ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ការពារ​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»​ថា​មិន​មាន​ការ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត​ឡើយ


រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅទីស្តីការរបស់ក្រសួង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅទីស្តីការរបស់ក្រសួង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ (ហាន ណូយ/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​លោក ​នេត្រ ភក្ត្រា ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្លែង​ការពារ​ថា​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»​ ដែល​ក្រសួង​ទើប​បាន​បង្កើត ​មិន​មាន​ការ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត​ដូច​ច្បាប់​ឡើយ ​ហើយ​លោក​ថា ​នេះ​គ្រាន់​តែ​ជា​ឯកសារ​តម្រង់​ទិស​ដល់​អ្នក​សារ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​ប្រើប្រាស់​«ធម្មនុញ្ញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​កម្ពុជា»​ ជា​ផ្លូវការ ​កាល​ពី​ថ្ងៃទី​៦ ​ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌មាន ​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា៖​ «វា​មិន​មែន​ជា​លក្ខណៈ​ចាប់​បង្ខំ​ដូច​ច្បាប់​ទេ​ ហើយ​នៅ​ក្នុង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​ ក៏​អត់​មាន​ចែង​អំពី​ទោស​បញ្ញត្តិ​ទេ​ តែ​ជា​ការ​ទទួល​ខុស​ត្រូវ​សង្គម​ ជា​ការ​ទទួល​ខុស​ត្រូវ​វិជ្ជា​ជីវៈ។​ ហើយ​បើ​សិន​ជា​ប្រព្រឹត្ត​ខុស​នោះ​គឺ​យើង​នៅ​មាន​ច្បាប់​មួយ​ទៀត ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ ដើម្បី​អនុវត្ត។​ នេះ​គឺ​ដើម្បី​ធានា​នូវ​ក្នុង​ក្រប​ខណ្ឌ​នៃ​សេរីភាព​សារ​ព័ត៌មាន»។​

លោក​ នេត្រ ភក្ត្រា ​បន្ថែម​ថា​ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​មិន​អាច​ការពារ​អ្នក​សារ​ព័ត៌មាន​ពី​បទ​ល្មើស​ដែល​ខ្លួន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ​ ប៉ុន្តែ​លោក​ថា​ វា​ជា​«អាវក្រោះ​ការពារ»​ អ្នក​សារ​ព័ត៌មាន​ក្នុង​តួនាទី​ជា​អ្នក​បញ្ចេញ​ព័ត៌មាន ​ដើម្បី​ធានា​នូវ​សេរីភាព​សារ​ព័ត៌មាន ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។​

បើ​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ដែល​មាន​ចំនួន​៤​ជំពូក​និង​២៧​មាត្រា​ ធម្មនុញ្ញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​នេះ ​មាន​គោល​បំណង​បន្ត​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ប្រកប​ដោយ​ទំនុក​ចិត្ត ​ប្រសិទ្ធ​ភាព​ គុណភាព​ និង​ការ​ទទួល​ខុស​ត្រូវ​វិជ្ជា​ជីវៈ​សម្រាប់​ការ​លើក​កម្ពស់​សេរី​ភាព​ខាង​សារ​ព័ត៌មាន​ និង​ការពារ​សុវត្ថិ​ភាព​អ្នក​សារ​ព័ត៌មាន។​

លោក​ ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេមបូចា ​ប្រាប់​វីអូអេ​ថា​ ចំណុច​មួយ​ចំនួន​ត្រូវ​បាន​កែប្រែ​និង​លុប​ចោល​ក្រោយ​ក្រសួង​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ពាក់ព័ន្ធ។ ​ទោះជា​យ៉ាង​ណា​ លោក​ស្នើ​ឱ្យ​ក្រសួង​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ ដើម្បី​វាយ​តម្លៃ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​ ដែល​មិន​រង​ឥទ្ធិពល​ពី​ក្រសួង​ឡើយ។​

លោក​ថ្លែង​ថា៖​ «ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ យើង​នៅ​តែ​បន្ត​ជំរុញ ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រសួង​ពិនិត្យ​និង​ផ្តល់​លទ្ធភាព​ ដើម្បី​ឱ្យ​មាន​ការ​រៀបចំ​គណៈ​កម្មការ​នេះ​ប្រកប​ដោយ​ឯករាជ្យ​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ធានា​អំពី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ហ្នឹង​ឱ្យ​បាន​ល្អ»។​

បើ​តាម​លោក​ ណុប វី​ ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ធម្មនុញ្ញ​នេះ​ហាក់​ដូច​ជា​លឿន​ ខណៈ​ធាតុ​ផ្សំ​នានា​ពី​អ្នក​ពាក់ព័ន្ធ​នៅ​មិន​ទាន់​ត្រូវ​បាន​ពិភាក្សា​នៅ​ឡើយ។​

អ្នក​ជំនាញ​ដែល​ធ្វើ​ការ​លើ​វិស័យ​ព័ត៌មាន​ធ្លាប់​បាន​លើក​ឡើង​ថា​ ធម្មនុញ្ញ​នេះ​មាន​ការ​កំណត់​ខ្លឹម​សារ​ទូលាយ​មួយ​ចំនួន។ ​អ្នក​ជំនាញ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ​ធម្មនុញ្ញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​កាន់​តែ​តាន​តឹង​ជាង​មុន ​ក្នុង​ករណី​ក្រសួង​ជា​អ្នក​តាក់​តែង​និង​រៀបចំ។ ​អ្នក​ជំនាញ​លើក​ឡើង​ថា​ ក្រម​សីលធម៌​សារ​ព័ត៌មាន​គួរ​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​សារ​ព័ត៌មាន​ឬ​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ឯករាជ្យ​ ​មិន​មែន​ធ្វើ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ឡើយ។​

មាត្រា​១១​នៃ​ធម្មនុញ្ញ​បាន​ចែង​ថា​ អ្នក​អនុវត្ត​សកម្ម​ភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ ត្រូវ​ផ្ដល់​អាទិភាព​ដល់​ព័ត៌មាន​ដែល​ផ្តល់​សារៈ​ប្រយោជន៍​ដល់​សង្គម​ជាតិ​ជា​ទូទៅ ​និង​ចៀស​វាង​ការ​ចុះ​ផ្សាយ ​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិភាព ​សន្តិសុខ​ជាតិ​សណ្តាប់​ធ្នាប់​សាធារណៈ ​សុខដុមនីយ​កម្ម​សាសនា ​ប្រពៃណី​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ជាតិ ​និង​សិទ្ធិ​អ្នក​ដទៃ។​

មាត្រា​១៣​ចែង​ថា​ បុគ្គល ​ឬ​អ្នក​គ្រប់គ្រង​អង្គភាព ​ដែល​អនុវត្ត​សកម្ម​ភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ត្រូវ​ចៀស​វាង​ការ​បំផុស ​ញុះញង់​ ឬ​គាំទ្រ​ព័ត៌មាន​ ដែល​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង ​និង​ការ​ស្អប់​ខ្ពើម​លើ​ជាតិ​សាសន៍ ​ពណ៌​សម្បុរ​ ឋានៈ​ក្នុង​សង្គម​ឬ​និន្នាការ​នយោបាយ​ជា​ដើម​និង​ ចៀស​វាង​ញុះ​ញង់​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ​ឬ​អំពើ​ដែល​ប៉ះពាល់​ដល់​សន្តិភាព​ សន្តិសុខ​ជាតិ ​សណ្តាប់​ធ្នាប់​សាធារណៈ ​សុខដុមនីយ​កម្ម​សាសនា ​ប្រពៃណី​ទំនៀម​ទម្លាប់​ល្អ​សង្គម​ជាតិ​ និង​សិទ្ធិ​អ្នក​ដទៃ​ហើយ​ក៏​ត្រូវ​ ចៀស​វាង​ការ​ផ្សព្វ​ផ្សាយ​ប៉ះ​ពាល់​ដល់​អធិប​តេយ្យ​ជាតិ ​បូរណ​ភាព​ដែនដី ​ឬ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ។​

អ្នក​ស្រី ​ហង្ស សម្ផស្ស ​ប្រធាន​ក្រុម​អ្នក​សារ​ព័ត៌មាន​ស្រ្តី​កម្ពុជា​ ថ្លែង​ថា ​ការ​សម្រេច​ឱ្យ​ប្រើ​ប្រាស់​ធម្មនុញ្ញ​នេះ​ ដូច​ជា​លឿន​ពេក​ ដែល​អ្នក​ស្រី​ថា​ គួរ​ទុក​ពេល​វេលា​គ្រប់គ្រាន់​ឱ្យ​អ្នក​ពាក់​ព័ន្ធ​បង្ហាញ​នូវ​ក្តី​បារម្ភ​របស់​ពួក​គេ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «ជាក់​ស្តែង​មតិ​របស់​ខាង​អង្គការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ សមាគម​អ្នក​សារព័ត៌​មាន​មួយ​ចំនួន​គាត់​បាន​ចូលរួម​ដែរ​ហ្នឹង​តែ​ អត់​ទាន់​បាន​ឃើញ​យក​ទៅ​ជជែក​អី​ផង ​ស្រាប់​តែ​ខាង​ក្រសួង​គាត់​ចេញ​ប្រកាស​ឱ្យ​ប្រើ​ហើយ។ ​ អ៊ីចឹង​វា​លឿន​ខ្លាំង​ពេក​ ហើយ​ពេល​វេលា​ប្រថុច​ញ៉ុច​ ហើយ​ចំណុច​មួយ​ចំនួន​អត់​បាន​ដក​ចេញ​ទៀត​ នៅ​ដដែល។ ​ហើយ​បង​គិត​ថា ​អ្វី​ដែល​ប្រកាស​នេះ​ចេញ​មក​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​អនុវត្ត​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ហ្នឹង​វា​ពិបាក»។​

បើ​តាម​អ្នកស្រី​ បញ្ហា​កើត​ឡើង​កន្លង​មក​មិន​មែន​មក​ពី​អ្នក​មាន​វិជ្ជាជីវៈ​នោះ​ទេ​ ប៉ុន្តែ​មក​ពី​អ្នក​គ្មាន​វិជ្ជាជីវៈ​ដែល​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល។ ​អ្នកស្រី​បញ្ជាក់​ថា ​ធម្មនុញ្ញ​នេះ​ដាក់​បន្ទុក​មក​ដល់​អ្នក​មាន​វិជ្ជាជីវៈ​ផង​ដែរ។​

ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ក៏​ចែង​អំពី​ការ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ​ត្រឹម​ត្រូវ​ គ្រប់​ជ្រុង​ជ្រោយ ​ប្រកប​ដោយ​តុល្យ​ភាព ​និង​មាន​ប្រភព​ច្បាស់លាស់ ​ព្រមទាំង​ចូល​រួម​បង្ការ ​ទប់​ស្កាត់ ​និង​ប្រឆាំង​ដំណឹង​ក្លែងក្លាយ​ ព័ត៌មាន​ក្លែង​បន្លំ ​ព័ត៌មាន​បំភ្លៃ ​និង​ព័ត៌មាន​ភាន់​ច្រឡំ ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ខុស​ពី​ការណ៍​ពិត​ដើម្បី​ធានា​ភាព​ជឿជាក់ ​និង​ទុក​ចិត្ត​ក្នុង​សង្គម​ជាតិ​ទាំងមូល​ សំដៅ​លើក​កម្ពស់​វិស័យ​សារ​ព័ត៌មាន។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន ​កាល​ពី​ថ្ងៃ​អង្គារ​ អតីត​ចាង​ហ្វាង​សារ​ព័ត៌មាន​អនឡាញ​មួយ​ឈ្មោះ​«ជីវិត​និង​កីឡា» ​បាន​ចោទ​សំណួរ​ទៅ​រដ្ឋមន្រ្តី​អំពី​ការ​ដែល​ក្រសួង​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​របស់​លោក ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២៤។​ នៅ​ពេល​នោះ ​រដ្ឋមន្ត្រី​បាន​ឱ្យ​អតីត​ចាងហ្វាង​រូប​នោះ​ឈប់​និយាយ។ ​ប៉ុន្តែ​លោក​នៅ​តែ​បន្ត​និយាយ ​ទើប​រដ្ឋមន្ត្រី​ព្រមាន​បណ្តេញ​លោក​ចេញ​ពី​សន្និសីទ​សារ​ព័ត៌មាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG