ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលនិយាយថា ទាហានខ្លួន​២៤​នាក់ស្លាប់​ក្នុង​តំបន់​ហ្កាហ្សានៅថ្ងៃអង្គារនេះ


ទាហាន​អ៊ីស្រាអែល​សែង​ម្ឈូស​នៃ​សាកសព​ទាហាន​ដែល​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងត្បូង​តំបន់ហ្កាហ្សា នៅរដ្ឋធានី Jerusalem ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ខណៈសង្គ្រាម​រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតែបន្ត។
ទាហាន​អ៊ីស្រាអែល​សែង​ម្ឈូស​នៃ​សាកសព​ទាហាន​ដែល​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងត្បូង​តំបន់ហ្កាហ្សា នៅរដ្ឋធានី Jerusalem ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ខណៈសង្គ្រាម​រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតែបន្ត។

អ៊ីស្រាអែលបាន​រាយការណ៍ថាយោធារបស់​ខ្លួនចំនួន ​២៤​នាក់​ បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​តំបន់​ហ្កាហ្សា​ ដែលជាថ្ងៃ​ដែល​មាន​ទាហាន​អ៊ីស្រាអែល​ស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ ​ចាប់​តាំង​ពី​ខ្លួន​បាន​បើក​យុទ្ធនាការ​វាយកម្ទេច​ក្រុម​យុទ្ធជន​ហាម៉ាស់​មក។

អ្នក​នាំ​ពាក្យ​កងយោធា​អ៊ីស្រាអែលលោក​ឧត្តមនាវី​ទោ​ ​Daniel Hagari បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា​ ពេល​ទាហាន​អ៊ីស្រាអែលចំនួន​ ២១​នាក់ ​កំពុង​ត្រៀមដាក់​បំផ្ទុះ​អគារ​ពីរកាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក៏​មាន​គ្រាប់​មីស៊ីល​មួយ​គ្រាប់​ត្រូវ​បានក្រុម​ហាម៉ាស់​បាញ់​ចំ​រថក្រោះ​មួយ​គ្រឿង​ដែល​នៅ​ក្បែរ​នោះ​ ដែល​ធ្វើ​ឱ្យ​គ្រាប់​ដែល​បម្រុង​ដាក់​បំផ្ទុះ​អគារនោះផ្ទុះ​ឡើង​ ដោយ​រលំ​អគារ​បាក់​ទៅ​លើ​ទាហាន​អ៊ីស្រាអែល។ ចំណែក​ទាហាន​អ៊ីស្រាអែល​ ៣​នាក់​ផ្សេង​ទៀត​ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដាច់​ដោយឡែក​មួយ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu ​និយាយ​ថា​ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នេះ​ហើយ។​

រដ្ឋមន្ត្រី​ការពារ​ជាតិអ៊ីស្រាអែល​លោក​ Yoav Gallant​ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ X ​ថា​ វា​ជា​ «ពេលព្រឹកដ៏​លំបាក​ដែល​ពោរពេញ​ដោយ​ការឈឺចាប់​»។

កងកម្លាំង​អ៊ីស្រាអែល​បានធ្វើ​យុទ្ធនាការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងលើ​តំបន់​ហ្កាហ្សា​ ខណៈ​ដែល​ក្រុម​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់នេះ ​បាន​ចោទ​អ៊ីស្រាអែល​ថា​បាន​វាយប្រហារ​លើ​អគារ​សុខាភិបាល​ជា​ច្រើនខ្នង។​

អង្គការ​អឌ្ឍច័ន្ទ​ក្រហម​ប៉ាឡេស្ទីន​និយាយ​ថា​ ​អ៊ីស្រាអែល​បាន​ផ្លោងចំទី​ស្នាក់ការធំ​របស់ខ្លួននៅក្នុង​ទីក្រុង​ Khan Younis​ ​ស្រប​គ្នានឹង​ការវាយប្រហារ​តាម​ដ្រូនដ៏​ខ្លាំង​របស់​អ៊ីស្រាអែល​ផង​ ដោយ​ធ្វើឱ្យ​ជន​ដែល​គ្មាន​ទីជម្រកនិងកំពុង​ស្វែងរក​សុវត្ថិភាព​នៅ​ក្នុងបរិវេណរបស់​អង្គការ​នេះរងរបួស​ជាច្រើន​នាក់។ ​

សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​ដល់​អ៊ីស្រាអែល​ឱ្យ​ការពារ​ជនស៊ីវិល​ក្នុង​មន្ទីរពេទ្យ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Agence France-Presse និង ​Reuters ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG