ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បារាំង កាត់ទោស​ជន១៤នាក់​ទាក់ទិននឹង​ការវាយ​ប្រហារ​នៅ​ការិយាល័យ​ទស្សនាវដ្តី Charlie Hebdo កាលពី​ឆ្នាំ២០១៥


ទិដ្ឋភាពទូទៅនៅក្នុង​បន្ទប់​សវនាការ​ក្នុងទីក្រុងប៉ារីស ក្នុង​អំឡុងពេល​សវនាការ​កាត់ទោស​ជនសង្ស័យ​១៤នាក់ ដែល​បាន​​ជួយ​​ពួក​អ្នកវាយប្រហារ​​ឥស្លាម​​និយម​​នៅ​ក្នុង​​ការ​វាយ​ប្រហារ​របស់​​ពួក​គេ​កាលពី​ខែ​មករា ​ឆ្នាំ២០១៥ ​​ប្រឆាំងនឹង​​​ទស្សនាវដ្តី Charlie Hebdo និង​​​ផ្សារ​​ទំនើប​ជ្វីសមួយ។
ទិដ្ឋភាពទូទៅនៅក្នុង​បន្ទប់​សវនាការ​ក្នុងទីក្រុងប៉ារីស ក្នុង​អំឡុងពេល​សវនាការ​កាត់ទោស​ជនសង្ស័យ​១៤នាក់ ដែល​បាន​​ជួយ​​ពួក​អ្នកវាយប្រហារ​​ឥស្លាម​​និយម​​នៅ​ក្នុង​​ការ​វាយ​ប្រហារ​របស់​​ពួក​គេ​កាលពី​ខែ​មករា ​ឆ្នាំ២០១៥ ​​ប្រឆាំងនឹង​​​ទស្សនាវដ្តី Charlie Hebdo និង​​​ផ្សារ​​ទំនើប​ជ្វីសមួយ។

កាលពី​ថ្ងៃ​ពុធទី១៦ ខែធ្នូ តុលាការមួយ​ក្នុង​ប្រទេស​បារាំង​បានកាត់​ទោស​មនុស្ស​១៤​នាក់ដែល​បានជួយពួក​អ្នកវាយប្រហារឥស្លាមនិយមនៅ​ក្នុងការ​វាយ​ប្រហារ​របស់ពួក​គេ​កាលពី​ខែ​មករា​ឆ្នាំ២០១៥ ប្រឆាំងនឹង​ទស្សនាវដ្តី Charlie Hebdo និង​ផ្សារទំនើប​ជ្វីស​មួយ។

ជ័យ​ជម្នះ​មួយ​សម្រាប់​ក្រុម​ជន​រងគ្រោះនិង​សេរីភាព​ខាង​ការនិយាយ​ស្តី​-នេះ​ជា​អ្វី​ដែល​ពួក​សកម្មជន​និង​ពួកមេធាវីបានពណ៌នាសេចក្តី​សម្រេចនៅ​ក្នុង​ក្រុង Paris នៅក្រោយ​ពួក​គេ​ចាក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ពុធ​១៦ ខែធ្នូ។

ពួក​អ្នក​ឃុបឃិត​ទាំង​អស់​១៤​នាក់ បានត្រូវកាត់​ទោសដោយសារការ​វាយ​ប្រហារ​ទាំង​នោះ។ ពួក​ជនទាំង​នេះ បាន​ត្រូវ​រក​ឃើញ​ថា​មានទោស ដោយសារ​បានជួយឈ្មោះ Said និង​ឈ្មោះ Cherif Kouachi ដែល​បានធ្វើការវាយ​ប្រហារលើ​ទស្សនាវដ្តី Charlie Hebdo និង​អ្ន​ក​ឃុបឃិតជា​មួយ​ពួក​គេ​ឈ្មោះ Amedy Coulibaly ដែលបានវាយ​ប្រហារក្នុង​ផ្សារ​ទំនើបជ្វីសមួយ។

មនុស្ស​១៧​នាក់​ បានត្រូវ​សម្លាប់នៅ​ក្នុង​ការវាយ​ប្រហារ​កាល​ពី​ខែមករា​ ឆ្នាំ២០១៥។

Ali Riza Polat ដែល​ជា​ចុង​ចោទសំខាន់​ជាង​គេ បាន​ត្រូវ​កាត់​ក្តី​ឱ្យ​ជាប់ទោសពី​បទ​ឃុបឃិតក្នុងឧក្រិដ្ឋកម្មភេរវកម្ម​ ហើយបានត្រូវកាត់​ទោស​ឱ្យ​ជាប់គុក៣០ឆ្នាំ។

តុលាការ​នេះ​ ក៏​បានដាក់​ទោសដោយ​កំបាំង​មុខ​ដូច​នេះដែរ​ដល់ឈ្មោះ​ Hayat Boumeddienne ដែលជាដៃ​គូ​របស់អ្នក​វាយ​ប្រហារម្នាក់ក្នុង​បណ្តា​ពួក​អ្នក​វាយ​ប្រហារ​ទាំង​នេះ។ ស្ត្រី​រូប​នេះ​ បានរត់គេច​ខ្លួន​ទៅ​កាន់ប្រទេស​ស៊ីរីនៅ​ក្រោយការ​វាយ​ប្រហារទាំង​នេះ។

លោក Richard Malika មេធាវីរបស់​ទស្សនាវដ្តី Charlie Hebdo បាននិយាយថា លោក​ពេញ​ចិត្ត​នឹងសេចក្តី​សម្រេខ​របស់តុលាការ​នេះ។ លោក​បាននិយាយ​ថា សាលក្រមខ្លះដាក់ទោស​ធ្ងន់ធ្ងរតែ​អ្វី​ដែល​សំខាន់​បំផុតនោះ គឺសារ​ផ្តល់​ឲ្យ​សង្គម​បារាំង​តាម​រយៈ​ប្រព័ន្ធតុលាការជាមួយ​សេចក្តីសម្រេច​នេះ។​ លោក​បាន​ព៌ណនា​ពួក​ចុងចោទ​ទាំង​នេះ​ថា ​ជាផ្នែក​មួយ​នៃ​បណ្តាញ​គាំទ្រស្រពិច​ស្រពិល​មួយដែល​អាច​ជួយ​ពួក​អ្នក​វាយ​ប្រហារ​ឱ្យ​បង្ហូរ​ឈាម​បាន។​ លោក​ថ្លែង​ថា គ្មានលេសសម្រាប់ជនឥស្លាមនិយមជ្រុល​ម្នាក់​ដែលជា​ជន​ហ្វាស៊ីស​ទេ។

លោក Christophe Deloire ប្រធាននៃអង្គកា​រ​អ្នក​សារព័ត៌មាន​គ្មានព្រំដែនក៏​បានស្វាគមន៍ដល់​សាលក្រម​នេះ​ដែរ។ លោក​បានសរសេរ​តាម Twitter ថា ​«នេះ​ជាភ័ស្តុតាង​ថា ពួកជ្រុលនិយមឃោរឃៅគ្មានអំណាច​ធ្វើសេចក្តី​សម្រេច​ចុងក្រោយ​ទេ​។ សួម​អរគុណ​ដល់យុត្តិធ៌ម គឺ​សេរីភាពដែល​មាន​អំណាច​ធ្វើសេចក្តី​សម្រេច​ចុងក្រោយ»។

​ចុងចោទ​សំខាន់​ជាង​គេ​បានប្រកា​ស​ស្រេច​ហើយ​ថា​ ខ្លួន​នឹង​តវ៉ាឡើង​ឧទ្ធរណ៍ហើយ​ការ​កាត់​ទោស​ម្តង​ទៀត អាច​ត្រូវកំណត់​នៅឆ្នាំ​ក្រោយ៕

ប្រែសម្រួល​ដោយលោក ​ឈឹម សុមេធ

XS
SM
MD
LG