ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​ថា​ស្ត្រី​ខ្មែរ​​ម្នាក់​វិជ្ជមាន​កូវីដ​ក្រោយ​ឆ្លង​ដែន«មិន​ស្រប​ច្បាប់»


រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​នាំគ្នា​ហូប​អាហារ​ពេលព្រឹក​ ខណៈ​ពេល​ដែល​ពួកគេ​រង់ចាំ​ជិះ​រថយន្ដឈ្នួល​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេវិញ​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ដំណើរ​ចេញ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​នាំគ្នា​ហូប​អាហារ​ពេលព្រឹក​ ខណៈ​ពេល​ដែល​ពួកគេ​រង់ចាំ​ជិះ​រថយន្ដឈ្នួល​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេវិញ​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ដំណើរ​ចេញ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។

អាជ្ញាធរ​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​រក​ឃើញករណីវិជ្ជមានកូវីដ១៩លើ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ថា​«លួច»​ឆ្លងដែន​ចូល​ទឹក​ដី​ថៃ​តាំង​តែ​ពី​សប្ដាហ៍​មុន។ តែ​អ្នក​ឃ្លាំ​មើល​ស្ថានភាព​ពលករ​បារម្ភ​ពី​ករណី​ដែល​អាជ្ញាធរ​ថៃ​យក​ពលករ​ចំណាក​ស្រុក​ដើម្បី​ទម្លាក់​កំហុស​រឿង​ឆ្លង​រាលដាល​កូវីដ​១៩​ក្នុង​សហគមន៍​របស់​ខ្លួន។

លោក Pakarathorn Thienchai អភិបាល​ខេត្ត​ជលបុរី ​(Chonburi) ​របស់​ថៃ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ស្ត្រី​កម្ពុជា​រូប​នោះ​មាន​វ័យ​១៩​ឆ្នាំ។

តាម​រយៈ​វីដេអូ​នៃ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​សាលា​ខេត្ត​ជលបុរី លោក​អភិបាល Pakarathorn Thienchai បាន​ថ្លែង​ថា​ស្ត្រី​រូប​នោះ​ស្ថិត​ក្នុង​ចំណោម​ពលករ​កម្ពុជា​១១​នាក់​ដែល​បាន​មក​ដល់ស្រុក​ពាន​ទង«ដោយ​ខុស​ច្បាប់»​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ។

លោក​ថ្លែង​ថា៖ «ហេតុ​ដូច​នេះ​ទើប​បាន​ជា​ត្រូវ​យក​រឿង​នេះ​មក​ជម្រាប​ជូន​បង​ប្អូន​អ្នក​ស្រុក​ជលបុរី​ឱ្យ​បាន​ជ្រាប​ថា នៅ​ខណៈ​ពេល​នេះ​យើង​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដជនជាតិ​កម្ពុជា​ជា​ពលករ​ចំណាក​ស្រុក​ដែលធ្វើ​ដំណើរ​ចូល​មក​ដោយ​ខុស​ច្បាប់​ចំនួន​០១​ករណី​ហើយ»។

លោក​អភិបាល​ខេត្ត​រូប​នេះ​បន្ថែម​ថា​ស្ត្រី​វ័យ​១៩​ឆ្នាំ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​មន្ត្រី​សុខាភិបាល​ថៃ​កំពុង​តាម​ដាន​រក​មើល​អ្នក​ប៉ះពាល់​ផ្ទាល់​ពី​ព្រំដែន​ដល់​សហគមន៍។

​VOA​ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយបំភ្លឺ​ភ្លាមៗ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ទេ។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធីផ្នែក​សិទ្ធិពលករចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់ សម្ដែងមន្ទិល​អំពី​ការ​យក​ករណី​កូវីដ​ទម្លាក់​បន្ទុកលើ​ពលករ​ចំណាក​ស្រុក​ខ្មែរ ក្រោយ​លោក​នាយករដ្ឋមន្ត្រី​Prayut Chan-o-cha (ប្រាយុទ្ធ ចាន់​អូចា) បាន​ទម្លាក់​កំហុស​ឱ្យ​ពលករ​បរទេស​ជុំវិញ​ការ​ផ្ទុះ​ឆ្លង​កូវីដ​១៩ ដែល​កំពុង​រាល​ដាល​នៅ​ក្នុង​ប្រទេស​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា​រដ្ឋាភិបាល​ថៃ ដែល​កំពុង​រង​សម្ពាធ​ពី​បាតុកម្ម​ព្រមៗ​គ្នា​របស់​មហាជន​ទាម​ទារ​ប្រជាធិបតេយ្យ កំពុង​រក​ហេតុ​ផល​ដើម្បី​ប្រកាស​ច្បាប់​សឹក​ដឹកនាំ​គ្រា​អាសន្ន។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បារម្ភ​ថា​រឿង​នេះ​បើ​សិន​ជា​វា​គ្រាន់​តែ​ជា​ស្វា​លាប​មាត់​ពពែ ខ្ញុំ​គិត​ថា​វា​ធ្វើ​ឱ្យ​ពលករ​យើង​រង​គ្រោះដោយ​មិន​ដឹង​ខ្លួន ហើយ​ចាប់​ផ្ដើម​មាន​ការ​រើស​អើង​ពលករ​បរទេស​ហើយ។ មាន​ការ​រើស​អើង​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត»។

ទោះ​យ៉ាង​ណា​ លោក ឌី ថេហូយ៉ា ក៏​លើក​ឡើង​ផង​ដែរ​អំពី​ចលនា​នៃ​ការ​លួច​នាំ​ពលករ​កម្ពុជា​ចូលទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អំឡុង​ពេល​មានការ​រាត​ត្បាត​ជំងឺ​កូវីដ១៩​តាំង​ពី​ដើម​ឆ្នាំ ដែល​ការ​នាំ​ផ្លូវ​ការ​រង​ភាព​រអាក់​រអួល តែ​អំណោយ​ផល​ឱ្យ​មេ​ខ្យល់​អាច​នាំ​ពលករ​ទៅ​ថៃ​ដោយ​មិន​ស្រប​ច្បាប់។

ប្រទេស​ថៃ​ថា​ខ្លួន​កំពុង​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​ក្នុង​សហគមន៍ ដែល​ធ្ងន់​ធ្ងរ​ជាង​គេ​នៅ​ខេត្ត​សមុទ្រ​សាគរ​(Samut Sakhon) ទី​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​១០៦៣​ករណី​គិត​ត្រឹម​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​មន្ទីរ​ជាតិ​ឃោសនា​ព័ត៌មាន​ផ្លូវ​ការ​ (National News Bureau of Thailand ឬNNT)​ របស់​ថៃ។

សារព័ត៌មាន ​NNT ​បន្ថែម​ថា​មាន​ខេត្ត​ចំនួន​៥​ហើយ​ដែល​មាន​ការ​បិទ​ខ្ទប់​ទាំងស្រុង​ឬ​ដោយ​ផ្នែក គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ក្នុង​នោះ​មាន សមុទ្រ​សាគរ សមុទ្រ​សង្គ្រាម សមុទ្រ​ប្រាការ សុពណ៌​បុរី និង​ឈាង​ម៉ៃ។

បណ្ដា​ខេត្ត​កម្ពុជា​ជាប់​ព្រំដែន​ថៃ​បាន​ប្រុង​ជើង​ការ​តាំង​តែ​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មាន​ការ​យាមកាម​ត្រៀម​ទទួល​ពលករ​កម្ពុជា​ដែល​មក​ពី​ប្រទេស​ថៃ ដោយ​រៀបចំធ្វើ​តេស្ដ​រក​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ទី​ដ្ឋាន​ដែល​រដ្ឋ​រៀប​ចំ។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន​៣​ប៉ុ​ណ្ណោះ​គឺ​ច្រក​ដូង​ក្នុង​ខេត្ត​បាត់ដំបង ច្រក​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ច្រក​អូរស្មាច់​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។

អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន​ រតនៈ​ ប្រាប់​វីអូអេ​ថា​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មាន​ពលករ​កម្ពុជា​ប្រមាណ​១៣០​នាក់​ហើយ ដែល​វិល​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ខេត្ត​បាត់ដំបង និង​កំពុង​ស្ថិត​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ក្នុងស្រុក​កំរៀង។

លោក​បន្ថែម​ថា​ក្នុង​ចំណោម​នោះ ក៏​មាន​ពលករ​ដែល​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់​តែ​លោក​ថាអាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ទទួល​ពលរដ្ឋ​ខ្លួន​ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «យើង​មាន​កម្លាំង​ចាំ​ទទួល​គាត់។ កាលណា​គាត់​មក​ខុស​កន្លែង យើង​នៅ​តែ​ឱ្យ​មក​អ៊ីចឹង យើង​មិន​អាចឃាត់​ពលរដ្ឋ​ខ្មែរ​យើង​ឱ្យ​នៅ​ដី​គេ កណ្ដាល​ព្រៃ​នោះ​ទេ មិន​ចឹង? យើង​ត្រូវ​តែ​យក​ហើយ គាត់​ឆ្លង​មក​យ៉ាងម៉េច​ ក៏​ត្រូវ​យក​ដែរ»។

លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្ដរ​មាន​ជ័យ​ឱ្យ​ដឹង​ថា​មាន​ពលករ​កម្ពុជា​ប្រមាណ​៥០០​នាក់​បាន​ចូល​មក​ពី​ថៃ​វិញ តាម​ច្រក​អូរស្មាច់ នា​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក។

លោក​ឲ្យ​ដឹង​ទៀត​ថា​មណ្ឌល​ចត្តាឡីស័ក​របស់​ខេត្ត​ដែល​មាន​កម្រិត នឹង​ត្រូវ​រក​ជំនួយ​ពី​ខេត្ត​ក្បែរ​ខាង និង​ខេត្ត​កំណើត​របស់​ពលករ​សាម៉ី ដើម្បី​ទទួល​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​បាន​គ្រប់​គ្រាន់។

ទាំង​អភិបាល​ខេត្ត​បាត់​ដំបង និង​ឧត្តរមានជ័យ​បញ្ជាក់​ថាមិន​ទាន់​មាន​ពលករ​ណា​ម្នាក់​មាន​ជំងឺ​កូវីដ​១៩​នោះ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។ វីអូអេ​មិនទាន់​ទាក់ទង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG