សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីចិន៧នាក់ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដា។ នៅថ្ងៃដដែលនោះ សេតវិមានក៏បានព្រមានដល់បណ្ដាក្រុមហ៊ុនអាមេរិកផងដែរអំពីការខូចខាតខាងផ្លូវច្បាប់និងការខូចកេរ្តិ៍ឈ្មោះប្រសិនបើពួកគេធ្វើអាជីវកម្មនៅក្នុងទីក្រុងហុងកុងនៅពេលមានការប្រែប្រួលខាងផ្លូវច្បាប់នៅក្នុងទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ។
កាលពីថ្ងៃសុក្រនោះដែរ អ្នកស្រី Jens Psaki អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ស្ថានការណ៍នៅហុងកុងកំពុងបន្ដធ្ងន់ធ្ងរតទៅទៀត។ នៅពេលនេះ ហានិភ័យដូចដែលត្រូវបានប្រឈមក្នុងប្រទេសចិនដីគោកកំពុងតែមានច្រើនជាងមុននៅក្នុងទីក្រុងហុងកុងផងដែរ»។
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងពិនិត្យសើរើមើលលើគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន។ រដ្ឋបាលនេះបានដាក់ទណ្ឌកម្មរួចហើយទៅលើពួកមន្ត្រីនិងក្រុមហ៊ុនទាំងឡាយណាដែលមានទាក់ទិននឹងការរំលោភសិទ្ធិមនុស្សដោយមានរួមបញ្ចូលទាំងការធ្វើបាបពួកជនអំបូរ Uyghur ក្នុងតំបន់ Xinjiang ផងដែរ។
ការដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដានេះបានយកក្រុមមន្ត្រីចិនដែលបានចូលរួមក្នុងការបង្ក្រាបនៅក្នុងទីក្រុងហុងកុងជាគោលដៅសម្រាប់ការដាក់ទណ្ឌកម្ម។ សហរដ្ឋអាមេរិកចោទប្រកាន់ពួកគេថាបានរំលោភលើសន្ធិសញ្ញាស្វ័យភាពហុងកុងឆ្នាំ២០២០ ដែលដាក់ទណ្ឌកម្មលើពួកបុគ្គលដែលបានរួមចំណែកលើការខកខានរបស់ប្រទេសចិនក្នុងការថែរក្សាស្វ័យភាពខាងផ្លូវច្បាប់របស់ដែនដីហុងកុង។
ទណ្ឌកម្មនេះបង្កកទ្រព្យសម្បត្តិនិងដាក់ពិន័យឯទៀតៗទៅលើពួកមន្ត្រីដែលធ្វើការនៅក្នុងការិយាល័យទំនាក់ទំនងហុងកុងរបស់ប្រទេសចិនដែលតំណាងឲ្យផលប្រយោជន៍របស់ប្រទេសចិនក្នុងទីក្រុងហុងកុង។
នៅមុនការដាក់ទណ្ឌកម្មទាំងនេះត្រូវបានប្រកាស លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំងថា៖ «ប្រទេសចិននឹងឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់និងខ្លាំងៗចំពោះវិធានការទាំងឡាយដែលសហរដ្ឋអាមេរិកបានធ្វើ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានបង្ហោះសារ Twitter មួយថា៖ «សាធារណរដ្ឋប្រជាមានិតចិនមិនត្រូវបង្ក្រាបសិទ្ធិនិងសេរីភាពទេ» ដោយលោកនិយាយយោងដល់សាធារណរដ្ឋប្រជាមានិតចិនដែលជាឈ្មោះផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Blinken បានមានប្រសាសន៍ថាការដាក់ទណ្ឌកម្មកាលពីថ្ងៃសុក្រជាមួយនឹងសេចក្តីណែនាំខាងធុរកិច្ច ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងពាណិជ្ជកម្មបង្ហាញថា សហរដ្ឋអាមេរិកនឹង«បន្តនិយាយការពារទីក្រុងហុងកុង និងឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវខ្ពស់សម្រាប់ការមិនធ្វើតាមការសន្យានិងសកម្មភាពសង្កត់សង្កិនរបស់រដ្ឋាភិបាលក្រុងប៉េកាំង»។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា លោកប្រធានាធិបតី Biden បានជួបជាមួយលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់នៅសេតវិមាន។ ប្រទេសអាល្លឺម៉ង់មានចំណងទាក់ទងពាណិជ្ជកម្មខ្លាំងជាមួយប្រទេសចិន ហើយមានការរារែកក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការប្រឈមមុខនឹងប្រទេសចិន។
មួយថ្ងៃមុនសហរដ្ឋអាមេរិកចេញផ្សាយសេចក្តីណែនាំខាងធុរកិច្ច ដែលព្រមានក្រុមហ៊ុនប្រកបអាជីវកម្មនៅក្នុងទីក្រុងហុងកុង លោក Biden បានមានប្រសាសន៍ថា«ស្ថានការណ៍នៅក្នុងទីក្រុងហុងកុងកំពុងដុនដាប ហើយរដ្ឋាភិបាលចិនមិនបានធ្វើតាមការសន្យារបស់ខ្លួនអំពីដែនដីហុងកុងទេ»។
លោកស្រី Merkel បាននិយាយដោយមិនសូវប្រើសម្ដីខ្លាំងៗថា«វាជាការត្រឹមត្រូវតាមច្បាប់សម្រាប់ប្រទេសចិន»ជាមេដឹកនាំមួយក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម ប៉ុន្តែលោកស្រីក៏បានកត់សម្គាល់ដែរថាប្រទេសចិនត្រូវតែធ្វើ«ដោយយុត្តិធម៌»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ