ផែនការសំខាន់ៗនៃបណ្ដាប្រទេសមេគង្គដើម្បីដើរចេញពីវិបត្តិកូវីដ១៩ និងការតភ្ជាប់សេដ្ឋកិច្ចឈានឆ្ពោះទៅឆ្នាំ២០៣០ ត្រូវបានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី«ភាពអាសន្ននៃអាកាសធាតុ»ទៅថ្ងៃអនាគត។
ជំនួបកំពូលនៃបណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គដែលមានការជ្រោមជ្រែងពីធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ដោយមានការចូលរួមពីមេដឹកនាំរដ្ឋាភិបាលកម្ពុជា ចិន ឡាវ វៀតណាម ថៃ និងប្រមុខរបបសឹកភូមា។
ឯកសារពីរដែលត្រូវបានអនុម័តនោះរួមមាន«ក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០» និង«ការឆ្លើយតបនឹងជំងឺកូវីដ១៩និងផែនការស្ដារឡើងវិញឆ្នាំ២០២១-២០២៣»។
ក្នុងជំនួបកំពូលដែលប្រព្រឹត្តឡើងរៀងរាល់បីឆ្នាំម្ដងនេះ លោក ហ៊ុន សែន ដែលជាប្រធានអង្គប្រជុំអនឡាញបានលើកឡើងថា៖ «លើសពីនេះ ខណៈពេលដែលក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្ដី ឥឡូវនេះនៅមាននិន្នាការរយៈពេលវែងនិងទូលាយជាងនេះ ជាក់ស្តែងកំពុងស្ដែងឡើងដែលនឹងគំរាមកំហែងដល់ពិភពលោកទាំងមូល។ យើងកំពុងត្រូវបានព្រមានអំពី«ភាពអាសន្ននៃអាកាសធាតុ»ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្ដែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ»។
តំបន់អាងទន្លេមេគង្គបានស្គាល់នូវការកើតឡើងជាញឹកញយនៃបាតុភូតកម្រិតទឹកទាបនាប៉ុន្មានឆ្នាំចុងក្រោយនេះអំឡុងរដូវវស្សា ដែលក្រុមអ្នកការពារបរិស្ថានបានលើកឡើងថាបណ្ដាលមកពីគ្រោះរាំងស្ងួត និងការសាងសង់ទំនប់វារីអគ្គីសនីកាត់ផ្ទៃទន្លេ។
កាលពីខែមិថុនា គណៈកម្មការទន្លេមេគង្គ MRC (Mekong River Commission) ដែលមានប្រទេស៤ជាសមាជិក រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានព្រមានអំពីកង្វះការចែកចាយព័ត៌មានទិន្នន័យជលសាស្ត្រទូលំទូលាយរវាងបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គ ហើយបានស្នើឱ្យមានការគ្រប់គ្រងប្រសើរជាងនេះនូវធនធានទឹកឆ្លងព្រំដែន។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍រួមនៃជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ដែលផ្ដោតលើការតភ្ជាប់ក្នុងតំបន់ ការកសាងសហគមន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ចនោះ គេមិនបានឃើញមានការជជែកចំៗឡើយអំពីបញ្ហាគ្រោះអាសន្ននៃកម្រិតទឹកទាបនៅទន្លេមេគង្គ និងក៏ដូចជាអស្ថិរភាពក្នុងប្រទេសសមាជិកដូចជាមីយ៉ាន់ម៉ាជាដើម ដែលកំពុងរងវិបត្តិក្រោយរដ្ឋប្រហារយោធាចាប់តាំងពីដើមខែកុម្ភៈ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើឱ្យពិចារណាលើការធ្វើអន្តរកាលឈានទៅប្រើប្រាស់ថាមពលមានចំហាយកាបូនទាប និងកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើការដោះដូរបញ្ជូនថាមពលអគ្គិសនីឱ្យកាន់តែខ្វែងខ្វាត់។
ប្រមុខរដ្ឋាភិបាលវៀតណាមដែលទើបចូលកាន់តំណែងរូបនេះ ក៏បានស្នើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយសុវត្ថិភាព និងចីរភាព ដែលផ្ដោតជាសំខាន់លើការទប់ទល់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុអមនឹងការកសាងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
ដីសណ្ដទន្លេមេគង្គ ដែលជាមណ្ឌលសេដ្ឋកិច្ច កសិកម្ម និងពាណិជ្ជកម្ម ដ៏សំខាន់នៅភាគខាងត្បូងវៀតណាម បន្តិចម្ដងៗ កំពុងក្លាយជាចំណុចងាយរងគ្រោះពីបម្រែបម្រួលអាកាសធាតុ និងទន្ទ្រានពីទឹកប្រៃបណ្ដាលពីការហូរធ្លាក់ខ្សោយពីទន្លេមេគង្គផ្នែកខាងលើ។ នេះបើយោងតាមផ្សាយស្របគ្នានាពេលថ្មីៗនេះ ពីសំណាក់រដ្ឋការវៀតណាម និងការស្រាវជ្រាវវិទ្យាសាស្ត្រនានា។
កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ GMS (Greater Mekong Subregion) ត្រូវបានបង្កើតនៅឆ្នាំ១៩៩២ ជាក្របខណ្ឌអន្តរជាតិមួយក្នុងចំណោមក្របខណ្ឌអន្តរជាតិផ្សេងទៀត ដែលបណ្ដាប្រទេសមេគង្គកំពុងធ្វើជាមួយដៃគូធំៗ។
រដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា តាំងពីពេលបង្កើតមក GMS បានជួយកៀរគរជំនួយបាន២៧,៧ប៊ីលាន(ពាន់លាន)ដុល្លារ លើគម្រោងចំនួន១០៩ និងជំនួយបច្ចេកទេសចំនួន ២៣០គម្រោង៕