អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាម្តងទៀតនៅសប្តាហ៍ក្រោយ។ មន្ត្រីនាំពាក្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងតំបន់អាស៊ី មិនទាន់អាចបញ្ជាក់បានអំពីរបៀបវារៈនៃដំណើរទស្សនកិច្ចលើកទី៤របស់អ្នកស្រីនោះទេ តែអ្នកឃ្លំាមើលសិទ្ធិមនុស្សក្នុងប្រទេសនិយាយថា ទសន្សកិច្ចរបស់អ្នកស្រីស្មីត មានសារៈសំខាន់ដល់ការពង្រឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីនាំពាក្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងតំបន់អាស៊ី បានបញ្ជាក់នាថ្ងៃចន្ទនេះថា អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ក្រោយនេះ។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់ រ៉ូណា ស្មីត កើតមានឡើង ក្រោយការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
មន្ត្រីនាំពាក្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការនៅទីក្រុងបាងកង ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ VOA នៅរសៀលថ្ងៃចន្ទនេះថា អ្នកស្រី រ៉ូណា ស្មីត នឹងមកបំពេញនៅកម្ពុជា តែលោកមិនអាចបញ្ជាក់ពីគោលបំណង និងរយៈពេលនៃការបំពេញទស្សនកិច្ចនេះទេ។ ទោះជាយ៉ាងណា លោកថា អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសនិ្នសីទព័ត៌មាន នៅពេលបញ្ចប់ទស្សនកិច្ចរបស់អ្នកស្រីដូចរាល់ដង។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR)ប្រចាំកម្ពុជាក៏មិនទាន់បញ្ជាក់អំពីគោលបំណងនៃទស្សនកិច្ចរបស់អ្នកស្រីរ៉ូណា ស្មីតផងដែរ មកដល់ល្ងាចថ្ងៃចន្ទនេះ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ពុំទាន់ទទួលបានដំណឹងផ្លូវការនៃការមកធ្វើទស្សនកិច្ចរបស់អ្នកស្រី ស្មីត នៅកម្ពុជានោះទេ តែពួកគេថា អ្នករាយការណ៍រូបនេះ នឹងពិនិត្យបញ្ហាប្រឈមនានា ទាក់ទិនការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងការធ្វើទារុណកម្មនៅក្នុងពន្ធនាគារជាដើមនិងក្រោយពេលដែលវិសោធនកម្មលើកទីពីរនៃច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានិងអនុប្រធានបក្សកាន់អំណាច។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូបាន ប្រាប់ VOA នៅថ្ងៃចន្ទថា ការមកទស្សនកិច្ចនៅកម្ពុជា របស់អ្នកស្រី ស្មីត គឺជាផ្នែកមួយនៃបេសកកម្មការងាររបស់អ្នកស្រី ដែលត្រូវរាយការណ៍ពីបច្ចុប្បន្ននៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកមានសុទិដ្ឋិនិយមថា អ្នកស្រីស្មីត នឹងមិនរំលងបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ដែលស្ថិតនៅជារឿងរស៊ើបដល់រដ្ឋាភិបាលប្រទេសនេះ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ៖
«ទី១ លោកពិនិត្យឡើងវិញទៅលើ បញ្ហាអ្វីដែលលោកបានផ្តល់ ឬក៏ធ្វើរបាយការណ៍ ឬក៏ផ្តល់ជាអនុសាសន៍ កាលពីលោកស្រី អញ្ជើញមក ពីលើកមុនហ្នឹង។ ហើយលោកនឹងបន្តពិនិត្យមើលទៅលើស្ថានភាពបន្តទៅទៀត ហើយខ្ញុំជឿថា បច្ចុប្បន្ននេះ [អ្នកស្រី] អាចនឹងពិនិត្យមើលទៅលើស្ថានភាពនៃសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ សិទ្ធិ បញ្ហាដីធ្លី និងបញ្ហារំលោភសិទ្ធិមនុស្សមួយចំនួនទៀត ក៏ដូចជាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរបាទ»។
លោក សំ ចាន់គា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងប្រាប់ VOA ថា ស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា បានកំពុងបន្តធ្លាក់ចុះ ដែលជំរុញឲ្យមន្ត្រីរបស់គណៈកម្មការឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាច្រើនមកអង្កេតការណ៍នៅកម្ពុជា។ លោកមានប្រសាសន៍ថា អ្នកស្រី ស្មីតនឹងពិនិត្យរឿងជាច្រើន ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិពលរដ្ឋ និងក្រុមអង្គការស៊ីវិលនៅកម្ពុជា។
លោក សំ ចាន់គា អ្នកនាំពាក្យសមាគសិទ្ធិមនុស្សអាដហុក៖
«រឿងច្រើនណាស់ រឿងទាំងលើការងារ លើអង្គការក្រៅរដ្ឋាភិបាលទាំងការធ្វើទារុណកម្មផ្សេងៗនៅតាមពន្ធនាគារ ហើយនិងកិច្ចការ ការរំលោទសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច ក៏ដូចជា ប្រជាពលរដ្ឋស្លួតត្រង់ ហ្នឹងគឺជារៀបវារៈដែលត្រូវអ្នកស្រីមកពិនិត្យដែរ»។
អ្នកនាំពាក្យសមាគមអាដហុករូបនេះឲ្យដឹងបន្ថែម អ្នកស្រី ស្មីត ទំនងជានឹងមានផលវិបាកច្រើនក្នុងការជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ខណៈដែលមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលព្យាយាមព្រងើយកន្តើយដាក់អង្គការសហប្រជាជាតិ និងបានចោទអង្គការសាកលនេះថា បានរំលោភអធិបតេយ្យភាពឬកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ក្នុងដំណើរទស្សកិច្ចលើកទី៣ រយៈពេល ១០ថ្ងៃនៅកម្ពុជាកាលពីខែតុលាឆ្នាំ២០១៦ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា ការមិនចុះសម្រុងនៅក្នុងចំណោមគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ ហើយនិងភាពមិនឯករាជ្យនៃប្រព័ន្ធតុលាការនៅកម្ពុជា ជាឧបសគ្គចម្បងក្នុងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រី ស្មីត ក៏មិនសប្បាយចិត្តចំពោះការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាមិនបានរាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានត្រឹមត្រូវ ដែលជាកាតព្វកិច្ចមួយនៃប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស៕