ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ចិន​ប្រកាស​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​អាមេរិក​និង​អូស្ត្រាលី


រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​កង់បេរ៉ាកាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៥។ (Reuters)
រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​កង់បេរ៉ាកាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៥។ (Reuters)

ស្ថានទូត​ចិន​នៅប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃសុក្រ​បាន​ច្រាន​ចោល​អ្វីដែល​ចិនថា «ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​ប្រទេស​ចិន»ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​និង​សមភាគី​អាមេរិក​ បន្ទាប់ពី​កិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញផ្សាយ​បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​រវាង​អូស្ត្រាលី​និង​អាមេរិក​នោះ​ ប្រទេស​ទាំងពីរបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​«ការ​ទាមទារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង» ហើយ​បាន​បញ្ជាក់​ពី​ចេតនា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​«ដៃគូ​សំខាន់»​គឺ​តៃវ៉ាន់។​

ការ​អត្ថាធិប្បាយ​របស់​ប្រទេស​អូស្ត្រាលី​ និង​សហ​រដ្ឋ​អាមេរិក​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ពួកគេ​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ផលិត​នាវា​មុជទឹក​ដែល​ជាផ្នែក​មួយ​នៃភាព​ជាដៃ​គូ​សន្តិសុខ​ ដែលរួម​មាន​ចក្រភព​អង់គ្លេស ​ដោយ​ចិន​បាន​បរិហារ​ថា​ ជា​ការ​បង្កើន​ការ​ប្រកួត​ប្រជែង​សព្វាវុធ​ក្នុង​តំបន់។​

អូស្ត្រាលី​និង​សហ​រដ្ឋ​អាមេរិក​ក៏បាន​រិះគន់​ផង​ដែរ​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​នៅ​ហុងកុង​កាលពី​ឆ្នាំមុន​ ដែល​ពួក​គេ​និយាយ​ថា​ បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​បោះឆ្នោត​ចុះ​ខ្សោយ ​ គាបសង្កត់​សេរីភាព​សារ​ព័ត៌មាន​ និង​ប៉ះពាល់​ដល់​រូបមន្ត​កិច្ចព្រមព្រៀង​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​ របស់​ហុងកុង​ដែល​បាន​ព្រម​ព្រៀងគ្នា​ នៅពេល​ប្រគល់​ការ​គ្រប់គ្រង​ហុងកុង​ឱ្យ​ប្រទេស​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧។

ពួកគេ​ក៏បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​«យុទ្ធនាការ​របស់​ចិន​គាប​សង្កត់​ជនជាតិ​ភាគតិច​ Uyghur»​ដែល​ភាគច្រើន​ជាមូស្លីម​នៅ​តំបន់​ Xinjiang។​ ស្ថានទូត​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​ដោយ​អះអាង​ថា​ វា​ជា​ល្បិច​ដាក់​សម្ពាធ​ឥត​ប្រយោជន៍។​

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​កង់បេរ៉ា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​«ទង្វើ​តូចតាច​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​នេះ​នឹង​គ្មាន​ប្រយោជន៍​ទេ​ ប៉ុន្តែ​ជា​ឆាក​កំប្លែង។​ ​ យើង​ប្រឆាំង​ដាច់ខាត​ ហើយ​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​និង​ពាក្យសម្តី​ខុសឆ្គង​ប្រឆាំង​ប្រទេស​ចិន​លើ​បញ្ហា​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ តំបន់ Xinjiang ​ ហុងកុង​ តៃវ៉ាន់​ និង​បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន»។​

រដ្ឋាភិបាល​តៃវ៉ាន់​ទទួល​ស្វាគមន៍​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​កង់បេរ៉ា៕​

(រាយ​ការណ៍​ដោយ ​Kirsty Needham ​និង​រួម​ចំណែក​រាយ​ការណ៍​ដោយ ​Ben Blanchard ​ពីទីក្រុងតៃប៉ិ)

XS
SM
MD
LG