ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបថា «ស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង» នៅហ្កាហ្សា


ទិដ្ឋភាព​នៃជំរំជនភៀសខ្លួន​បណ្តោះអាសន្ន​របស់​ពលរដ្ឋប៉ាឡេស្ទីន​នៅ​តំបន់ Khan Younis នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅតែបន្ត។
ទិដ្ឋភាព​នៃជំរំជនភៀសខ្លួន​បណ្តោះអាសន្ន​របស់​ពលរដ្ឋប៉ាឡេស្ទីន​នៅ​តំបន់ Khan Younis នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅតែបន្ត។

ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វិធី​ដែល​អ៊ីស្រាអែល​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) គឺ «កំពុង​បណ្ដុះ​គំនុំ​រាប់​ជំនាន់»។

លោក Borrell បាន​និយាយ​ដូច្នេះ​នៅ​មុន​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Israel Katz និង​មន្ត្រី​ការទូត​កំពូល​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​លោក Riyad al-Maliki។

លោក Borrell បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​គិត​អំពី​អ្វី​ដែល​ក្រុម​ហាម៉ាស់​បាន​ធ្វើ ហើយ​ជា​ការពិត យើង​ប្រឆាំង​និង​ថ្កោលទោស​ទង្វើ​ទាំង​នេះ។ ប៉ុន្តែ សន្តិភាព​និង​ស្ថិរភាព​មិន​អាច​កសាង​បាន​ដោយសារតែ​មធ្យោបាយ​យោធា​តែ​មួយ​មុខ​នោះ​ទេ និង​មិន​មែន​តាម​វិធី​នៃ​ការ​ប្រើ​មធ្យោបាយ​យោធា​បែប​នេះ​នោះឡើយ»។

លោក Borrell ស្ថិត​ក្នុង​ចំណោម​មន្ត្រី​បស្ចិម​ប្រទេស​នានា​ដែល​បាន​រិះគន់​លើ​ចំនួន​នៃ​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​ថា ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ២៥.១០៥ នាក់​ត្រូវ​បាន​សម្លាប់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​និង​កុមារ។ ក្រសួង​នេះ​មិន​បាន​បញ្ជាក់​ជាក់លាក់​អំពី​ចំនួន​ជន​ស៊ីវិល​និង​យុទ្ធជន​ហាម៉ាស់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​ទេ។

អ៊ីស្រាអែល​បាន​រិះគន់​ក្រុម​ហាម៉ាស់​ថា​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយ​បាន​បញ្ជាក់​ថា​ក្រុម​នេះ​ធ្វើ​ប្រតិបត្តិការ​ដោយ​ចេតនានៅ​ក្នុង​តំបន់​រស់នៅ​របស់​ពលរដ្ឋ​និង​នៅ​ក្នុង​បណ្ដាញ​រូង​ក្រោមដី។

ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​តាម​អាកាស​សំដៅ​លើ​ក្រុម​យុទ្ធជន​ហាម៉ាស់​នៅ​តំបន់​ភាគ​ខាង​ជើង កណ្ដាល និង​ខាង​ត្បូង។

ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង Khan Younis នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​តំបន់​នោះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាលពី​ថ្ងៃ​អាទិត្យ​បាន​ច្រានចោល​សំណើ​របស់​ក្រុម​ហាម៉ាស់​ដែល​ចង់​បញ្ចប់​សង្គ្រាម៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG