ការិយាល័យសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកបច្ចេកទេសមួយ នៅឆ្នាំ ២០២០ ជាមួយប្រទេសហ្វីលីពីន ដោយសង្ឃឹមថានឹងជួយកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីន។ តែជាអកុសល គោលដៅដែលបានចែងពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសនេះបានបរាជ័យមួយភាគធំ។
អ្នកស្រី Nada Al-Nashif ឧត្តមស្នងការជាន់ខ្ពស់ស្តីទីផ្នែកសិទ្ធិមនុស្ស និយាយថា រដ្ឋាភិបាលហ្វីលីពីនបានចាត់វិធានខ្លះដើម្បីធានានូវការទទួលខុសត្រូវចំពោះសកម្មភាពរំលោភបំពានសិទ្ធិមនុស្ស។ ប៉ុន្តែអ្នកស្រីកត់សម្គាល់ថា សម្រាប់ជនរងគ្រោះ ការទទួលបានយុត្តិធម៌នៅតែមិនទាន់មាននៅឡើយទេ។
អ្នកស្រីថ្លែងថា៖ «ឆន្ទៈរបស់ជនរងគ្រោះក្នុងការចូលរួមស្វែងរកយុត្តិធម៌ក៏បានរងផលប៉ះពាល់ផងដែរ ដោយសារកង្វះការគាំទ្រ ការការពារ និងភាពភ័យខ្លាចនឹងការសងសឹកជាដើម។ ស្របពេលតួលេខផ្លូវការបង្ហាញថា ទោះសកម្មភាពសម្លាប់មនុស្សនៅក្នុងប្រតិបត្តិការប្រយុទ្ធនឹងគ្រឿងញៀនបានថយចុះក្តី ក៏ការិយាល័យយើងនៅតែបន្តទទួលបានព័ត៌មានស្តីពីករណីចោទប្រកាន់ពីការសម្លាប់ក្រៅប្រព័ន្ធផ្លូវច្បាប់ និងការរំលោភបំពានសិទ្ធិមនុស្ស ដោយនគរបាលជាតិហ្វីលីពីន»។
អង្គការសិទ្ធិមនុស្សនានាអះអាងថា មនុស្សជាង ២ ម៉ឺននាក់ ត្រូវបានសម្លាប់ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចូលកាន់តំណែងកាលពីឆ្នាំ ២០១៦ មក ហើយបានធ្វើ «សង្គ្រាមប្រឆាំងនឹងគ្រឿងញៀន»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និយាយថា យ៉ាងហោចណាស់ ការសម្លាប់ចំនួន ២.៥៥៥ ករណី ត្រូវបានធ្វើឡើងដោយកងកម្លាំងនគរបាលជាតិហ្វីលីពីន។ អ្នកស្រី Al-Nashif កត់សម្គាល់ថា គណៈកម្មាធិការអន្តរភ្នាក់ងារមួយត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលប្រតិបត្តិការប្រឆាំងគ្រឿងញៀនចំនួន ៥.៦៥៥ ករណី ដែលមានករណីស្លាប់នៅក្នុងនោះ។ ប៉ុន្តែអ្នកស្រីបានលើកឡើងថា គ្មានករណីណាមួយត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការនេះ ដែលនាំឲ្យមានការផ្តន្ទាទោសនោះឡើយ។
អ្នកស្រីថ្លែងថា៖ «ជនរងគ្រោះនិងគ្រួសាររបស់ពួកគេជាច្រើននៅតែរង់ចាំយុត្តិធម៌។ ដូច្នេះសម្រាប់ពេលវេលាសេសសល់នៅក្នុងកម្មវិធីរួមសហការគ្នា (Joint Program) អមជាមួយនឹងកិច្ចប្រឹងប្រែងដទៃទៀត ការវិវត្តជាដុំកំភួនពាក់ព័ន្ធនឹងគណនេយ្យភាពត្រូវតែកើតមាន ដើម្បីនាំឲ្យមានការកែទម្រង់សិទ្ធិមនុស្ស ដែលនឹងបញ្ចៀសការរំលោភបំពាននានា មិនឲ្យកើតមានឡើងសាជាថ្មី»។
អ្នកស្រី Al-Nashif លើកឡើងថា អ្នកស្រីស្វាគមន៍ការប្តេជ្ញារបស់រដ្ឋាភិបាលថ្មីនៅហ្វីលីពីន ក្រោយពីការបោះឆ្នោតកាលពីខែឧសភា នៅក្នុងការអនុវត្តកម្មវិធីរួមសហការគ្នានេះ ដែលឥឡូវនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពាក់កណ្តាលផ្លូវរួចហើយនោះ។
ជាការឆ្លើយតប រដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីនលោក Jesus Crispin Remulla បានធានាទៅកាន់ឧត្តមស្នងការស្តីទីផ្នែកសិទ្ធិមនុស្សនៃ អ.ស.ប ថា រដ្ឋាភិបាលហ្វីលីពីនកំពុងធ្វើកំណែទម្រង់វិស័យយុត្តិធម៌ និងការអនុវត្តច្បាប់។ លោកបានបន្តថា ប្រធានាធិបតីចូលកាន់តំណែងថ្មី កំពុងតែដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ តាមរយៈការផ្តោតលើការចាប់ខ្លួន និងដាក់ទោសលើមេខ្លោង មិនមែនតែអ្នកប្រើប្រាស់គ្រឿងញៀនតិចតួចតាមដងផ្លូវនោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា