អ្នកច្រៀងចម្រៀងរ៉េបខ្មែរ២នាក់ នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសពួកគេពីបទ«ញុះញង់» រឿងនិពន្ធបទចម្រៀង ដែលក្រសួងវប្បធម៌យល់ថាមានអត្ថន័យរិះគន់។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូដែលបានឃ្លាំមើលដំណើរការកាត់ទោសនេះ។
បើតាមព័ត៌មានសង្ខេបរបស់អង្គការលីកាដូដែលបង្ហោះនៅលើវេបសាយរបស់ខ្លួន សាលាដំបូងខេត្តសៀមរាបបានសម្រេចផ្ដន្ទាទោសអ្នកចម្រៀងរ៉េបទាំងពីរនាក់ គឺយុវជន គា សុគុណ អាយុ២២ឆ្នាំ និងយុវជន ឡុង ពុទ្ធារ៉ា អាយុ១៧ឆ្នាំ ដែលត្រូវចាប់ខ្លួនកាលពីខែកញ្ញា ពី«បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ដូចគ្នា តាមក្រមព្រហ្មទណ្ឌ។
លោក សុគុណ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ ប៉ុន្តែអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំ។ ចំណែកទោសនៅសល់ត្រូវបានព្យួរ។ នេះមានន័យថាលោកនៅបន្តជាប់ពន្ធនាគារ រហូតដល់ខែកញ្ញាឆ្នាំ២០២១។
ចំណែកលោក ពុទ្ធារ៉ា ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន៥ខែប៉ុណ្ណោះ តែឲ្យអនុវត្តទោស៣ខែ១១ថ្ងៃ និងទោសនៅសល់ត្រូវបានព្យួរ។ នេះមានន័យថាលោកត្រូវដោះលែងនៅថ្ងៃអង្គារនេះ។ នេះបើតាមអង្គការលីកាដូ។
យុវជនទាំងពីរខាងលើត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ និងត្រូវដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នតាំងពីពេលនោះ ពាក់ព័ន្ធនឹងទំនុកច្រៀងក្នុងបទចម្រៀងរ៉េប ដែលពួកគេបានផលិតឡើង ដែលមានអត្ថន័យរិះគន់ទៅលើបញ្ហាសង្គម ដូចជាសេដ្ឋកិច្ច និងព្រំដែនប្រទេសកម្ពុជាជាដើម។ ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកទាំងពីរ ត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមការបញ្ជាក់របស់អង្គការលីកាដូ។
អង្គការក្រៅរដ្ឋាភិបាលនេះឲ្យដឹងទៀតថា អំឡុងពេលសវនាការរបស់អ្នកទាំងពីរ យុវជន ពុទ្ធារ៉ា ដែលត្រូវផ្តន្ទាទោសតែ៥ខែ បានយល់ស្របជាមួយមេធាវីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាវាជាកំហុសរបស់ខ្លួននៅពេលចេញផ្សាយចម្រៀងអំពីបញ្ហាសង្គមទាំងនេះ។ ចំណែកយុវជន សុគុណ ដែលត្រូវផ្តន្ទាទោស១ឆ្នាំកន្លះនោះ នៅតែរក្សាជំហររបស់ខ្លួនថាលោកពុំមានអ្វីត្រូវសុំទោសនោះទេ។
VOAមិនអាចសុំការអត្ថាធិប្បាយពីលោក ជួន សុបញ្ញា អ្នកនាំពាក្យរបស់តុលាការខេត្តសៀមរាបបានទេនៅថ្ងៃអង្គារនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងប្រាប់VOAថាក្រសួងវប្បធម៌គួរតែហៅពួកគាត់ទាំងពីរមកអប់រំ ហើយបណ្តុះបណ្តាលបន្ថែម ដើម្បីធ្វើយ៉ាងម៉េចឲ្យពួកគេចេះតែងនិពន្ធ ស្របតាមគោលការណ៍របស់រដ្ឋាភិបាល។ លោកបញ្ជាក់ថាការនាំពួកគេមកកាត់ទោសជាការគំរាមកំហែងដល់អ្នកសរសេរផ្សេងទៀត ឲ្យមានភាពភ័យខ្លាច៕