ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​​​បោះឆ្នោត​​វ៉េតូ​​លើ​ការអំពាវនាវ​​របស់​អគ្គលេខាធិការ​អ.ស.ប.ឱ្យមាន​​​ការ​ឈប់បាញ់​គ្នា​​នៅ​​​​ហ្កាហ្សា


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាតិស្តីអំពីវិបត្តិមនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាតិស្តីអំពីវិបត្តិមនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

អគ្គលេខាធិការ​អ.ស.ប.លោក Antonio Guterres បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប. កាលពី​ថ្ងៃ​សុក្រ​ថា ​ក្នុងរយៈពេល​ពីរខែ​នៃសង្គ្រាម​របស់អ៊ីស្រាអែល​ជា​មួយ​ពួក​ហាម៉ាស់ «យើងកំពុងស្ថិតក្នុង​ស្ថានភាព​មិនអាចទ្រាំទ្រ​បាន» ​ហើយលោកបាន​សុំ​ដល់​សមាជិក​ក្រុមប្រឹក្សានេះ​ជំរុញឱ្យមាន​ការ​ឈប់បាញ់​គ្នាខាងមនុស្សធម៌​ជា​បន្ទាន់ ប៉ុន្តែ​សហរដ្ឋអាមេរិក​បានបោះឆ្នោត​វ៉េតូដើម្បី​រារាំង​ក្រុមប្រឹក្សា​សន្តិសុខ​មិនឱ្យ​ទាមទារ​ឱ្យមាន​ការ​ឈប់បាញ់​គ្នា។

លោក Guterres បានមានប្រសាសន៍ថា៖ «ប្រជារាស្ត្រ​នៅ​ហ្កាហ្សាធ្លាក់ដល់បាត។ សហគមន៍អន្តរជាតិ​ត្រូវធ្វើអ្វី​ទាំងអស់ដែល​អាច​ធ្វើ​បានដើម្បី​បញ្ចប់​ស្ថានភាពសែនពិបាក​របស់​ពួក​គេ»។

សង្គ្រាម​នេះ​បាន​កើតឡើងដោយ​ការវាយប្រហារ​របស់ក្រុម​ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ​ក្នុង​អ៊ីស្រាអែលបណ្តាល​ឱ្យមនុស្ស​ ១ពាន់ ២រយ​នាក់ស្លាប់។​ ជនជាតិ​ប៉ាឡេស្ទីន​រស់​ក្នុងតំបន់​ហ្កាហ្សា​គ្រប់គ្រងដោយពួក​ហាម៉ាស់រស់​នៅក្នុង​ស្ថានភាព​លំបាកធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ។ ​ក្រសួង​សុខាភិបាល​ហ្កាហ្សាថា​ មនុស្ស​ជាង ១ម៉ឺន ៧ពាន់​ ភាគ​ច្រើន​ជា​ស្ត្រីនិង​កុមារ​ ត្រូវបានសម្លាប់។ មនុស្សរាប់ពាន់នាក់ទៀត​រង​របួស​ឬ​បាត់ខ្លួន​ក្រោមកម្ទិច​អគារ​បែក​បាក់។

ក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប.​ មាន​ប្រទេស ១៥ ជាសមាជិក​បាន​ប្រជុំគ្នា​កាលពី​ព្រឹក​ថ្ងៃសុក្រ​ ក្រោយ​លោក Guterres បានផ្ញើ​សារទៅ​ពួកគេ​កាលពីថ្ងៃពុធ​ ដោយ​យក​មាត្រា ៩៩ នៃ​ធម្មនុញ្ញ​អ.ស.ប.​ មកប្រើ​ដែល​ផ្តល់អំណាចជូន​លោក​ឱ្យ​នាំទៅកាន់ក្រុមប្រឹក្សា​នូវបញ្ហា​ណា​ ដែល​លោក​មានជំនឿថា​អាចគំរាម​កំហែងដល់សន្តិភាព​និងសន្តិសុខអន្តរជាតិ។

នេះ​ជា​លើក​ដំបូងហើយដែល​លោក Guterres​ យកមាត្រា​នេះមកប្រើ​ក្នុង​រយៈពេល​លោក​កាន់តំណែង​នេះជិត​ ៧ឆ្នាំ ដែលមានវិបត្តិ​ជាច្រើន។ កាល​ពី​ពេលចុងក្រោយ​មាត្រា​នេះត្រូវលើក​យកមកប្រើ​នៅ​ឆ្នាំ ១៩៧១ នៅ​ពេលមានការប្រយុទ្ធ​គ្នាដែល​នាំ​ឱ្យ​មានការបង្កើត​ប្រទេស​បង់ក្លាដេស​និង​ការ​បែកចេញ​របស់ប្រទេសនេះពីប៉ាគីស្ថាន។

ទោះជាក្រុមប្រឹក្សា​សន្តិសុខ​បានពិភាក្សា​គ្នាអំពីសង្គ្រាមនៅ​ហ្កាហ្សា​ក៏​ដោយ ក៏​ការ​ខ្វែងគំនិត​ផ្ទៃក្នុងបានបញ្ចៀសមិនឱ្យក្រុមប្រឹក្សា​នេះ​ធ្វើសកម្មភាព​សំខាន់ណា​មួយបានទេ។​ ការ​ណ៍​ដែលលោក ​Guterres លើកយកមាត្រា ៩៩​ មកប្រើ ជា​វិធី​សម្រាប់ឱ្យលោក​ជំរុញឱ្យមាន​សកម្មភាព​ជា​បន្ទាន់។

ប្រេសិត​របស់​អ៊ីស្រាអែល​ប្រចាំ ​អ.ស.ប.​បានសាកសួរ​ថា​ នៅ​ពេលមានសង្គ្រាម​ជា​ច្រើនក្នុងពិភពលោក​ មាន​រួមសង្គ្រាម​នៅ​អ៊ុយក្រែន យេម៉ែន​និង​ស៊ីរី ដែល​នៅទីនោះ​មានការ​ប្រើអាវុធគីមី ​ហេតុដូច​ម្តេចបាន​ជា​មាត្រា​ ៩៩ ​មិនត្រូវ​បានលើក​យកមក​ប្រើរហូតដល់ពេល​នេះ។

កាល​ពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក​បានបោះឆ្នោត​វ៉េតូដើម្បីរាំង​ខ្ទប់​វិធានការ​នេះ។ ចក្រភព​អង់គ្លេសបោះឆ្នោត​អនុប្បវាទ។ សមាជិក ១៣ ទៀតនៃក្រុមប្រឹក្សា​សន្តិសុខ​បានគាំទ្រ​អត្ថបទនេះ តែ​ក្រុម​ប្រឹក្សានេះ​បរាជ័យ​ក្នុង​ការ​សម្រច​ឱ្យមាន​ការឈប់​បាញ់គ្នា​នៅ​ហ្កាហ្សា​ជា​បន្ទាន់នោះ ដោយសារការបោះឆ្នោតវ៉េតូ​ដោយ​អាមេរិក។

ពួក​ហាម៉ាស់បានថ្កោលទោស​ការបោះឆ្នោត​វ៉េតូរបស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​សេចក្តី​ព្រាង​សេចក្តីសម្រេច​ចិត្តនេះ ដោយបានពណ៌នា​សកម្មភាព​របស់អាមេរិក​នេះ​ថា​គ្មាន​សីលធម៌និង​អមនុស្សធម៌៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

XS
SM
MD
LG