សហរដ្ឋអាមេរិក បានអំពានាវដល់ប្រទេសវៀតណាមឲ្យដោះលែងមនុស្សទាំងអស់ដែលត្រូវ«បានឃុំឃាំងដោយអយុត្តិធម៌» និងអនុញ្ញាតិឲ្យបុគ្គលនានា«បញ្ចេញទស្សនៈរបស់ពួកគេដោយសេរី ដោយគ្មានការភ័យខ្លាចពីការសងសឹក»។ នេះតាមលោក Cale Brown អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នេះ បានចេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវៀតណាម បាន«ដាក់ទោសយ៉ាងធ្ងន់ធ្ងរ»នៅក្នុងការកាត់ទោសយ៉ាងឆាប់រហ័សកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងហូជីមិញ ដល់សមាជិក៣រូបរបស់សមាគមអ្នកកាសែតឯករាជ្យ (IJAV)។ លោក Pham Chi Dung បានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ហើយលោក Nguyen Tuong Thuy និងលោក Le Huu Minh Tuan បានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួន១១ឆ្នាំ។
លោក Brown បាននិយាយថា សហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលវៀតណាម ធ្វើឲ្យប្រាកដថា សកម្មភាពរបស់ខ្លួនស្របទៅតាមបទបញ្ញត្តិសិទ្ធិមនុស្សនៃរដ្ឋធម្មនុញ្ញវៀតណាម និងកាតព្វកិច្ចនិងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់វៀតណាម។
តាមសាលក្រមរបស់តុលាការ លោក Pham អាយុ៥៤ឆ្នាំ ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ និងជាសមាជិកនិងប្រធានបង្កើតសមាគមអ្នកកាសែតឯករាជ្យ (IJAV) លោក Nguyen អតីតយោធាមានអាយុ៦៩ឆ្នាំ និងយុវជន Le «មានការទាក់ទងជាប្រចាំជាមួយក្រុមប្រឆាំងរដ្ឋាភិបាល«មុនពេលត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៩ និង២០២០។
សាលក្រមនោះ បានបញ្ជាក់ថា «អកប្បកិរិយារបស់ជនទាំង៣នោះ បានបណ្តាលឲ្យគ្រោះថ្នាក់ដល់សង្គម បណ្តាលឲ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម និងប្រជាពលរដ្ឋ»។
ក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានបង្កើនការបង្ក្រាបលើពួកប្រឆាំង ហើយនឹងចាប់ខ្លួនអ្នករិះគន់ខ្លួនជាច្រើននាក់៕