កាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះ យុវជន Kian Loyd Delos Santos វ័យ១៧ឆ្នាំ ដែលជាសិស្សវិទ្យាល័យម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងមួយនៅប៉ែកខាងជើងនៃរដ្ឋធានី ម៉ានីល ដែលករណីឃាតកម្មនេះអាចជាស្នាដៃរបស់ប៉ូលិស។ ការសម្លាប់នេះបានបង្កឲ្យមានការធ្វើបាតុកម្មនៅក្នុងទីក្រុង ម៉ានីល ហើយនិងមានការវាយជួងតវ៉ារយៈពេល៤០ថ្ងៃនៅក្នុងព្រះវិហារសាសនាគ្រិស្តនិកាយកាតូលិកមួយ។
កាលពី២សប្តាហ៍កន្លងទៅនេះ បុរសវ័យ១៩ឆ្នាំម្នាក់ត្រូវបានរកឃើញថា ត្រូវបានគេបាញ់ស្លាប់ ហើយសាកសពរបស់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានរកឃើញនិងមានស្លាកស្នាមចាក់សុសសាច់។ អ្នកស៊ើបអង្កេតកំពុងតែស៊ើបអង្កេតប៉ូលិស ចំពោះករណីឃាតកម្មទាំងពីរនេះ។
ករណីទាំង២នេះកំពុងតែគំរាមកំហែងដល់ការធ្លាក់ចុះការគាំទ្រចំពោះយុទ្ធនាការប្រឆាំងនឹងថ្នាំញៀនដ៏មានប្រជាប្រិយភាពរបស់លោក Duterte ដែលយុទ្ធនាការនេះរងការរិះគន់អំពីសំណាក់សហគមន៍អន្តរជាតិ សម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ ប្រធានាធិបតីដែលនិយាយម៉ឺងម៉ាត់វ័យ៧២ឆ្នាំរូបនេះ បានអនុម័តទៅលើយុទ្ធនាការនេះ បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០១៦ តាមរយៈការសន្យាថា នឹងបោសសម្អាតថ្នាំញៀនក្នុងរយៈពេល៦ខែ។
លោក Eduardo Araral សាស្ត្រាចារ្យសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានមានប្រសាសន៍ថា «ប្រាកដណាស់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាព មានការខឹងសម្បារច្រើនឡើងៗចំពោះការដែលយុវជនទាំងនេះត្រូវបានគេសម្លាប់ មិនថាមានកំហុសឬគ្មាននោះទេ។ ខ្ញុំគិតថា ប៉ូលិសត្រូវតែប្រុងប្រយ័ត្នជាងនេះដោយសារតែការប្រតិកម្មពីសំណាក់សាធារណជន ហើយដោយសារតែពួកគេដឹងថា ប្រសិនបើពួកគេធ្វើអ្វីឲ្យហួសពីសមត្ថកិច្ចរបស់ប៉ូលិសនោះ លោកប្រធានាធិបតីក៏នឹងមិនគាំទ្រពួកគេនោះដែរ»។
ប្រជាពលរដ្ឋហ្វីលីពីនកាន់តែមានការព្រួយបារម្ភ ដោយសារតែ ក្នុងសប្តាហ៍នេះ សភាដែលមានសមាជិកគណបក្សកាន់អំណាចច្រើន បានបែងចែកថវិកាយ៉ាងតិចបំផុតគឺត្រឹមតែ១៩,៥ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨ សម្រាប់គណៈកម្មាធិការទទួលបន្ទុកខាងសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។ គណៈកម្មាធិការនេះអាចចោទជាសំណួរទៅលើការអនុវត្តច្បាប់របស់ប៉ូលិសបាន។
សាខាមួយនៃគណបក្សសេរី ដែលជាគណបក្សប្រឆាំងនៅហ្វីលីពីនបាននិយាយនៅក្នុងសារមួយបង្ហោះលើគេហទំព័រ Facebook របស់ខ្លួនថា ការសម្រេចទៅលើថវិកានេះបង្ហាញថា រដ្ឋាភិបាលរបស់លោក Duterte «កំពុងតែអនុវត្តវប្បធម៌នៃការការពារប៉ូលិសគ្រប់ជាន់ថ្នាក់»។
ក៏ប៉ុន្តែលោក Duterte បានប្តេជ្ញានៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីថា នឹងធ្វើ «ការស៊ើបអង្កេតយ៉ាងហ្មត់ចត់និងគ្មានលម្អៀងទៅលើការស្លាប់របស់យុវជន Delos Santos»។
លោកបាននិយាយបន្ថែមទៀតនៅលើគេហទំព័រនោះដោយសំដៅទៅលើមន្ត្រីនៃស្នងការប៉ូលិសជាតិហ្វីលីពីនថា «ប្រសិនបើការស៊ើបអង្កេតនោះបង្ហាញថា ប៉ូលិសម្នាក់ ពីរនាក់ ឬក៏ទាំងអស់ ដែលជាអ្នកធ្វើរឿងនេះ នឹងមានការកាត់ទោស ហើយពួកគេត្រូវជាប់ពន្ធនាគារប្រសិនបើត្រូវបានកាត់ទោសនោះ។ ខ្ញុំហ៊ានធានា»។
អ្នកជំនាញការនិយាយថា ការនិយាយខ្លាំងៗរបស់លោក Duterte ទៅលើប៉ូលិស ប្រហែលជាសញ្ញាមួយបង្ហាញថា លោកនឹងកែសម្រួលវិធីសាស្ត្រហិង្សារបស់លោកទៅលើថ្នាំញៀន ដោយមិនបង្អង់។
លោក Duterte បន្ធូរបន្ថយជាបណ្តោះអាសន្នកាលពីខែកុម្ភៈ ជាមួយនឹងការផ្តោតថ្មីមួយទៅលើការបញ្ឈប់សកម្មភាពហួសហេតុរបស់ប៉ូលិសជាតិហ្វីលីពីន បន្ទាប់ពីការស្លាប់របស់អ្នកជំនួញជនជាតិកូរ៉េម្នាក់នៅក្នុងកន្លែងឃុំខ្លួន។
អគ្គនាយកអនុវត្តវិធីសាស្ត្រចំពោះថ្នាំញៀនរបស់លោក គឺលោក Aaron Aquino ត្រូវបានគេស្រង់សម្តីក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកាលពីថ្ងៃពុធថា លោកចង់ស្តារនីតិសម្បទារបស់អ្នកញៀនថ្នាំ១លាន៣សែននាក់ ដែលបានប្រគល់ខ្លួនឲ្យអាជ្ញាធរ។
បន្ទាប់ពីយុវជន Delos Santos បានទទួលមរណភាពកាលពីខែមុន គេហទំព័រthe Philippine Star បានស្រង់សម្តីរបស់លោក Duterte ថា លោកនឹងមិនលើកលែងចំពោះការសម្លាប់«មនុស្សគ្មានកំហុស» នោះទេ។
លោកសាស្ត្រាចារ្យ Araral នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានមានប្រសាសន៍ថា ការបន្ថែមសម្ពាធពីសាធារណជន ប្រជាពលរដ្ឋហ្វីលីពីនមួយចំនួនសង្ស័យថា សហគ្រាសផលិតថ្នាំញៀននិងឈ្មួញចែកចាយថ្នាំញៀនបានរត់គេចខ្លួនពីការបង្ក្រាបហើយ។
លោក Ramon Casiple នាយកប្រតិបត្តិនៃវិទ្យាស្ថានសម្រាប់កំណែទម្រង់នយោបាយនិងការបោះឆ្នោត ដែលជាអង្គការតស៊ូមតិហ្វីលីពីនមួយបានថ្លែងថា «មានការចោទសួរក្នុងកម្រិតដ៏ខ្ពស់មួយទៅលើឃាតកម្មនេះ ជាពិសេស ខ្ញុំគិតថា ក្រោយពីការសម្លាប់យុវជនទាំង៣នាក់នេះ។ ច្បាស់ណាស់ ហេតុការណ៍នេះនឹងបង្វែរពីការផ្តួចផ្តើមរបស់រដ្ឋាភិបាល»។
រដ្ឋាភិបាលរបស់លោក Duterte បានទទួលការពេញចិត្ត៧៥ភាគរយពីសំណាក់ប្រជាពលរដ្ឋហ្វីលីពីននៅក្នុងរយៈពេល២ខែកន្លះដំបូងក្នុងឆ្នាំ២០១៧។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវ Social Weather Stations ដែលមានមូលដ្ឋាននៅរដ្ឋធានី ម៉ានីល។ លទ្ធផលនៃការស្ទង់មតិនោះបង្ហាញថា ប្រជាពលរដ្ឋ៦៦ភាគរយមានការពេញចិត្តនឹងយុទ្ធនាការប្រឆាំងនឹងថ្នាំញៀនរបស់លោក។
ទីភ្នាក់ងារស្ទង់មតិ Pulse Asia បានរកឃើញថា កាលពីខែមីនា ៧៩ភាគរយនៃប្រជាពលរដ្ឋគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម។
ប្រជាពលរដ្ឋហ្វីលីពីនធម្មតា ជារឿយៗនិយាយថា ពួកគេមានអារម្មណ៍ថា ប្លុកដែលពួកគេរស់នៅមានសុវត្ថិភាពជាងមុន ក្រោមការដឹកនាំរបស់លោក Duterte ជាងកាលពីពេលមុន។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (methamphetamine) ដែលគេហៅថា shabu គឺជាឫសគល់នៃអំពើឧក្រិដ្ឋកម្មនៅជុំវិញប្រជុំកោះ ដែលមានប្រជាជនចំនួន១០២លាននាក់នោះ។
អ្នកវិភាគព្រមានថា ការផ្តាស់ប្តូរណាមួយទៅលើយុទ្ធនាការប្រឆាំងថ្នាំញៀននេះ ដែលអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក ប៉ាន់ប្រមាណថា បាននាំឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការចំនួន៧០០០ករណី នឹងប្រព្រឹត្តទៅដោយចោះៗ ឬសន្សឹមៗ។
លោក Carl Baker នាយកកម្មវិធីនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវេទិកាប៉ាស៊ីហ្វិក CSIS នៅរដ្ឋធានី Honolulu រដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក មានប្រសាសន៍ថា «នៅមិនទាន់ច្បាស់នៅឡើយទេថា លោកប្រធានាធិបតី Duterte នឹងកែប្រែច្រើនទៅលើវិធីសាស្ត្ររបស់លោកនៅក្នុងសង្គ្រាមថ្នាំញៀនឬយ៉ាងណា។ ទោះជាយ៉ាងណា ក៏មានការចង្អុលបង្ហាញមួយចំនួនថា បណ្តាស្ថាប័ននៃរដ្ឋាភិបាលរបស់លោកមានអារម្មណ៍ថា ខ្លួនត្រូវទទួលស្គាល់ការព្រួយបារម្ភកាន់តែច្រើនឡើងទៅលើការរំលោភបំពានសិទ្ធិមនុស្ស។
ការកែប្រែណាមួយទៅលើការងារប្រឆាំងនឹងថ្នាំញៀនប្រហែលជាគ្រាន់តែមានន័យថា ប៉ូលិសត្រូវធ្វើសកម្មភាពឲ្យបានប្រុងប្រយ័ត្នជាងមុនចំពោះអនីតិជន ជាពិសេសនៅកន្លែងណាដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព។ នេះគឺជាការលើកឡើងរបស់លោក Herman Kraft អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Philippines Diliman។
លោក Kraft បាននិយាយបន្ថែមទៀតថា «ខ្ញុំគិតថា គោលបំណងរួមនិងយុទ្ធសាស្ត្រគឺនៅតែរក្សាដដែល។ នោះគឺជាអ្វីដែលលោកប្រធានាធិបតី Duterte បានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់លោកចំពោះសង្គ្រាមថ្នាំញៀននេះ។ គ្រាន់តែអាចមានការបន្ធូរបន្ថយខ្លះៗ ប្រសិនបើយុទ្ធសាស្ត្រនោះពាក់ព័ន្ធនឹងក្មេងៗ»៕
ប្រែសម្រួលដោយ ហុង ចិន្តា