សេដ្ឋវិទូរបស់អង្គការសហប្រជាជាតិ បានកាត់បន្ថយការប៉ាន់ស្មានរបស់ពួកគេយ៉ាងច្រើន ទៅលើកំណើនសេដ្ឋកិច្ចពិភពលោក ហើយបានព្រមានថា ឆ្នាំ២០១២នឹងក្លាយជាឆ្នាំដ៏មានសារៈសំខាន់ ថាតើសេដ្ឋកិច្ចសកលលោកនឹងងើបឡើងវិញយឺតៗ ឬក៏ធ្លាក់ចូលក្នុងវិបត្តិដូចដើមវិញ។
នៅក្នុងរបាយការណ៍របស់ខ្លួន ដែលមានចំណងជើងថា«ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនៈវិស័យសម្រាប់ឆ្នាំ២០១២» សេដ្ឋវិទូរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍អំពីកំណើនយ៉ាងទាប ដោយបានព្រមានថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន កំពុងតែស្ថិតនៅជិតចំណុចនៃការធ្លាក់ចុះវិញ ដោយសារតែកត្តាបួនយ៉ាង៖ វិបត្តិប្រាក់បំណុលរបស់រដ្ឋាភិបាល វិស័យធនាគារប្រកបដោយភាពផុយស្រួយ តម្រូវការផលិតផលសរុបចុះខ្សោយ និងភាពជាប់គាំងខាងគោលនយោបាយ។
លោក រ៉ប វ៉ូស (Rob Vos) នាយកទទួលបន្ទុកការអភិវឌ្ឍន៍និងវិភាគគោលនយោបាយ របស់អង្គការសហប្រជាជាតិ ព្រមានថា ពិភពលោក អាចប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចសាជាថ្មីទៀត។
«យើងស្ថិតនៅជិតចំណុចនៃការធ្លាក់ចុះសេដ្ឋកិច្ចជាយថាហេតុ។ ទោះបីជាមូលដ្ឋានរបស់យើង នៅតែធ្វើការសន្មត់ថា សេដ្ឋកិច្ចសកលលោកប្រហែលជាស្ថិតនៅក្នុង«ភាពច្របូកច្របល់» ដូចដែលយើងបានពណ៌នានៅក្នុងរបាយការណ៍ នៅក្នុងរយៈពេលពីរឆ្នាំទៀត។ នៅក្នុងន័យនេះ ប្រហែលជាវិបត្តិបំណុលរបស់រដ្ឋាភិបាលនៅក្នុងទ្វីបអឺរ៉ុប អាចត្រូវបានទប់ឱ្យស្ថិតនៅត្រឹមចំណុចណាមួយ។ ដូចគ្នាផងដែរ បញ្ហាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងមិនមានសភាពអាក្រក់ខ្លាំងជាងនេះទៀតទេ។ ប៉ុន្តែ នេះមានន័យថា យើងនៅតែស្ថិតនៅក្នុងបញ្ហាដដែល នៅក្នុងន័យថា កំណើនសេដ្ឋកិច្ចគឺមានសន្ទុះតិចតួចខ្លាំងណាស់។ កំណើននេះបានបន្ថយល្បឿននៃការរើបឡើងវិញរួចទៅហើយនៅក្នុងឆ្នាំនេះ ដូចដែលយើងបានឃើញកាលពីឆ្នាំ២០១០»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) បានផ្តល់អនុសាសន៍ ទៅលើវិធានការសារពើពន្ធនៃកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយដល់វិបត្តិសេដ្ឋកិច្ចសកល។ ប៉ុន្តែ លោក ចូមូ ក្វាមី ស៊ុនដារ៉ាម (Jomo Kwame Sundaram) ប្រធានជំនួយការទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ មានភាពប្រយ័ត្នប្រយែងទៅលើវិធីសាស្រ្តនេះ។
«ការងាកទៅរកវិធានការសារពើពន្ធនៃការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនេះ បានធ្វើឱ្យការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត នៅទូទាំងពិភពលោក។ តាមពិតទៅ វាមិនទំនងទេថា ការធ្លាក់ចុះវិញនេះនឹងជះឥទ្ធិពលភ្លាមៗដល់គ្រប់ផ្នែកទាំងអស់។ ប៉ុន្តែ មានលក្ខខណ្ឌរឹងមាំមួយ ដែលត្រូវធ្វើសម្រាប់វិធានការសារពើពន្ធបន្ថែមទៀត នៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីបង្កើតនូវស្ថានភាពទាំងឡាយដែលនាំឲ្យមានការរើបឡើងវិញកាន់តែខ្លាំងជាងមុន»។
លោក ស៊ុនដារ៉ាម (Sundaram) បាននិយាយថា ប្រសិនបើគ្មានវិធានការរួមស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចទេនោះ ស្ថានភាពអាចកាន់តែមានសភាពធ្ងន់ធ្ងរជាបន្តទៀត ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប ដែលវិបត្តិបំណុលកំពុងតែរីកសាយភាយ។
អង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ ទៅលើការពង្រឹងមូលនិធិស្ថិរភាពហិរញ្ញវត្ថុអឺរ៉ុប (European Financial Stabilization Fund) ដែលស្រោចស្រង់ប្រទេសក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិ។ ក្រុមអ្នកនិពន្ធនិយាយថា ប្រសិនបើមូលនិធិអាចកាត់បន្ថយការចំណាយទៅលើការខ្ចីប្រាក់ ដែលនឹងបន្ថយសម្ពាធទៅលើរដ្ឋាភិបាល ដែលប្រឈមមុខនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ។
របាយការណ៍បានកត់សម្គាល់ថា មានសម្ពាធកាន់តែខ្លាំងជាងមុន ទៅលើក្រុមមេដឹកនាំនយោបាយ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តខាងគោលនយោបាយ ដោយផ្អែកទៅលើថាតើសេចក្តីសម្រេចចិត្តទាំងនោះនឹងជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុយ៉ាងដូចម្តេច។ លោក ស៊ុនដារ៉ាម (Sundaram) បាននិយាយថា បញ្ហានេះមិនពិតទេ សូម្បីតែកាលពី២០ឆ្នាំមុនក៏ដោយ។
«វានឹងមិនអាចយល់បានទេនៅពេលនោះ ដោយចាត់ទុកថាយើងនិយាយកាលពីដើមទសវត្សរ៍ ១៩៩០ ដើម្បីគិតអំពីមេដឹកនាំនយោបាយរបស់ពិភពលោក ដែលបានពិនិត្យមើលសាឡើងវិញ ហើយមានការងឿងឆ្ងល់ថា តើទីផ្សារនឹងមានលក្ខណៈយ៉ាងដូចម្តេច»។
របាយការណ៍ដ៏ពេញលេញមួយដោយមានព័ត៌មានលម្អិតតាមតំបន់ នឹងត្រូវចេញផ្សាយនៅខែមករា ប៉ុន្តែ ការប៉ាន់ស្មានដែលត្រូវចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ រួមបញ្ចូលទាំងការពិនិត្យមើលមួយ ទៅលើរបៀបដែលផ្នែកខ្លះនៃពិភពលោកកំពុងអនុវត្ត។
នៅទ្វីបអាស៊ី សេដ្ឋវិទូនិយាយថា កំណើននៅក្នុងប្រទេសចិននិងប្រទេសឥណ្ឌា ត្រូវបានរំពឹងថានឹងនៅតែមានភាព«រឹងមាំ» ប៉ុន្តែ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន ត្រូវបានរំពឹងថានឹងមានល្បឿនយឺត។ ករណីនេះត្រូវបានបញ្ជាក់ដោយអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ចិនកាលពីថ្ងៃព្រហស្បត៍ នៅពេលដែលលោកបានប្រកាសថា វិស័យរោងចក្របានរួញតូច៕
ប្រែសម្រួលដោយ ឌី ខាំបូលី