អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បាននិយាយថា យន្តហោះពាណិជ្ជកម្មរបស់ខ្លួន បានចេញដំណើរពីទីក្រុងអ៊ីស្លាម៉ាបាដទៅចុះនៅទីក្រុងកាប៊ុលនៅថ្ងៃច័ន្ទនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋប៉ាគីស្ថាននឹងដឹកមនុស្សដែលមានឯកសារធ្វើដំណើរត្រឹមត្រូវពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។ ទោះជាយ៉ាងណា គេមិនច្បាស់ភ្លាមៗថាតើយន្តហោះនេះត្រូវបានចាត់ថ្នាក់ជាជើងយន្តហោះពាណិជ្ជកម្មធម្មតា ឬយន្តហោះពាណិជ្ជកម្មពិសេសនោះទេ។
នេះគឺជាយន្តហោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានដំបូងគេដែលបានចុះចតនៅទីក្រុងកាប៊ុល បន្ទាប់ពីការបញ្ចប់នៃការដកកងទ័ពបរទេសនិងការជម្លៀសប្រជាជនទ្រង់ទ្រាយធំចេញពីប្រទេសអាហ្វហ្គានីស្ថាននៅខែដើមនេះ។
ម្យ៉ាងទៀតអាកាសយានិកអាហ្វហ្គានីស្ថានខ្លះ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសអ៊ូសបេគីស្ថានប្រហែលមួយខែ បានចាប់ផ្តើមចាកចេញកាលពីថ្ងៃអាទិត្យទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អាកាសយានិកអាហ្វហ្គានីស្ថានម្នាក់ដែលបង្ហាត់ដោយសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាអាកាសយានិកមួយក្រុមចាកចេញពីប្រទេសអ៊ូសបេគីស្ថានទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃអាទិត្យតាមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក ថ្វីបើក្រុមតាលីបង់ទាមទារថា ពួកគេត្រូវត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញក៏ដោយ។
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាកាសយានិកនឹងទៅកាន់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងទីក្រុងដូហា ប្រទេសកាតា មុនពេលត្រូវទៅទីតាំងថ្មីនៅប្រទេសទី៣។
គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេអំពីអនាគតយន្តហោះចំនួន៤៦គ្រឿងនៅប្រទេសអ៊ូសបេគីស្ថានដែលរួមមានយន្តហោះវាយប្រហារធន់ស្រាលប្រភេទ A-29 និងឧទ្ធម្ភាគចក្រ UH-60 Black Hawk។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ុន្មានម៉ោងមុនរដ្ឋធានីកាប៊ុលដួលរលំកាលពីថ្ងៃទី១៥ ខែសីហា បុគ្គលិកយោធាអាហ្វហ្គានីស្ថានសរុបចំនួន៥៨៥នាក់ និងក្រុមគ្រួសាររបស់ពួកគេបានជិះយន្តហោះយោធាចំនួន២២គ្រឿង និងឧទ្ទម្ភាគចក្រចំនួន២៤គ្រឿងទៅកាន់ប្រទេសអ៊ូសបេគីស្ថាន។ ពួកគេត្រូវបានស្ទាក់ដោយយន្តហោះយោធាអ៊ូសបេគីស្ថាន ហើយត្រូវបានបង្ខំឲ្យចុះនៅអាកាសយានដ្ឋានអន្តរជាតិនៅក្នុងទីក្រុង Termez ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់បានគាបសង្កត់ឲ្យរដ្ឋាភិបាលអ៊ូសបេគីស្ថានប្រគល់យន្តហោះ និងអាកាសយានិក។ នេះបើតាមមន្រ្តីសហរដ្ឋអាមេរិកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រុមតាលីបង់បានរឹបអូសយកយន្តហោះ រួមទាំងឧទ្ធម្ភាគចក្រនិងយន្តហោះគ្មានមនុស្សបើកកាលពីចុងខែមុន ហើយបានទាមទារថា រថយន្តដែលត្រូវបានយកមុនពេលពួកគេបានប្រកាសកាន់កាប់រដ្ឋធានីកាប៊ុល ត្រូវតែប្រគល់មកឲ្យវិញ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ)