ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសហប្រជាជាតិអំពាវនាវឱ្យការពារជនស៊ីវិលនៅហ្កាហ្សា ក្រោយពីមានការបាញ់ផ្លោងលើទីតាំងរបស់ខ្លួន


ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​មើល​សាកសព​ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​ថ្មើជើងនិង​តាម​អាកាស​​របស់​ទាហាន​អ៊ីស្រាអែល​លើ​ទីក្រុង​ Khan Younis នៅ​កន្លែង​បញ្ចុះ​សព​មួយ​ក្នុង​ក្រុង Rafah ភាគខាងត្បូង​តំបន់ហ្កាហ្សា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ពលរដ្ឋ​ប៉ាឡេស្ទីន​ឈរ​មើល​សាកសព​ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​ថ្មើជើងនិង​តាម​អាកាស​​របស់​ទាហាន​អ៊ីស្រាអែល​លើ​ទីក្រុង​ Khan Younis នៅ​កន្លែង​បញ្ចុះ​សព​មួយ​ក្នុង​ក្រុង Rafah ភាគខាងត្បូង​តំបន់ហ្កាហ្សា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​មួយ​រូប​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​មាន​ការចាត់ «គ្រប់​វិធានការ​ទាំងអស់» ដើម្បី​ការពារ​ជន​ស៊ីវិល បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១២ នាក់​នៅ​ពេល​ដែល​រថក្រោះ​បាញ់​ផ្លោង​ចំ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​មួយ​កន្លែង​របស់​អង្គការ​សហប្រជាជាតិ​ដែល​ជា​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​ដែល​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង។

លោក Thomas White ប្រធាន​ផ្នែក​កិច្ចការ​តំបន់​ហ្កាហ្សា (Gaza) នៃ​ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA) បាន​និយាយ​ថា ស្ថានភាព​នៅក្នុង​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ដែល​នៅ​ទីនោះ​ការ​វាយ​ប្រហារ​បាន​កើតឡើង បាន​បង្ហាញ​ឱ្យ​ឃើញ​«ការ​បរាជ័យ​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​ការគោរព​តាម​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ»។

លោក White បាន​និយាយ​ថា ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ពុធ​នោះ​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៧៥ នាក់​រង​របួស​ផងដែរ។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​មិន​ជឿ​ថា​ការបាញ់ផ្លោង​នេះ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​របស់​ខ្លួន​នោះទេ ប៉ុន្តែ​បាន​និយាយ​ថា​ស្ថានភាព​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត។ យោធា​នេះ​ក៏​បាន​បន្ថែម​ផងដែរ​ថា តំបន់​ដ៏​ទូលំទូលាយ​នៃ​ទីក្រុង Khan Younis គឺជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។

សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អ៊ីស្រាអែល​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នេះ បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ចុងក្រោយ​បង្អស់​នេះ​ដែល​បាន​សម្លាប់​ជន​ស៊ីវិល។

លោក Philippe Lazzarini ប្រធាន​ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នេះ បាន​និយាយ​ថា ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​នោះ​គឺ​មាន​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ជា​ទីតាំង​របស់​អង្គការ​សហប្រជាជាតិ ​ហើយ​ប្លង់នៃ​ទីតាំង​នោះ​ក៏ត្រូវ​បាន​ជូន​ដំណឹង​ដល់អាជ្ញាធរ​អ៊ីស្រាអែល​ផងដែរ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG