ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងប្រឆាំងនឹងការប្រើប្រាស់ច្បាប់កាន់តែខ្លាំងឡើង ក្នុងការហាមប្រាមការរិះគន់រាជវង្សរបស់ប្រទេសថៃ ដោយគូសបញ្ជាក់ពីការកាត់ទោសដាក់ពន្ធនាគារចំនួន៤៣ឆ្នាំ ទៅលើស្ត្រីវ័យចំណាស់ម្នាក់ ដែលត្រូវបានកាត់ទោសក្រោមច្បាប់ប្រមាថរាជវង្សនោះ។
ការថ្កោលទោសនោះកើតមានឡើង បន្ទាប់ពីប៉ូលិសថៃបានរៀបចំពាក្យបណ្ដឹងប្រឆាំងនឹងមេដឹកនាំក្រុមយុវជន ដែលបានដឹកនាំការតវ៉ាប្រឆាំងនៅក្នុងប្រទេសថៃ និងបានរិះគន់ព្រះមហាក្សត្រថៃដោយបើកចំហ។ ពួកគេប្រឈមនឹងការកាត់ទោសក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងមួយរបស់ប្រទេសថៃ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ។
ចាប់តាំងពីខែវិច្ឆិកាមក មានសកម្មជនយុវជនយ៉ាងហោចណាស់ចំនួន៤០នាក់ ត្រូវបានអាជ្ញាធរចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រថៃ។ នេះបើតាមរបាយការណ៍ដែលចងក្រងដោយក្រុមមេធាវីសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ។ សំណុំរឿងក្តីទាំងនេះកំពុងស្ថិតក្នុងដំណើរក្តីនៅឡើយ។
«យើងមានក្តីកង្វល់ជាខ្លាំងទៅលើការផ្សព្វផ្សាយ ដែលមានការកើនឡើងនូវការកាត់ទោសក្រោមច្បាប់ប្រមាថព្រះមហាក្សត្រថៃ ចាប់តាំងពីចុងឆ្នាំ២០២០មក ដោយក្នុងនោះមានការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេលវែងផងដែរ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យដោយក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមួយក្រុម ដែលមានសមាជិក៧នាក់ និងក្រុមសមាជិកគណៈកម្មាធិការចម្រុះស្តីពីការចាប់ខ្លួនដោយអំពើចិត្តនោះ។
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីខែធ្នូកន្លងទៅ បានអំពាវនាវឲ្យប្រទេសថៃធ្វើការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះឡើងវិញ។
សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញនេះ បានគូសបញ្ជាក់ពីករណីអ្នកស្រី Anchan Preelert អាយុ៦៥ឆ្នាំ ដែលត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤៣ឆ្នាំ កាលពីខែមករាកន្លងទៅ ក្នុងអ្វីដែលក្រុមមេធាវីនិយាយថា ជាការដាក់ទោសដ៏អាក្រក់បំផុតមួយ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រនោះ។
រដ្ឋាភិបាលដែលគាំទ្រដោយរបបយោធាថៃ បានផ្អាកការប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រថៃ មួយរយៈពេលខ្លី កាលពីឆ្នាំ២០១៨ ប៉ុន្តែក្រុមប៉ូលិសបានអនុវត្តច្បាប់នោះឡើងវិញ នៅចុងឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីក្រុមយុវជនអ្នកតវ៉ាបានចាប់ផ្តើមការរិះគន់ដោយបើកចំហទៅលើស្ថាប័នព្រះមហាក្សត្រថៃនោះ៕