មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហាម៉ាស់ «ត្រៀមខ្លួនរួចរាល់ដើម្បីបទឈប់បាញ់» នៅក្នុងតំបន់ហ្កាហ្សា និងបានជំរុញប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump របស់សហរដ្ឋអាមេរិកឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្គ្រាម។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Bassem Naim ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បាននិយាយថា៖ «ក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញឡើងនិងក្នុងលក្ខខណ្ឌដែល [អ៊ីស្រាអែល] គោរពបទឈប់បាញ់នេះ»។
លោក Naim បានបន្តថា៖ «យើងអំពាវនាវឱ្យរដ្ឋបាលអាមេរិកនិងលោក Trump ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ចប់ភាពគឃ្លើនឈ្លានពាន»។
លោក Naim បានបន្ថែមថា៖ «ក្រុមហាម៉ាស់បានជូនដំណឹងដល់ក្រុមអ្នកសម្រុះសម្រួលថា ខ្លួនគាំទ្រសំណើណាមួយដែលដាក់ស្នើមកខ្លួនដែលឈានទៅដល់បទឈប់បាញ់ជាស្ថាពរនិងការដកកងទ័ពចេញពីតំបន់ហ្កាហ្សា ការអនុញ្ញាតឱ្យអ្នកដែលភៀសខ្លួនបានវិលត្រឡប់មកវិញ កិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់សម្រាប់ការដោះដូរអ្នកទោស ការចូលមកនូវជំនួយមនុស្សធម៌ និងការកសាង [តំបន់ហ្កាហ្សា] ឡើងវិញ»។
នៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump បានសន្យាស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ការលើកឡើងរបស់លោក Naim នេះបានធ្វើឡើងបន្ទាប់ពីប្រទេសកាតាបានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ខ្លួនបានផ្អាកតួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលចម្បងសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សានិងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរហូតទាល់តែដល់ពេលដែលក្រុមហាម៉ាស់និងអ៊ីស្រាអែលបង្ហាញនូវ «ភាពម៉ឺងម៉ាត់» ក្នុងការចរចា៕
វេទិកាបញ្ចេញមតិ