ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អ.ស.ប. ជំរុញ​វិធានការ​ការទូត​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោកស្រី Christine Schraner Burgener ជា​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ លោកស្រី Christine Schraner Burgener ជា​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។

ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​មួយ​ដើម្បី​បង្កើន​កិច្ច​ប្រឹងប្រែង​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​នេះ​ ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ​ការ​បង្ក្រាប​របស់​របប​យោធា​លើ​ក្រុម​ប្រឆាំង​ បាន​កើន​ដល់​ជាង​៦០០​នាក់​ កាលពី​ថ្ងៃ​សុក្រ។ នេះ​ តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការជំរុញ​របស់​លោកស្រី Christine Schraner Burgener កើត​ឡើង​ចំពេល​មាន​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ​ចំពោះ​ព្រឹត្តិ​ការណ៍​នានា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​មាន​ការតវ៉ា​ជារៀង​រាល់ថ្ងៃ​ចាប់​តាំងពី​យោធា​ បាន​បណ្តេញ​មេ​ដឹកនាំ​ស៊ីវិល​ គឺ​លោកស្រី​អោង សានស៊ូជី​ ចេញពី​តំណែង​ និង​បាន​កាន់​អំណាច​ចាប់​តាំង​ពីថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​មក។

លោកស្រី Burgener នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ចនៅក្នុង​ប្រទេស​ថៃ ​ហើយនឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ផង​ដែរ ទោះបី​ជា​យ៉ាងណា ​ព័ត៌មាន​លំអិត​ និង​ពេល​វេលា​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ មិនទាន់​ត្រូវបាន​បញ្ជាក់​ច្បាស់នៅ​ឡើយ​ទេ។ ​យ៉ាងហោច​ណាស់​មាន​ជន​ស៊ីវិល​៦១៤​នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បង្ក្រាប​របស់​យោធាទៅ​លើការ​តវ៉ា​ និង​ជិត​៣.០០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន។​ នេះបើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ ​ដែល​ជាក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ស្រុក។​

​ក្រុមអ្នក​ជួយ​សង្គ្រោះ​រាយ​ការណ៍​ថា​ មាន​ការ​បង្ហូរឈាម​ជាច្រើន​ទៀត​នៅ​ព្រឹក​ថ្ងៃសុក្រ​ ដោយ​មាន​មនុស្ស​យ៉ាង​តិច​ ៤​នាក់​ បាន​ស្លាប់ ​នៅពេល​ដែល​កម្លាំង​សន្តិសុខ​បាន​បំបែក​របាំង​តវ៉ា​នៅ​ទីក្រុង​ Bago ​ចម្ងាយ​៦៥​ គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​រ៉ង់ហ្គូន។​

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ យោធា​កំពុង​បង្កើន​ការ​ប្រើប្រាស់​អាវុធ​ធុនធ្ងន់​ រួមមាន​គ្រាប់​ផ្លោង ​គ្រាប់​បែកដៃ ​និង​កាំភ្លើង​យន្ត​ធុនធ្ងន់​និង​អ្នក​ឆ្លុះ​បាញ់។​ ការ​ឆ្លើយតប​ដ៏ឃោរ​ឃៅនេះ​ បាន​ធ្វើឱ្យ​មាន​ការ​រិះគន់​ពីអន្តរជាតិ​យ៉ាងខ្លាំង​ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​ទណ្ឌកម្ម​មួយ​ឈុត​ទៀត​ លើកនេះ​ គឺ​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ត្បូង​រដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ខណៈ​ស.រ.អា.​ ព្យាយាម​ដកហូត​ប្រភព​ចំណូល​របស់​យោធា​មីយ៉ាន់ម៉ា។

លោកស្រី​ Burgener ប្រេសិត​អ.ស. ប.​ចង់ជួប​ប្រជុំ​ដោយផ្ទាល់​ជាមួយ​ឧត្តម​សេនីយ​ មីយ៉ាន់ម៉ា​ ប៉ុន្តែ​លោកស្រី​ មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទេ៕​

XS
SM
MD
LG