ក្រុមឆ្វេងនិយមនិងក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់បានប្រារព្ធគម្រប់ខួបនៃការធ្វើបដិវត្តន៍ឆ្នាំ១៩៨៦ ដែលបានទម្លាក់មេដឹកនាំផ្តាច់ការរបស់ហ្វីលីពីនលោក Ferdinand Marcos ចេញពីតំណែង ដើម្បីព្រមានដល់ទំនោរទៅខាងកុម្មុយនីស្តផ្តាច់ការរបស់មេដឹកនាំនាពេលបច្ចុប្បន្ន ហើយដើម្បីថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោកដែលអនុញ្ញាតឲ្យបញ្ចុះសពរបស់លោក Marcos នៅឯកន្លែងបញ្ចុះសពវីរៈបុរស។
ក្រុមសកម្មជនជាងមួយពាន់នាក់មកពីក្រុមផ្សេងៗគ្នាបានប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៏នេះ នៅឯលានប្រជាធិបតេយ្យដែលស្ថិតនៅតាមមហាវិថីក្នុងទីក្រុងម៉ានីល ជាទីដែលពលរដ្ឋហ្វីលីពីនរាប់លាននាក់បានប្រមូលផ្តុំគ្នាកាលពី៣១ឆ្នាំមុន ដែលជាការបះបោរប្រកបដោយសន្តិវិធី ដើម្បីទម្លាក់លោក Marcos ចេញពីតំណែង។ ការទម្លាក់លោក Marcos ចេញពីតំណែងជាប្រធានាធិបតីគឺដោយសារតែបញ្ហាពុករលួយដ៏ធ្ងន់ធ្ងរនិងការបំពានសិទ្ធិមនុស្ស។
ពិធីរំឮកខួបនៃការធ្វើបដិវត្តន៍មានសភាពតឹងរ៉ឹង បើធៀបជាមួយនឹងឆ្នាំមុនៗ ហើយលោកប្រធានាធិបតី Rodrigo Duterte ដែលអនុញ្ញាតឲ្យបញ្ចុះសាកសពរបស់លោក Marcos នៅទីបញ្ចុះសពវីរៈបុរសកាលពីខែវិច្ឆិកានោះ មិនបានចូលរួមក្នុងពិធីនេះនោះទេ៕