ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូទ្រីសចូលរួមផ្អាកជំនួយដល់ពលរដ្ឋប៉ាឡេស្ទីន ទោះជាមានការជំរុញពីប្រមុខអង្គការសហប្រជាជាតិ


រូបឯកសារ៖ រថយន្ត​របស់​ទីភ្នាក់ងារការងារនិងជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា UNRWA ឆ្លង​ច្រក​ព្រំដែន​ពី​តំបន់​ហ្កាហ្សា ចូល​ប្រទេស​អេហ្ស៊ីប​ តាមច្រក​ព្រំដែន Rafah កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ រថយន្ត​របស់​ទីភ្នាក់ងារការងារនិងជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា UNRWA ឆ្លង​ច្រក​ព្រំដែន​ពី​តំបន់​ហ្កាហ្សា ចូល​ប្រទេស​អេហ្ស៊ីប​ តាមច្រក​ព្រំដែន Rafah កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​ចន្ទនេះ​បាន​ក្លាយ​ជា​ប្រទេសថ្មីមួយទៀត ​ដែល​បាន​ផ្អាក​ការ​ផ្តល់​ថវិកា​បន្ថែម​ដល់ទី​ភ្នាក់ងារ​ជំនួយ​សង្គ្រាះប៉ាឡេស្ទីន​របស់​អង្គការ​សហប្រជាជាតិ​ ​មួយ​ថ្ងៃ​ក្រោយ​ពី​អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោក ​Antonio Guterres បាន​ជំរុញ​ដល់​បណ្តា​ប្រទេស​នានា​ឱ្យ​បន្តផ្តល់​ថវិកា​ឡើងវិញ​ ដើម្បី​ជួយ​ដល់​ជន​ភៀសខ្លួន​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​កំពុង​ត្រូវ​ការ​ជំនួយជា​ចាំបាច់។

រដ្ឋមន្ត្រីការបរទេស​អូទ្រីសបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​អំពាវនាវ​ដល់​ទី​ភ្នាក់ងារ​ការងារ​និង​ជំនួយសង្គ្រោះ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ឈ្មោះថា​ UNRWA​ និង​អង្គការ​សហប្រជាជាតិ​ ឱ្យ​ស៊ើបអង្កេត​ឱ្យ​បាន​ឆាប់រហ័ស​និង​ពេញលេញ​មួយ​ ទៅ​លើការចោទប្រកាន់​ ដែល​ថាក្រុម​បុគ្គលិក​ផ្តល់​ជំនួយ​ជា​ច្រើន​នាក់​ ​មាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការវាយប្រហារ​របស់​ក្រុមហាម៉ាស់ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី ​៧ ខែ​តុលា​កន្លង​ទៅ។​

ប្រទេស​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​ ១០ ​ដែរ​ ដែល​បានផ្តល់​ថវិកា​ប្រមាណ​ ៦០ ​ភាគរយ ​ដល់​ទី​ភ្នាក់ងារ​ជំនួយ​អង្គការ​សហប្រជាជាតិ ​UNRWA បាន​ផ្អាក​ការ​ផ្តល់​ថវិកា​របស់​ខ្លួន។ ប្រទេស​ទាំង​នោះ​រួម​មានសហរដ្ឋអាមេរិក អូស្ត្រាលី​ ចក្រភព​អង់គ្លេស​ កាណាដា​ ហ្វាំងឡង់​ អាល្លឺម៉ង់​ អ៊ីតាលី​ ជប៉ុន​ ហូឡង់ ​និង​ប្រទេស​ស្វីស។​

ប្រទេស​ន័វេស​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ ខណៈខ្លួនបារម្ភទៅ​លើ​ការចោទ​ប្រកាន់​នេះ ខ្លួន​នឹង​នៅ​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ។ ​

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក ​Guterres​ បានព្រមាន​ថា​ បើ​គ្មាន​ជំនួយ​គ្រប់គ្រាន់​ដល់​អង្គការ​ UNRWA ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ​២ ​លាន​នាក់ ក្នុង​តំបន់​ហ្កាហ្សា​ នឹង​ត្រូវ​កាត់​បន្ថយ​ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​កុម្ភៈ​នេះ​តទៅ។

ប្រទេស​អ៊ីស្រាអែល​បានរិះគន់​ភ្លាមៗដល់​លោក ​Guterres ដែល​បានអំពាវនាវ​ឱ្យបន្ត​ផ្តល់​ជំនួយ​ដល់​ជនជាតិ​ប៉ាឡេស្ទីន។​ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ​Gilad Erdan​ និយាយ​ថា​ លោក ​Guterres បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀតថា​ បញ្ហា​សន្តិសុខរបស់ពលរដ្ឋ​អ៊ីស្រាអែល​មិន​សំខាន់ខ្លាំង​សម្រាប់​លោក​នោះ​ឡើយ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG