កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិនគឺជាការផ្តោតសំខាន់នៃការវាយតម្លៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។
មន្ត្រីសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទថា ការិយាល័យរបស់អ្នកស្រីកំពុងបញ្ចប់របាយការណ៍ស្តីពីការចោទប្រកាន់ពីបទ«រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ» នៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន បន្ទាប់ពីប្រទេសចិនចេញផែនការសកម្មភាពជាតិស្តីពីសិទ្ធិមនុស្សរបស់ចិនឆ្នាំ២០២១-២០២៥ កាលពីថ្ងៃទី៩ ខែកញ្ញា។
អ្នកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «ខ្ញុំសោកស្តាយដែលខ្ញុំមិនអាចរាយការណ៍អំពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងការវាយតម្លៃដ៏មានន័យអំពីជនជាតិ Uyghur នៅតំបន់ស្វយ័តភាពXinjiang»។
នៅឯការបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Bachelet បាននិយាយថា ការិយាល័យរបស់អ្នកស្រីកំពុងបញ្ចប់ការពិនិត្យឡើងវិញនូវព័ត៌មានអំពីការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្ស ហើយការិយាល័យនេះមានផែនការផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈ។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធការចោទប្រកាន់នេះ ហើយនិយាយថា អ្វីដែលក្រុមសិទ្ធិមនុស្សហៅថា ជំរំឃុំឃាំងនោះតាមពិតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រជាជនមកពីក្រុមជនជាតិភាគតិចដែលខ្វះចំណេះដឹងខាងភាសា និងជំនាញវិជ្ជាជីវៈ ទទួលបានជំនួយខាងអប់រំ។ ប្រទេសចិនទទូចថា ប្រជាជននៅតំបន់ Xinjiang មានសេរីភាពក្នុងការជ្រើសរើសការងាររបស់ពួកគេ។
អ្នកស្រី Marta Hurtado អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.(OHCHR)បានប្រាប់វីអូអេថា ដំណើរទស្សនកិច្ចចុងក្រោយរបស់ឧត្តមស្នងការនេះទៅកាន់ប្រទេសចិនគឺនៅឆ្នាំ២០០៥។ អ្នកស្រីបាននិយាយថា ឧត្តមស្នងការនេះបានស្នើសុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអនុញ្ញាតឱ្យក្រុមវាយតម្លៃស្ថានភាពជនជាតិ Uyghur ឆ្នាំ២០១៨ ទទួលបានសិទ្ធិគ្មានកំហិតចូលទៅកាន់តំបន់ Xinjiang តែរដ្ឋាភិបាលប៉េកាំងមិនបានអនុញ្ញាតទេ៕