ទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី — អ្នកវិភាគ និងអ្នកជំនាញនិយាយថា ចំណាត់ការរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការបង្កកមូលនិធិដែលត្រូវផ្តល់ទៅមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារអាចធ្វើឱ្យសហគមន៍ងាយរងគ្រោះជាច្រើន កាន់តែជួបការលំបាកជាងមុន ទោះបីជាអ្នកផ្តល់ប្រាក់កម្ចីស្វែងរកវិធីដើម្បីបន្តដំណើរការគម្រោងមួយចំនួន ដោយមិនមានការចូលរួមពីរដ្ឋាភិបាលក្តី។
ធនាគារពិភពលោកបានឲ្យដឹងកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា ខ្លួនកំពុងបង្កកប្រាក់ដែលត្រូវផ្តល់ទៅប្រទេសមីយ៉ាន់ម៉ា «ខណៈកំពុងតាមដាននិងវាយតម្លៃលើស្ថានភាពយ៉ាងដិតដល់»។ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏មានចំណាត់ការដូចគ្នានេះដែរ ដោយកាលពីថ្ងៃទី ១០ ខែមីនា បានផ្អាកកិច្ចសន្យា និងមូលនិធិថ្មីទៅឱ្យគម្រោងវិស័យសាធារណៈ ដែលកំពុងមានដំណើរការស្រាប់។
ស្ថាប័នទាំងពីរនេះបានរួមគ្នាផ្អាកទឹកប្រាក់ជំនួយរាប់រយលានដុល្លារ ដែលត្រូវផ្ទេរទៅមីយ៉ាន់ម៉ាដើម្បីចៀសវាងការធ្វើការជាមួយនឹងរដ្ឋាភិបាលយោធាថ្មី ដែលបានបាញ់សម្លាប់មនុស្សជាង ៤០០ នាក់ នៅក្នុងការបង្ក្រាបការតវ៉ាចាប់តាំងពីដណ្តើមអំណាចនៅថ្ងៃទី ១ ខែកុម្ភៈមក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនិងសកម្មជនក្នុងស្រុក។
តម្លៃនៃការខាតបង់
លោក Bryan Tse អ្នកវិភាគប្រចាំនៃក្រុមហ៊ុន Economist Intelligence Unit និងជាអតីតអ្នកប្រឹក្សាយោបល់ជំនាញគម្រោងអភិវឌ្ឍន៍អន្តរជាតិ បាននិយាយថា ការបាត់បង់មានជាមធ្យមពី ៥០០ លាន ទៅ ៦០០ លានដុល្លារ ដែលធនាគារទាំងពីរត្រូវផ្តល់ទៅឱ្យមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំតែមួយមុខនោះ នឹងមិនប៉ះពាល់ដល់ទំហំសេដ្ឋកិច្ច ៧៦ ពាន់លានដុល្លាររបស់ប្រទេសនេះនោះទេ។
លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី មូលនិធិដែលផ្តល់ដល់ការងារភាគច្រើននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ រាប់ចាប់ពីកម្មវិធីព្យាបាលជំងឺគ្រុនចាញ់នៅភាគខាងត្បូង ប៉ះពាល់ដល់កម្មវិធីកាត់បន្ថយគ្រឿងញៀននៅភាគខាងជើង និងគម្រោងកសិដ្ឋានភូមិនៅទូទាំងប្រទេស។
លោក Tse បាននិយាយក្នុងន័យដើមថា៖ «ប្រសិនបើគម្រោងទាំងនេះត្រូវបានផ្អាកក្នុងរយៈពេលយូរ នោះនឹងមានផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាជន ហើយវាមិនមែនជាផលប៉ះពាល់ដែលមើលឃើញជាតួលេខ ក្នុងផលិតផលសរុបក្នុងស្រុកនោះទេ។
លោកបានបន្តថា៖ «ប្រសិនបើអ្នកជាផ្នែកនៃសហគមន៍នោះ អ្នកនឹងរងផលប៉ះពាល់ដោយផ្ទាល់។ ដូច្នេះ នៅទីបញ្ចប់ មិនមែនសេដ្ឋកិច្ចជារួមទេ ប៉ុន្តែប្រជាជន ជាពិសេសប្រជាជនដែលងាយរងគ្រោះគឺជាអ្នករងគ្រោះខ្លាំងបំផុត»។
លោក Tse បានបន្ថែមថា ជាទូទៅគម្រោងរបស់ពួកគេជាប្រភេទគម្រោងដែលនាំមុខដោយវិស័យឯកជន ព្រោះរដ្ឋមិនចាប់អារម្មណ៍នឹងគម្រោងទាំងនេះទេ។
លោកបាននិយាយក្នុងន័យដើមថា៖ «ប្រជាជនទាំងនោះមិនមែនជាអ្នកបង្កើតចំណូលច្រើនសម្រាប់អាជីវកម្មឯកជនទេ ឬមិនមានតម្លៃសម្រាប់រដ្ឋាភិបាលគិតគូរឮទេ ដូច្នេះហើយបានជាអង្គការអភិវឌ្ឍន៍នានាជួយដល់វិស័យទាំងនេះ»។
ប្រាក់ជំនួយនិងប្រាក់កម្ចីរបស់ធនាគារទាំងពីរបានពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយរាប់ចាប់ពីគម្រោងធ្វើផ្លូវធំៗ រហូតដល់បណ្តាញអគ្គិសនី។
ធនាគារទាំងពីរមិនបានបញ្ជាក់ឱ្យច្បាស់ថាតើទឹកប្រាក់ចំនួនប៉ុន្មានត្រូវបានបង្កកនោះទេ។
ធនាគារពិភពលោកមិនធ្វើការបកស្រាយអ្វីនោះទេ និងបានស្នើឱ្យ VOA ទៅមើលសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែកុម្ភៈរបស់ខ្លួន ដែលមិនបានផ្តល់តួលេខ និងព័ត៌មានលម្អិតអ្វីផ្សេងនោះទេ។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏មិនបានផ្តល់តួលេខឱ្យ VOA ដែរ។
យោងតាមគេហទំព័ររបស់ខ្លួន ធនាគារពិភពលោកមានគម្រោងដែលកំពុងដំណើរការចំនួន ២៤ នៅមីយ៉ាន់ម៉ា ដែលមានទឹកប្រាក់សរុបស្មើនឹង ២,៧៣ ពាន់លានដុល្លារ និងគម្រោងចំនួន ១៣ ផ្សេងទៀត កំពុងស្ថិតក្នុងការរៀបផែនការ ដែលមានទឹកប្រាក់ចំនួន ១,៦៨ ពាន់លានដុល្លារ។
ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ខ្លួនប្តេជ្ញាផ្តល់ទឹកប្រាក់ចំនួន ៣,៥៧ ពាន់លានដុល្លារ ទៅឱ្យមីយ៉ាន់ម៉ាសម្រាប់រយៈពេលជាច្រើនឆ្នាំរហូតចុងឆ្នាំ ២០១៩ ដោយមានគម្រោងកំពុងដំណើរការ ឬដែលត្រូវបានអនុម័តចំនួន ៩៩ គិតត្រឹមខែកុម្ភៈ និងមានគម្រោងចំនួន ១០ ផ្សេងទៀត កំពុងស្ថិតក្នុងការរៀបផែនការ។
ការផ្តល់មូលនិធិតាមជម្រើសផ្សេង
អ្នកស្រី Moe Thuzar អ្នកវិភាគមីយ៉ាន់ម៉ានៅវិទ្យាស្ថានសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ធនាគារនឹងព្យាយាមរក្សាគម្រោងទាំងនេះឱ្យដំណើរការ តាមរយៈវិធីនានាដែលពួកគេអាចជៀសពីរដ្ឋាភិបាលដែលដឹកនាំដោយយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ធនាគារពិភពលោកបានឱ្យដឹងថា ខ្លួនកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីតាមដានគម្រោងដែលកំពុងដំណើការដើម្បីធានាឱ្យបានថា គម្រោងទាំងនោះគោរពតាមគោលការណ៍របស់ធនាគារ ខណៈសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបើកលទ្ធភាពក្នុងការបន្តកម្មវិធីវិស័យឯកជន។
អ្នកស្រី Moe Thuzar បាននិយាយក្នុងន័យដើមថា៖ «ពួកគេមិនផ្អាកគម្រោងដែលប៉ះពាល់ដល់អាយុជីវិតរបស់សហគមន៍ប្រជាជនមូលដ្ឋាន និងប្រជាជននៅទូទាំងប្រទេសនោះទេ នៅក្នុងគ្រាដ៏លំបាកនេះ ហើយកន្លែងដែលអាចផ្តល់ជំនួយដោយផ្ទាល់អាចធ្វើបានដោយមិនចាំបាច់ [ធ្វើការជាមួយ] ស្ថាប័នដែលតំណាងឱ្យរដ្ឋាភិបាលដូចសព្វថ្ងៃនេះ»។
អ្នកស្រីបានបន្ថែមថា៖ «វាជាគោលការណ៍ «មិនបង្កឱ្យមានគ្រោះថ្នាក់» ដែលមានន័យថា មិនត្រូវអនុញ្ញាតឱ្យសកម្មភាពណាមួយរបស់ធនាគាររបស់ស្ថាប័នហិរញ្ញវត្ថុទាំងនេះ [មាន] ផលអវិជ្ជមាន ឬមិនល្អដល់ប្រជាជនឡើយ»។
លោក Jared Bissinger អ្នកសេដ្ឋកិច្ចផ្នែកអភិវឌ្ឍន៍ដែលបានផ្តល់ប្រឹក្សាឱ្យធនាគារពិភពលោក អង្គការសហប្រជាជាតិ និងអង្គការផ្សេងៗទៀតនៅមីយ៉ាន់ម៉ា បាននិយាយថា ទោះជាយ៉ាងនេះក្តី ខណៈប្រាក់ជំនួយ និងប្រាក់កម្ចីរបស់ធនាគារភាគច្រើនធ្លាក់ទៅស្ថាប័នរដ្ឋាភិបាល ឬយ៉ាងហោចណាស់ឆ្លងកាត់ស្ថាប័នរដ្ឋាភិបាលនោះ គម្រោងភាគច្រើនរបស់ពួកគេច្បាស់ជាត្រូវផ្អាក។
គម្រោងថែទាំសុខាភិបាលអាចនឹងសក្តិសមសម្រាប់ភាពជាដៃគូជាមួយនឹងគ្លីនិកឯកជន និងអង្គការសប្បុរសធម៌ឯករាជ្យដែលអាចជួយរក្សាគម្រោងនេះបន្តទៅមុខ ប៉ុន្តែគម្រោងផ្សេងទៀតមិនអាចនោះទេ។
លោក Bissinger បាននិយាយក្នុងន័យដើមថា: «សម្រាប់អ្វីដែលពួកគេធ្វើភាគច្រើន ច្បាស់ណាស់នឹងមានការលំបាកខ្លាំង បើអាចធ្វើទៅបាន។ អ្នកមិនអាចធ្វើការលើបណ្តាញអគ្គិសនីជាតិដោយមិនមានរដ្ឋាភិបាលនោះទេ។ វាមិនអាចទៅរួចនោះទេ»។
អ្នកស្រី Moe Thuzar បាននិយាយថា ការធ្វើកូដកម្មនៅធនាគារក្នុងស្រុក ដែលជាផ្នែកមួយនៃចលនាបះបោរស៊ីវិលទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលយោធា នឹងធ្វើឱ្យកាន់តែលំបាកក្នុងការផ្ទេរប្រាក់ទៅអ្នកណាម្នាក់នៅមីយ៉ាន់ម៉ា ឬទៅរដ្ឋាភិបាល ឬអ្នកផ្សេង។
អ្នកស្រីបាននិយាយថា អង្គការសប្បុរសធម៌ក្នុងស្រុកក៏ស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងពីអាជ្ញាធរចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបរទេសផងដែរ។ ការណ៍នេះធ្វើឱ្យសកម្មភាពណាមួយដែលមានសញ្ញាប្រឆាំងនឹងរបបយោធាថ្មី ទោះជាតិចតួចក៏ដោយ ក៏ប្រឈមនឹងហានិភ័យដែរ។
នៅដើមខែមីនា រដ្ឋាភិបាលយោធាបានចាប់ខ្លួនបុគ្គលិកក្នុងស្រុកម្នាក់របស់មូលនិធិសង្គមបើកទូលាយ Open Society Foundation ដែលជាអង្គការលើកកម្ពស់សុខមាលភាពនិងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋបានអះអាងថា អង្គការនេះបំពានបទប្បញ្ញត្តិស្តីពីការផ្ទេរមូលនិធិ ដែលជាការចោទប្រកាន់មួយដែលអង្គការនេះបានបដិសេធ។
ការពិបាកសម្រេចចិត្តរបស់ម្ចាស់ជំនួយ
រដ្ឋប្រហារក៏ធ្វើឱ្យមានហានិភ័យប៉ះពាល់ដល់គម្រោងរបស់ម្ចាស់ជំនួយនានា ក្នុងការជួយមីយ៉ាន់ម៉ាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ដែលបានរាលដាលនៅក្នុងប្រទេសខ្លាំងជាងប្រទេសជាច្រើនផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ។
ទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាផ្តល់ទឹកប្រាក់រាប់សិបលានដុល្លារក្នុងកិច្ចប្រឹងប្រែងនេះនៅមុនរដ្ឋប្រហារ។
លោក Bissinger បាននិយាយក្នុងន័យដើមថា៖ «វាជាស្ថានភាពពិបាកដោះស្រាយ។ ធនាគារពិភពលោកមិនអាចបន្តធ្វើការជាមួយរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធានិងទទួលស្គាល់រដ្ឋាភិបាលនេះដោយស្ងាត់ៗនោះទេ។ ប៉ុន្តែនៅពេលជាមួយគ្នា ការមិនធ្វើដូចនោះ វានឹងប៉ះពាល់ដល់ផែនការក្នុងការដោះស្រាយការរាតត្បាតជំងឺកូវីដ១៩។ ដូច្នេះ វាពិតជាធ្វើឱ្យអង្គការនានា ដូចជាធនាគារពិភពលោកស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ»។
យោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនឡើងកាន់អំណាចដោយសារតែរដ្ឋាភិបាលស៊ីវិលបរាជ័យក្នុងការដោះស្រាយចំពោះការចោទប្រកាន់របស់យោធាពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកលនៅក្នុងប្រទេសកាលពីឆ្នាំមុន ដែលពេលនោះគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi ម្ចាស់ពានរង្វាន់ណូបែល បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ អ្នកតាមដានការបោះឆ្នោតជាតិ និងអន្តរជាតិ បានលើកឡើងពីការព្រួយបារម្ភនឹងការបោះឆ្នោតនេះ ប៉ុន្តែបាននិយាយថា លទ្ធផលជារួមពិតជាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។
អង្គការសហប្រជាជាតិ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ប៉ូលិស និងទាហានបានសម្លាប់មនុស្សរាប់រយនាក់ និងបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារមក ក្នុងការព្យាយាមដែលមិនបានសម្រេចក្នុងការបង្ក្រាបការតវ៉ានិងកូដកម្មស្ទើរតែរាល់ថ្ងៃ។
ជាការឆ្លើយតប សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍កំពូលៗ និងអត្ថប្រយោជន៍អាជីវកម្មមួយចំនួនរបស់ពួកគេ៕