ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមសម្តីមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមនេះដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFPកាលពីថ្ងៃពុធ។ ការប្រកាសរបស់ក្រុមហាម៉ាស់នេះបានធ្វើឡើងក្រោយពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាបានចាប់ផ្តើមអនុវត្តនៅលីបង់។
មន្ត្រីរូបនោះបានថ្លែងប្រាប់ AFP ថា៖ «យើងបានជូនដំណឹងដល់ក្រុមអ្នកសម្រុះសម្រួលនៅអេហ៊្សីប កាតា និងតួកគីរួចហើយថាក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់គ្នានិងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយម៉ឺងម៉ាត់»។ តែមន្ត្រីនោះបានចោទអ៊ីស្រាអែលថាជាអ្នករារាំងមិនឱ្យមានកិច្ចព្រមព្រៀងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃពុធ ក្រុមហាម៉ាស់ថា «ការទទួលយករបស់សត្រូវនូវកិច្ចព្រមព្រៀងជាមួយលីបង់ដោយមិនបានសម្រេចតាមបុរេលក្ខខណ្ឌរបស់ខ្លួននោះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការធ្វើឱ្យសាបរលាបដល់អារម្មណ៍រវើរវាយរបស់ [នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin] Netanyahu ក្នុងការធ្វើឱ្យតំបន់មជ្ឈិមបូព៌ាផ្លាស់ប្តូរដោយការប្រើកម្លាំង»។
នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ មក អាជ្ញាធរប៉ាឡេស្ទីនបានសម្តែងក្តីសង្ឃឹមថាបទឈប់បាញ់គ្នានេះនឹងនាំមកនូវស្ថិរភាពដល់តំបន់នេះ ជាពិសេសតំបន់ហ្កាហ្សាដែលខ្ទេចខ្ទីដោយសារសង្គ្រាម។
ប្រធានអាជ្ញាធរប៉ាឡេស្ទីនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដោយគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាថា៖ «យើងសង្ឃឹមថាជំហាននេះនឹងរួមចំណែកដល់ការបញ្ឈប់អំពើហិង្សានិងអស្ថិរភាពក្នុងតំបន់ដែលកំពុងរងការឈឺចាប់នេះ»។
អំពើហិង្សាក្នុងតំបន់ West Bank បានកើនឡើងតាំងពីសង្គ្រាមនៅហ្កាហ្សាបានផ្ទុះឡើងនៅក្រោយពេលដែលក្រុមហាម៉ាស់បានវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក៕