ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន UN ថា​ស្ថានការណ៍​នៅ​ហ្កាហ្សា​ពោរពេញ​ដោយ «ភាព​រន្ធត់​និង​ភយន្តរាយ»


ប្រធានអង្គការសហប្រជាជាតិ​លោក Antonio Guterres ថ្លែង​អំឡុង​វេទិកាសកលទី១០​នៃសម្ពន្ធ​អង្គការសហប្រជាជាតិក្នុង​ទីក្រុង Cascais ប្រទេស​ព័រទុយហ្គាល់ កាលពីថ្ងៃទី​២៦ វិច្ឆិកា ២០២៤។(Photo by CARLOS COSTA / AFP)
ប្រធានអង្គការសហប្រជាជាតិ​លោក Antonio Guterres ថ្លែង​អំឡុង​វេទិកាសកលទី១០​នៃសម្ពន្ធ​អង្គការសហប្រជាជាតិក្នុង​ទីក្រុង Cascais ប្រទេស​ព័រទុយហ្គាល់ កាលពីថ្ងៃទី​២៦ វិច្ឆិកា ២០២៤។(Photo by CARLOS COSTA / AFP)

ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ស្ថានការណ៍​នៅ​តំបន់​ហ្កាហ្សា​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​គឺ​ពោរពេញ​ដោយ «ភាព​រន្ធត់​និង​ភយន្តរាយ» និង​បាន​ព្រមាន​ថា​ស្ថានភាព​ដែល​ជនជាតិ​ប៉ាឡេស្ទីន​កំពុង​ប្រឈម​នៅ​ទីនោះ​អាច​មាន​ទម្ងន់​ស្មើ​នឹង «បទឧក្រិដ្ឋ​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​បំផុត»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅ​ក្នុង​សុន្ទរកថា​ដែល​គេ​អាន​ជំនួស​រូប​លោក​នៅក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប ដែល​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្កើន​ជំនួយ​មនុស្សធម៌ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ «កសាង​គ្រឹះ​សម្រាប់​សន្តិភាព​ប្រកប​ដោយ​និរន្តរភាព​នៅ​ហ្កាហ្សា​និង​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា»។

សង្គ្រាម​នៅ​ហ្កាហ្សា​បាន​ផ្ទុះឡើង​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​វាយប្រហារ​អ៊ីស្រាអែល​នៅ​ភាគ​ខាងត្បូង​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៣ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ១.២០៨ នាក់​ស្លាប់ ដែល​ភាគច្រើន​គឺជា​ជន​ស៊ីវិល។ នេះ​បើ​យោង​តាម​ការ​រាប់​តួលេខ​ផ្លូវការ​របស់​អ៊ីស្រាអែល​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ៊ីស្រាអែល​បាន​ធ្វើ​យុទ្ធនាការ​សងសឹក​តបត​ទៅវិញ​ដោយ​បាន​ធ្វើឲ្យ​មនុស្ស ៤៤.៤២៩ នាក់​ស្លាប់​នៅ​ហ្កាហ្សា។ នេះ​បើ​យោង​តាម​តួលេខ​ពី​ក្រសួង​សុខាភិបាល​ហ្កាហ្សា ដែល​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ថា​គួរឲ្យ​ជឿជាក់​បាន។

លោក Guterres បាន​គូសបញ្ជាក់​ពី​មហន្តរាយ​នៃ​ជម្លោះ​នេះ​និង​តម្រូវការ​បន្ទាន់​សម្រាប់​សកម្មភាព​អន្តរជាតិ។ លោក​ថ្លែង​ថា៖ «កង្វះ​អាហារូបត្ថម្ភ​មាន​គ្រប់​ទិសទី ...ទុរ្ភិក្ស​នឹង​មក​ដល់​ឆាប់ៗ ខណៈ​ប្រព័ន្ធ​សុខាភិបាល​បាន​ដួលរលំ​ទៅហើយ»។

លោក Guterres បាន​បន្ថែម​ថា ហ្កាហ្សា​ឥឡូវ​នេះ​មាន «ចំនួន​កុមារ​ពិការ​ដៃជើង​ខ្ពស់​ជាង​ទីណាៗ​ទាំងអស់​ក្នុង​ពិភពលោក» ដោយ «កុមារ​ជាច្រើន​បាន​ដាច់​ដៃ​ឬ​ជើង ហើយ​ត្រូវ​វះកាត់​ដោយ​គ្មាន​សូម្បី​តែ​ថ្នាំ​ស្ពឹក»។ លោក​ក៏​បាន​រិះគន់​ផងដែរ​លើ​ការ​រិតត្បឹត​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ការ​បញ្ជូន​ជំនួយ​ចូល​ក្នុង​តំបន់​នោះ ដោយ​ចាត់ទុក​ការ​ដឹក​ជំនួយ​ក្នុង​កម្រិត​បច្ចុប្បន្ន​នេះ​ថា «មិន​គ្រប់គ្រាន់​ទាល់តែ​សោះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG