ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​បង្រ្កាប​សេរីភាព​ក្នុង​ការ​​បញ្ចេញ​មតិ​នៅ​វៀតណាម


រូបឯកសារ៖ សកម្មជនវៀតណាមដើម្បីសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតម្នាក់ សរសេរនៅលើគណនីហ្វេសប៊ុកនៅហាងកាហ្វេមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។
រូបឯកសារ៖ សកម្មជនវៀតណាមដើម្បីសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតម្នាក់ សរសេរនៅលើគណនីហ្វេសប៊ុកនៅហាងកាហ្វេមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។

ការ​ផ្តន្ទាទោសទៅ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ចំនួន​បី​នាក់​ កាល​ពី​ដើម​ខែ​មករា​ គឺ​ជាឧទាហរណ៍​ចុងក្រោយ​នៃ​ភាព​កាន់តែសឹករិចរិល​នៃ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​វៀតណាម។ អ្នក​សារព័ត៌មាន​ជា​បុរស​ទាំង​បី​នាក់​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ពីបទបំពាន​សន្តិសុខ​ជាតិ និង​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ។

អ្នក​នាំពាក្យ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​អ្នកស្រី Ravina Shamdasani និយាយ​ថា អ្នកសារព័ត៌មាន​ឯករាជ្យ អ្នកសរសេរ​ប្លុក អ្នក​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មជន​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​ចាប់ខ្លួន​ផ្អែក​លើ​ច្បាប់​ដែល​គ្មាន​មូលដ្ឋានច្បាស់លាស់។

ចំពោះ​ករណី​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​នា​ពេល​ថ្មីៗ​នេះ អ្នកស្រី​បាន​លើកឡើងថា បុរស​ទាំង​បី​នាក់នេះ​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​អស់​រយៈពេល​យ៉ាងយូរ​មុន​សវនាការ។ អ្នកស្រីបាន​បន្ថែម​ថា មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ថា សិទ្ធិ​របស់​ពួកគេនៅ​ក្នុង​ការ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ គឺ​មិន​ត្រូវ​បាន​គោរព។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ឲ្យមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ខាង​ក្រៅ។ ពួកគេ​មិន​អាច​ជួប​គ្រួសារ។ ពួកគេ​មិន​អាច​ស្វែងរក​មេធាវី។... ហើយ​នៅ​ក្នុង​ករណី​ដទៃ​ទៀត យើង​ឃើញ​មាន​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដាក់ ហើយ​យើង​ក៏ឃើញ​ថា មាន​បុគ្គល​ត្រូវ​ការ​ជំនួយ​ផ្នែក​សុខាភិបាល ដែល​មិន​ត្រូវ​បាន​គេ​គិតគូរ​នោះ​ទេ»។

អ្នកស្រី Shamdasani ក៏​បាន​បង្ហាញ​ក្តី​កង្វល់​ផង​ដែរថា រាល់​បុគ្គលណា​ដែល​ព្យាយាម​សហការ​ជាមួយ​នឹង​ការិយល័យឧត្តមស្នងការ​ទទួលបន្ទុកផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ បាន​រងការគំរាមកំហែង និង​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដាក់។ អ្នកស្រី​បន្ត​ថា ការណ៍​នេះ​រារាំង​ពួកគេ​ពី​ការ​សហប្រតិបត្តិការជាមួយ​នឹង​អង្គការ​សហប្រជាជាតិ និង​ចែករំលែក​ព័ត៌មាន​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព។​

អ្នកស្រី​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ របៀប​នៃ​ការ​ប្រព្រឹត្ត​អំពើមិន​គប្បី​និង​ការ​គំរាមកំហែង​ដែល​ពួកគេ​ប្រឈម​មុខ​រួម​មាន ការ​បៀតបៀន ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ ការ​បាត់បង់​ការងារ ការ​វាយប្រហារ​លើរូប​រាងកាយ ក៏ដូចជាការ​ចាប់​ខ្លួន​ការ​ឃុំ​ខ្លួន និង​ការ​ធ្វើ​ទារុណកម្ម។ ដូច្នេះ វាសំខាន់​ដែល​ពួកយើង​ត្រូវបង្ហាញ​ការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ»។

អ្នកស្រី Shamdasani បាន​បន្ថែមថា ការិយាល័យ​ឧត្តមស្នងការទទួល​បន្ទុកសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បន្ត​លើកឡើង​ពី​ករណី​ទាំង​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ចោទប្រកាន់​មក​លើ​ពលរដ្ឋ​ពី​ការ​ប្រើប្រាស់​សិទ្ធិរបស់​ពួកគេ​ នៅ​ក្នុង​ការ​បញ្ចេញ​មតិ។

អ្នកស្រី​បាន​បន្ថែម​ថា ពលរដ្ឋ​គួរ​តែ​អាច​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ពួកគេ​ដោយ​មិនភ័យ​ខ្លាច​ពី​ការ​សងសឹក​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG