អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ និងដោះស្រាយនូវ «តម្រូវការដ៏ចាំបាច់» របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នៅចំខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំមុន។ ការធ្វើរដ្ឋប្រហារនេះបានបណ្ដាលឲ្យមានការប្រឆាំងតវ៉ានៅទូទាំងប្រទេសអស់រយៈពេលជាច្រើនខែ ដែលការតវ៉ាទាំងនោះត្រូវបានយោធាបង្ក្រាបដោយបង្ហូរឈាម។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖ «ភាពឈឺចាប់ជាច្រើនរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ានៅទូទាំងប្រទេស និងផលប៉ះពាល់របស់មីយ៉ាន់ម៉ានៅក្នុងតំបន់ តម្រូវឲ្យមានការឆ្លើយតបជាបន្ទាន់។ លទ្ធភាពចូលទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អង្គការសហប្រជាជាតិនិងដៃគូនានានៅក្នុងការបន្តផ្តល់ជំនួយដោយផ្ទាល់ដល់ពួកគេ»។
លោក Haq បានបន្ថែមថា៖ «កងកម្លាំងប្រដាប់អាវុធនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន [របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា]។ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាត្រូវការឃើញលទ្ធផលជាក់ស្តែង»។
មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្លាប់បានបញ្ជាក់ក្នុងពេលកន្លងមកថា ការបង្ក្រាបរបស់ខ្លួននិងការវាយប្រហាររបស់ក្រុមយោធាគឺដើម្បីការពារប្រទេសពី «ក្រុមភេរវជន» តែប៉ុណ្ណោះ។
លោក Haq បានបញ្ជាក់ថា បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាអ្នកស្រី Noeleen Heyzer បានប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិបត្តិមីយ៉ាន់ម៉ា ហើយនឹងធ្វើការជាមួយនឹងសមាគមអាស៊ាន (ASEAN) ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕