អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) លោក Antonio Guterres បានមានប្រសាសន៍កាលពីថ្ងៃទី១១ ខែមីនាថា ស្ត្រីនិងនារីនៅទូទាំងពិភពលោកកំពុងរងទុក្ខដោយសារសិទ្ធិពួកគេបានចុះថមថយ។ ចំណែកឯស្ត្រីនិងនារីរាប់លាននាក់ថែមទៀតកំពុងរងគ្រោះដោយសារសង្គ្រាមនិងជម្លោះ។
នៅពេលបើកការប្រជុំប្រចាំឆ្នាំរយៈពេលពីរសប្តាហ៍នៃគណៈកម្មការឋានៈស្ត្រីនៅទីស្នាក់ការធំអ.ស.ប.នៅបូរី New York (ញូវយ៉ក) លោក Guterres បានថ្លែងប្រាប់ពួកការពារសិទ្ធិស្ត្រី ក្រុមមន្ត្រីនិងពួកសកម្មជនរាប់រយនាក់ថា៖ «ការជឿនលឿនដែលបានមកដោយពិបាក កំពុងត្រូវបានប្រែក្រឡះវិញ»។
លោកថា សិទ្ធិស្ត្រីជាបញ្ហាមួយនៃអំណាច ហើយថាលោកបារម្ភអំពីនិន្នាការអវិជ្ជមាន។
លោកអគ្គលេខាធិការអ.ស.ប.បានមានប្រសាសន៍ថា៖ «ទីមួយ ទោះជាមានការជឿនលឿនច្រើនដែលពួកអ្នកបានជួយឱ្យមានក៏ដោយ ក៏ការយកប្រុសៗជាធំមិនបានរលាយទេ។ ពួកអ្នកកាន់អំណាចផ្តាច់ការនិងក្រុមប្រជានិយមបានវាយប្រហារសេរីភាពស្ត្រីនិងសិទ្ធិខាងផ្លូវភេទនិងខាងការបន្តពូជរបស់ពួកគេ។ ក្រុមជនទាំងនេះឧបត្ថម្ភផ្ចុងផ្ដើមនូវអ្វីដែលពួកគេហៅថា«គុណតម្លៃប្រពៃណី»។
លោកបានថ្លែងថា ការរើសអើងប្រឆាំងស្ត្រីមានរាប់ពាន់ឆ្នាំមកហើយ ហើយមិនមែនជាអ្វីដែលគួរមានទៀតទេ វាគួរត្រូវតែប្រែក្រឡះ។
លោក Guterres បានមានប្រសាសន៍ថា៖ «យើងមិនអាចទទួលយកពិភពលោកមួយដែលពួកជីដូនព្រួយបារម្ភថា ចៅស្រីរបស់ពួកគាត់មានសិទ្ធិតិចជាងពួកគាត់ទេ។ ការណ៍នេះមិនត្រូវមានក្នុងរយៈពេលដែលយើងមានការទទួលខុសត្រូវឡើយ»។
ក្នុងពេលពីរសប្តាហ៍នេះ ក្រុមប្រតិភូនៅអ.ស.ប.នឹងពិនិត្យមើលថា តើធ្វើបែបណាដើម្បីធ្វើឱ្យសម្រេចបានសមភាពខាងយេនឌ័រ ដោយផ្តោតលើការដោះស្រាយបញ្ហាភាពក្រីក្រនិងការបណ្តាក់ទុនដល់ស្ត្រីនិងនារី។
ស្ថាប័នស្ត្រីរបស់អ.ស.ប. (U.N. Women) និយាយថា ស្ត្រីនិងនារីជាង១០០លាននាក់អាចចេញផុតពីភាពក្រីក្របានប្រសិនបើរដ្ឋាភិបាលផ្តល់អាទិភាពលើការសិក្សាអប់រំ ការកម្រិតចំនួនកូន ប្រាក់បៀវត្សរ៍ដោយយុត្តិធម៌និងស្មើភាពគ្នារវាងបុរសនិងស្ត្រីនិងពង្រីកអត្ថប្រយោជន៍សង្គម៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ