ​រុស្ស៊ី​ទប់ទល់​ទៅ​នឹង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ពី​បស្ចឹម​លោក។​ វៀតណាម​បច្ចុបន្ន​គឺ​ជា​មូលដ្ឋាន​ផលិត​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​រាល់​ប្រទេស​ទូទាំង​ពិភពលោក​ ហើយ​ដោយ​ឡែក​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ ​ពាណិជ្ជ​កម្ម​រវាង​វៀតណាម​ជា​មួយរុស្ស៊ី​នៅ​តែ​បន្ត​កើត​មាន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​រុស្ស៊ី ​និង ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​អំពី​ជំហរ​កម្ពុជា​នោះ​ដែរ។​

កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​យោធា ​សេដ្ឋកិច្ច​ និង​ផ្នែក​ផ្សេង​ទៀត​រវាង​កូរ៉េ​ខាងជើង ​និង​រុស្ស៊ី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ចាប់​តាំង​ពី​លោក​ គីម ជុងអ៊ុន​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន។ ​សហ​រដ្ឋ​អា​មេរិក ​កូរ៉េ​ខាងត្បូង ​និង​សម្ព័ន្ធ​មិត្ត​ជឿ​ថា ​កូរ៉េ​ខាងជើង​បានផ្គត់ផ្គង់​កាំភ្លើងធំ ​កាំ​ជ្រួច ​និង​សព្វាវុធ​សាមញ្ញ​ផ្សេង​ទៀត​ដល់​រុស្ស៊ី ​ដើម្បី​គាំទ្រ​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​ថ្នូរ​នឹង​បច្ចេក​វិទ្យា​យោធា​ទំនើប ​និង​ជំនួយ​សេដ្ឋកិច្ច។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ កូរ៉េ​ខាងជើង​ និង​រុស្ស៊ី​បាន​បដិសេធការ​លើក​ឡើង​នេះ។​

អ្នក​តាម​ដាន​ខ្លះ​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​របស់លោក ​ពូទីន ​ទៅ​ជួប​លោក ​គីម ជុងអ៊ុន ​នៅ​ទីក្រុង​ព្យុងយ៉ាង​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​ទៅវិញ​ទៅមក​នៃ​មេ​ដឹក​នាំ​ទាំង​ពីរ​ និង​ថា​ នៅ​ក្នុង​ជំនួប​នោះ​រុស្ស៊ី​នឹង​បញ្ជាក់​ឡើង​វិញ​នូវ​ទំនាក់​ទំនង ​និង​ការ​គាំទ្រ​ដើម្បី​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជាពិសេស​នៅ​គ្រា​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន​កំពុង​បន្ត។​

ចំណែក​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​លោក ​ឯក ប៊ុនលី​ ប្រាប់​វីអូអេ​ថា​ ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ្ល៉ាឌីមៀ​ ពូទីន ​មិន​ត្រឹមតែ​ជ្រើស​រើស​ប្រទេស​កូរ៉េ​ខាងជើង​ជា​គោល​ដៅ​សំខាន់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​មាន​ប្រទេស​វៀតណាម​ផង​ដែរ។ ​លោក​ថា វា​បញ្ជូន​សញ្ញា​ចំនួន​ពីរ​ គឺទី​១​ ដើម្បី​បង្អាក់​ការ​ប្រឈម​មុខ​ ពី​កូរ៉េ​ខាងត្បូង ​ជប៉ុន ​និង​សហ​រដ្ឋ​អាមេរិក ​និង​ទី​២​ ខិត​ខំប្រឹងប្រែង​ដើម្បី​បង្រួញ​ឥទ្ធិពល​អាមេរិក ​និង​ចិន​នៅ​វៀតណាម។​

លោក​បញ្ជាក់​ថា៖ «ក្នុង​នាម​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​សហ​ភាព​សូវៀត​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​និង​ទីក្រុង​មូស្គូ​មាន​ទំនាក់​ទំនង​ជា​ប្រពៃណី​ដ៏​រឹងមាំ ​ហើយ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ពូទីន​ទៅ​កាន់​ប្រទេស​វៀតណាម​នឹង​បញ្ជាក់​ឡើង​វិញ»។​

បើ​តាម​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នឹង​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លទ្ធផ​ល​នៃដំ​ណើរ​ទស្សន​កិច្ច​នេះ​ ដែល​លោក​ថា ​ភាព​តានតឹង​សន្តិសុខ​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​កាន់តែ​ឡើង​កម្តៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ថា ​ថ្មីៗ​នេះ ​ភាព​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​បាន​កើន​ឡើង​ម្តង​ទៀត ​នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​ប៉េងប៉ោង​ដឹក​សំរាម​ឆ្ពោះ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ​ដែល​ជំរុញ​ឱ្យ​កូរ៉េ​ខាងត្បូង​បន្ត​ការ​ឃោសនា​នៅ​តាម​តំបន់​ព្រំដែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG