អ៊ីស្រាអែលបាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនបានវាយប្រហារតាមអាកាសនិងថ្មើជើងនៅក្នុងតំបន់ភាគខាងជើង កណ្តាលនិងភាគខាងត្បូងហ្កាហ្សាស្របពេលដែលប្រធានអង្គការសហប្រជាជាតិបានព្រមានពី «ការឈឺចាប់និងមហន្តរាយ» នៃសង្គ្រាមលើជនស៊ីវិលប៉ាឡេស្ទីន ហើយនឹងដំណើរទស្សនកិច្ចរបស់បេសក ជនសហរដ្ឋអាមេរិកទៅកាន់តំបន់នោះ រួមមានការពិភាក្សាការឈប់បាញ់គ្នាបណ្តោះអាសន្នថ្មីមួយ។
សកម្មភាពរបស់យោធាអ៊ីស្រាអែលរួមមាននៅក្នុងទីក្រុង Khan Younis ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ជាទីកន្លែងដែលការប្រយុទ្ធបានរីកកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនបានឡោមព័ទ្ធតំបន់នោះ។
ការព្រមានយោធាអ៊ីស្រាអែលមួយបានប្រាប់ប្រជាពលរដ្ឋនៅផ្នែកនានានៃទីក្រុង Khan Younis ភាគខាងជើង ឱ្យជម្លៀសចេញ ជាបទបញ្ជាថ្មីៗបំផុតដែលអ៊ីស្រាអែលនិយាយថា ដើម្បីការពារជនស៊ីវិលពីការប្រយុទ្ធ។
ការិយាល័យសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា បទបញ្ជានៃការជម្លៀសនោះបានប៉ះពាល់តំបន់ដែលមានមនុស្ស ៨៨.០០០ នាក់ ថែមពីលើមនុស្សគ្មានទីកន្លែងរស់នៅ ៤២៥.០០០ នាក់ ដែលកំពុងជ្រកពួននៅក្នុងសាលារៀននិងទីកន្លែងផ្សេងៗទៀត។ ២០ភាគរយនៃតំបន់នោះ ក៏ជាទីកន្លែងមន្ទីរពេទ្យផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពលរដ្ឋតំបន់ហ្កាហ្សាទាំងមូលកំពុងទទួលរងការបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំនិងយ៉ាងលឿនក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា បេសកជនតំបន់មជ្ឈិមបូព៌ាលោក Brett McGurk បានស្ថិតនៅក្នុងរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ដែលជាផ្នែកមួយនៃការខំប្រឹងប្រែងក្នុងពេលថ្មីៗនេះ ដើម្បីសម្រេចឲ្យបាននូវបទឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយ ដែលនឹងរួមមានយន្តការដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ