តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធា នឹងចាប់ផ្តើមការកាត់ទោសលោកស្រី Aung San Suu Kyi មេដឹកនាំដែលគេទម្លាក់ចេញពីតំណែងពីបទលួចបន្លំការបោះឆ្នោត នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ។ នេះ បើតាមប្រភពមួយដែលបានដឹងពីដំណើការកាត់ទោសនេះ បានបញ្ជាក់នៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកស្រី បានរងការចោទប្រកាន់ពីការប្រើប្រាស់ឥទ្ធិពលលើការបោះឆ្នោតឆ្នាំ២០២០ ដើម្បីឈ្នះការកាន់តំណែងអាណត្តិទី២។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Suu Kyi ប្រឈមការកាត់ទោសនៅក្នុងរឿងក្តីជាច្រើនករណី ហើយរហូតមកទល់ពេលនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុបទាំងអស់ចំនួន៦ឆ្នាំ ដោយតុលាការមួយនៅក្នុងរដ្ឋធានីណៃពិដោ នៅក្នុងដំណើរការផ្លូវច្បាប់ដែលត្រូវបានរិះគន់ដោយសហគមន៍អន្តរជាតិថា គ្រាន់តែជាឆាកល្ខោន។
លោកស្រី បានច្រានចោលការចោទប្រកាន់របស់ពួកយោធាពីការលួចបន្លំការបោះឆ្នោតឆ្នាំ ២០២០ ដែលពេលនោះគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី បានឈ្នះភ្លូកទឹកភ្លូកដី។
ជ័យលាភីណូបែលសន្តិភាពលោកស្រី Suu Kyi អាយុ៧៦ឆ្នាំ ត្រូវបានរងការចោទប្រកាន់ពីការប្រើឥទ្ធិពលដល់គណៈកម្មការរៀបចំការបោះឆ្នោតក្នុងអំឡុងនៃការបោះឆ្នោត។ អតីតប្រធានាធិបតី និងសម្ព័ន្ធមិត្តលោក Win Myint និងលោក Min Thu អតីតសមាជិកគណៈរដ្ឋមន្ត្រី ប្រឈមមុខការចោទប្រកាន់ដូចគ្នា។ នេះ បើតាមប្រភពមួយដែលសុំមិនប្រាប់អត្តសញ្ញាណដោយសារជារឿងរសើប។
អ្នកនាំពាក្យពួកយោធា មិនបានឆ្លើយនឹងការហៅទូរស័ព្ទសុំអត្ថាធិប្បាយនោះទេ។ កន្លងមក រដ្ឋាភិបាលយោធា បាននិយាយថា លោកស្រី Suu Kyi នឹងអាចទទួលបានការកាត់ទោសត្រឹមត្រូវដោយតុលាការឯករាជ្យ។
ថ្ងៃអង្គារទី១ ខែកុម្ភៈ ស្អែកនេះ នឹងកត់សម្គាល់ខួប១ឆ្នាំនៃរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Suu Kyi ៕