«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលត្រូវបានបង្កើតដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn ផងដែរ។
អ្នកជំនាញផ្សេងទៀតមានដូចជាអ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពនៃការបញ្ចេញមតិ និងអ្នកស្រី Gina Romero អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងសមាគម។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកជំនាញបញ្ជាក់ថា ក្រសួងព័ត៌មានបានដាក់សេចក្តីព្រាងធម្មនុញ្ញនេះជាសាធារណៈកាលពីថ្ងៃទី ២៤ ខែកក្កដា ហើយប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤។ ពួក អ្នកជំនាញបញ្ជាក់ថា «មិនមានការពិភាក្សាផ្តល់យោបល់ទូលំទូលាយឡើយ» ហើយអ្នកពាក់ព័ន្ធពីរបីនាក់ប៉ុណ្ណោះមានពេលវេលាតែ៩ថ្ងៃក្នុងការផ្តល់យោបល់។ អ្នកជំនាញបន្ថែមថា ៤ ថ្ងៃ ក្រោយការផ្តល់យោបល់ ធម្មនុញ្ញនោះត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែសីហា។
អ្នកជំនាញបានជំរុញឱ្យមានការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីកែប្រែធម្មនុញ្ញនេះ និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដំណើរការដែលមានតម្លាភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់យោបល់។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ពួកគេ[អ្នកជំនាញ]កត់សម្គាល់ថា ក្រមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈគួរត្រូវបានបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ ជាជាងតាមរយៈដំណើរការដែលគ្រប់គ្រងដោយក្រសួង[ព័ត៌មាន] ហើយរាល់យន្តការតាមដានឬក៏ត្រួតពិនិត្យដែលស្នើឡើងណាមួយ គួរតែជាយន្តការឯករាជ្យពីអាជ្ញាធរ។ មិនមានការធានាណាមួយដែលចែងក្នុងធម្មនុញ្ញនេះឡើយ»។
អ្នកជំនាញអំពាវនាវដល់កម្ពុជាដែលជាប្រទេសហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ «គួរតែធានាថា ការរឹតបន្តឹងណាមួយត្រូវគោរពតាមការចែងនោះ ជាពិសេសមាត្រា១៩ និងមាត្រា២០»។
អ្នកជំនាញអង្គការសហប្រជាជាតិក៏បានអំពាវនាវដល់កម្ពុជាក្នុងការការពារ និងលើកកម្ពស់សារព័ត៌មានចម្រុះ សេរី និងឯករាជ្យ ដែលជាសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ថ្លែងថា កន្លងទៅស្ថាប័នរបស់លោកក៏មើលឃើញចំណុចមួយចំនួនដែលត្រូវកែប្រែ ប៉ុន្តែលោកថា ស្ថាប័នមិនមានឱកាស ដោយសារការផ្តល់ពេលវេលាដើម្បីប្រមូលធាតុចូលមានតិចតួចបំផុត។
លោកប្រាប់វីអូអេថា៖ «ចំណុចដែលយើងចង់លើកឡើង ចំណុចដែលយើងចង់ស្នើឡើង គឺថា មិនទាន់ត្រូវបានយកទៅជជែក ហើយពិភាក្សាឱ្យបានផុសផុលនិងប្រកបដោយផ្លែផ្កា»។
បើតាមលោក ណុប វី ក្រមសីលធម៌ ឬធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបែបនេះ គួរតែត្រូវបានរៀបចំឡើងដោយអ្នកសារព័ត៌មាន ជាជាងក្រសួងព័ត៌មាន ដោយលោកមើលឃើញថា ការរៀបចំឡើងដោយអ្នកសារព័ត៌មានអាចធានាថាមិនមានការរឹតត្បិត។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា ការអំពាវនាវឲ្យព្យួរធម្មនុញ្ញនេះ «មិនផ្តល់តម្លៃដល់ឆន្ទៈនិងការឯកភាពរួម» របស់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យសោតទស្សន៍ក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា អ្នកសារព័ត៌មានទាំងអាជីពនិងមិនអាជីពក្នុងប្រទេសកម្ពុជាក៏បានស្នើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះយកទៅមើលផងដែរ។
លោកប្រាប់វីអូអេថា៖ «ដូច្នេះអាកប្បកិរិយារបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិពេលនេះជាបរាជ័យដ៏ធំមួយ ហើយពុំបានផ្តល់តម្លៃដល់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដំណើរការរៀបចំនីតិវិធីក្នុងការតាក់តែង ការពិគ្រោះយោបល់ និងការប្រមូលធាតុចូលពីគ្រប់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់សម្រាប់រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចាប់ផ្តើមតាំងពីដំណាក់កាលដំបូងរហូតដល់ពេលបញ្ចប់ រហូតទទួលបានលទ្ធផលជាផ្លូវការនេះ»។
មាត្រា១១ នៃធម្មនុញ្ញបានចែងថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវផ្ដល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិជាទូទៅ និងចៀសវាងការចុះផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ និងសិទ្ធិអ្នកដទៃ។
មាត្រា១៣ ចែងថា បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាព ដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាងការបំផុស ញុះញង់ ឬគាំទ្រព័ត៌មាន ដែលញុះញង់ឱ្យមានការរើសអើង និងការស្អប់ខ្ពើមលើជាតិសាសន៍ ពណ៌សម្បុរ ឋានៈក្នុងសង្គមឬនិន្នាការនយោបាយជាដើមនិង ចៀសវាងញុះញង់ឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ឬអំពើដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ និងសិទ្ធិអ្នកដទៃហើយក៏ត្រូវចៀសវាងការផ្សព្វផ្សាយប៉ះពាល់ដល់អធិបតេយ្យជាតិ បូរណភាពដែនដី ឬទំនាក់ទំនងជាមួយប្រទេសដទៃ។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏ចែងអំពីការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានដែលមានលក្ខណៈខុសពីការណ៍ពិតដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យសារព័ត៌មាន។
កាលពីដើមខែសីហា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងការពារថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»មិនមានការចាប់បង្ខំឱ្យអនុវត្តដូចច្បាប់ឡើយ ហើយលោកថា នេះគ្រាន់តែជាឯកសារតម្រង់ទិសដល់អ្នកសារព័ត៌មានតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោម ១៨០ ប្រទេស ដែលមានន័យថា សេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន ដែលចេញផ្សាយកាលពីខែឧសភា ដោយអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោក៕
វេទិកាបញ្ចេញមតិ