លោកស្រីអនុប្រធានាធិបតី Leni Robredo បានលាលែងពីតំណែងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការលំនៅឋានកាលពីខែធ្នូ បន្ទាប់ពីលោក Duterte បានស្នើឲ្យលោកស្រីឈប់ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទៀត នេះបើយោងតាមរបាយការណ៍និងរូបថតនៃខ្លឹមសារអត្ថបទមួយក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោកស្រីបានវិភាគយ៉ាងដិតដល់លើយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនរបស់លោក Duterte ដែលតាមការប៉ាន់ស្មានរបស់លោកស្រី យុទ្ធនាការនោះបានសម្លាប់មនុស្សប្រមាណជាង ៥.០០០ នាក់។
កាលពីថ្ងៃទី ១២ ខែធ្នូ លោក Duterte បានប្រកាសក្នុងវេទិកាពាណិជ្ជកម្មមួយថា លោកធ្លាប់សម្លាប់មនុស្សនៅពេលលោកកាន់តំណែងជាអភិបាលក្រុងDavao ដែលជាទីក្រុងធំលំដាប់ទីពីរនៃប្រទេសហ្វីលីពីន។ លោកបានកាន់តំណែងនោះអស់រយៈពេល ២២ឆ្នាំ មុនពេលក្លាយជាប្រធានាធិបតី។
លោក Eduardo Araral សាស្ត្រាចារ្យរងនៅឯសាលាគោលនយោបាយសាធារណៈរបស់សាកលវិទ្យាល័យជាតិប្រទេសសិង្ហបុរីបាននិយាយថា លោកស្រី Robredo ប្រហែលជានឹងធ្វើដំណើរជុំវិញប្រជុំកោះក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពន្យល់បកស្រាយរឿងនេះបន្ថែម។ ប៉ុន្តែលោក Duterte នៅតែមានប្រជាប្រិយភាពលើ ការសម្រេចចិត្តចំពោះបញ្ហាបទល្មើសដ៏ក្តៅគគុកនេះ។
លោក Araral និយាយថា៖ «លោកស្រីបានធ្វើដំណើរជុំវិញប្រទេសលោកស្រីដើម្បីប្រមូលផ្តុំប្រជាជននៅក្នុងភូមិ ហើយវាអាចជាសំឡេងលើកទឹកចិត្តឲ្យលោកស្រីប្រមូលផ្តុំកម្លាំងប្រឆាំង។ លោកប្រធានាធិបតីនៅតែបង្កើតវេទិកាសម្លុតគំរាមកំហែង នៅពេលដែលនិយាយដល់ការកំណត់របៀបវារៈ ហើយលោកធ្វើរឿងនេះបានល្អ។»
ប្រជាជនហ្វីលីពីនបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងអនុប្រធានាធិបតីដោយឡែកពីគ្នា ក្នុងគោលបំណងត្រួតពិនិត្យ និងធ្វើឲ្យមានតុល្យភាព។ លោក Duterte បានឈ្នះតំណែងជាប្រធានាធិបតីកាលពីខែឧសភា ក្នុងគណបក្ស PDPLaban ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដើម្បីតស៊ូមតិជាតិនិយមនិងសហព័ន្ធនិយម។ អនុប្រធានាធិបតីមកពីគណបក្សសេរីនិយមដែលមានអាយុកាលជាង ៧០ ឆ្នាំមកហើយ បានកាន់តំណែងនេះក្នុងខែនោះដែរ ។
អ្នកនាំពាក្យរបស់លោកស្រីអនុប្រធានាធិបតី អ្នកស្រី Georgina Hernandez បាននិយាយថា លោកស្រី Robredo បានលាលែងពីតំណែងបន្ទាប់ពីបរាជ័យក្នុងការ «ទាក់ទង» ទៅលោក Duterte ទោះបីតាមរយៈជំនួយការពិសេសក៏ដោយ។
លោកស្រីអនុប្រធានាធិបតីក្នុងវ័យ៥២ឆ្នាំដែលជាមេធាវី និងក៏ជាសកម្មជនសង្គមរូបផង នឹងផ្ដោតជាថ្មីក្នុងការប្រើប្រាស់អំណាចរបស់លោកស្រីក្នុងចំណែកនៃតំណែងជាអនុប្រធានាធិបតីដើម្បីលើកកម្ពស់ការអប់រំ ការអភិវឌ្ឍជនបទ សិទ្ធិស្ត្រី និងការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។ អ្នកស្រី Hernandez បានបន្ថែមថា លោកស្រីនឹងក្លាយជា «សំឡេងបង្រួបបង្រួមនៃកម្លាំងប្រឆាំង»។
អ្នកស្រី Hernandez បាននិយាយថា៖ «លោកស្រីបានជំទាស់លើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការប្រឆាំងកាត់បន្ថយអាយុនៃការទទួលទោសឧក្រិដ្ឋ និងការអនុវត្តច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ។ «គ្រួសារក្រីក្រ» គឺជាជនរងគ្រោះនៃការសម្លាប់នេះ»។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ឥឡូវនេះ ក្រៅពីការបញ្ចេញមតិពីបញ្ហានេះ លោកស្រីក៏ជាអ្នកទំនាក់ទំនងជាមួយក្រុមគ្រួសារក្នុងតំបន់ (ដែលជនរងគ្រោះត្រូវបានគេសម្លាប់)ផងដែរ ដើម្បីយល់ពីតម្រូវការរបស់ពួកគេ ប៉ុន្តែគ្មានអ្វីដែលច្បាស់លាស់ ត្រូវបានសម្រេចឡើយនៅពេលនេះ លើកលែងតែការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងការពិនិត្យលើបញ្ហានេះ រហូតដល់បញ្ហាទាំងនេះត្រូវបានគេបញ្ឈប់»។
មនុស្សមួយចំនួនបានប៉ាន់ស្មានថាចំនួនមនុស្សស្លាប់បានខិតជិតទៅ ៦.០០០ នាក់ ក្នុងនោះមានទាំងជនសង្ស័យជួញដូរថ្នាំញៀនត្រូវបានគេបាញ់សម្លាប់ក្នុងហេតុផលបង្ក្រាបបទល្មើស។
លោក Duterte បាននិយាយថាលោកនឹងស្នើសុំឲ្យសភាហ្វីលីពីន ដាក់បញ្ជូលការកាត់ទោសប្រហារជីវិតឡើងវិញ ដែលទោសនេះត្រូវបានបោះបង់ចោលកាលឆ្នាំ ២០០៦។ ក្រុមសមាជិកសភាក៏បានស្នើឲ្យបន្ថយអាយុនៃការទទួលទោសព្រហ្មទណ្ឌពីអាយុ១៥ឆ្នាំ មកនៅត្រឹមអាយុ៩ឆ្នាំវិញ៕
បែ្រសម្រួលដោយ ឆាយ គីមហ៊ង