ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការ​អ.ស.ប.​ថា​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​នៅ​អាហ្វហ្គានីស្ថាន


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres និង​អនុ​ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌របស់​អង្គការ​សហប្រជាជាតិ​ (OCHA) លោក Martin Griffiths និយាយ​គ្នា​នៅ​មុន​សន្និសីទ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ឯ​អង្គការ​សហប្រជាជាតិ​ក្នុងទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres និង​អនុ​ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌របស់​អង្គការ​សហប្រជាជាតិ​ (OCHA) លោក Martin Griffiths និយាយ​គ្នា​នៅ​មុន​សន្និសីទ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ឯ​អង្គការ​សហប្រជាជាតិ​ក្នុងទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

សហគមន៍​អន្តរជាតិ​បាន​សន្យា​ផ្តល់​លុយ​ជាង​១​ពាន់​២រយ​លាន​ដុល្លារ​សម្រាប់​ជំនួយ​មនុស្ស​ធម៌​និង​ការ​អភិវឌ្ឍ​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ប្រទេស​នេះ​ជិត​មាន​មហន្តរាយ​មនុស្សធម៌​និង​សេដ្ឋកិច្ច។

លោក ​Antonio Guterres ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ថា៖​ «មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​ការ​ទទួល​ស្គាល់​ថា​ នេះ​ជាពេល​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ប្រមូល​ផ្តុំ​គ្នា​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន​ខណៈ​ពួកគេ​កំពុង​ជួប​ប្រទះ​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធំ​សម្បើម​និង​ឆាប់​រហ័ស»។​

អង្គការ​សហ​ប្រជាជាតិ​បន្ត​វត្តមាន​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​រួមជា​មួយ​អង្គការ​ជំនួយ​អន្តរជាតិ​ជាច្រើន​ទៀត។​ ប្រជាជន​ប្រឈម​មុខ​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ ​ដោយសារ​ជម្លោះ​ជាច្រើន​ឆ្នាំ ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​និង​ជំងឺកូវីដ​១៩​ សូម្បីតែមុន​ពេល​រដ្ឋាភិបាល​ដួល​រលំ​ ហើយ​ពួក​តាលីបង់​បាន​វាយ​លុកចូល​ទីក្រុង​កាប៊ុល​នៅ​ថ្ងៃទី ១៥ ​ខែ​សីហា។​

លោក ​Guterres​ បាន​ប្រាប់​ការ​ជួប​ជុំ​នៅ​ទីក្រុង​ហ្សឺណែវ​ថា៖​ «ប្រជាជន​អាហ្វហ្គានីស្ថាន​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជីវិត»។​ អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​រក​ប្រាក់​ចំនួន​៦០៦​លាន​ដុល្លារ​សម្រាប់​ស្បៀង​អាហារ​ ការ​ថែ​ទាំសុខភាព​ ទីជម្រក​និង​តម្រូវ​ការ​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​ជួយ​មនុស្ស​១១​លាន​នាក់​ ​ពីពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ។ លោក​បាន​និយាយ​ថា​ លោក​មិន​ច្បាស់​ទេ​ថា​ ​ប្រាក់​ចំនួន​ប៉ុន្មាន​ទទួល​បាន​តាម​រយៈ​ការ​បរិច្ចាគ​តាម​ការ​អំពាវនាវ​ភ្លាមៗ​និង​ប្រាក់​ចំនួន​ប៉ុន្មាន​បាន​ពី​កម្ម​វិធី​ផ្សេង​ទៀតដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់​ដើម្បី​ជួយ​ប្រទេស​ដែល​ទទួល​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​ប៉ុន្តែ​និយាយ​ជារួម​ លោក​ពេញចិត្ត​នឹង​លទ្ធផល​នេះ។​

អត្រា​ភាព​ក្រីក្រ​របស់​ប្រទេស​នេះ​កំពុង​កើនឡើង​ សេវាកម្ម​សាធារណៈ​ជិត​ដួល​រលំ​ ហើយ​អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា​ មនុស្ស​ជាច្រើន​អាច​នឹង​អស់​ស្បៀង​អាហារ​នៅ​ចុងខែ​នេះ​ ​ដោយសារ​តម្លៃ​ទំនិញ​កើន​ឡើង​និង​ប្រាក់ខែ​និង​ប្រាក់​សន្សំ​កាន់​តែ​ខ្សោះ។​ ដោយសារ​រដូវ​រងារ​កាន់តែ​ខិត​ជិត​មក​ដល់ ជំនួយ​មនុស្ស​ធម៌​ត្រូវការ​ជា​បន្ទាន់​សម្រាប់​រៀបចំ​ស្បៀង​អាហារ​និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ដែល​អាកាស​ធាតុ​អាក្រក់​បង្កការ​ពិបាក​ដល់ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ៕

XS
SM
MD
LG