នៅឆ្នាំ២០១៦ មនុស្សប្រមាណជា៣២២,០០០នាក់ បានស្លាប់ដោយសារការលង់ទឹក ពោលគឺរៀងរាល់៩០វិនាទីម្ដងមានមនុស្សម្នាក់ស្លាប់ដោយសារការលង់ទឹកក្នុងពិភពលោក។ ចំនួននេះខ្ពស់ជាងការស្លាប់ដោយជំងឺរលាកថ្លើម និងមរណភាពរបស់មាតា។ ដោយឡែកមនុស្សចំនួនបួននាក់ស្លាប់ដោយសារការលង់ទឹកជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍ប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញក្នុងសន្និសីទពិភពលោក ស្ដីពីការបង្ការការលង់ទឹកឆ្នាំ២០១៩ ដែលធ្វើឡើងក្នុងទីក្រុងដឺបឺន ប្រទេសអាហ្វ្រិកខាងត្បូង។
សន្និសីទរយៈពេលបីថ្ងៃ ត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ។ អង្គការសុខភាពពិភពលោកបង្ហាញបន្ថែមថា ជាង៩០ភាគរយនៃការស្លាប់ដោយលង់ទឹក កើតឡើងក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
អ្នកនាង ខារ៉ូឡាញ លូខាស៊ីក (Caroline Lukaszyk) អ្នកសម្របសម្រួលទិន្នន័យប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក ឲ្យដឹងថា កម្ពុជាមានចំនួនមនុស្សស្លាប់ដោយលង់ទឹកខ្ពស់ ជាពិសេសកើតឡើងលើកុមារនៅតាមជនបទ ដោយសារតែក្មេងៗត្រូវរស់នៅតំបន់ដែលមានប្រភពទឹកដូចជាបឹង ស្ទឹងជាដើម ប៉ុន្តែមិនមានការការពារត្រឹមត្រូវ។ យ៉ាងណាក្ដី អ្នកនាងបន្ថែមថា ការកាត់បន្ថយការលង់ទឹកបានលុះត្រាតែមានការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ពិសេសការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់។
«ការស្លាប់ដោយសារលង់ទឹកនឹងមានចំនួនកើនឡើងប្រសិនវាមិនត្រូវបានដោះស្រាយ ហើយវាគឺពិតជារឿងដែលសោកសៅណាស់ ពិសេសនៅកម្ពុជា ក្មេងៗជាច្រើនបានលង់ទឹក។ ហើយវាជារឿងដែលអាចបង្ការបាន ហើយពួកយើងដឹងថាត្រូវបង្ការដោយរបៀបណា។ វាជាដំណោះស្រាយដែលចំណាយទាបក្នុងការរៀបចំសហគមន៍ឲ្យអនុវត្ត»។
សិក្ខាសាលាជាសកលស្ដីពីការបង្ការការលង់ទឹកឆ្នាំ២០១៩ នេះមានអ្នកចូលរួមចំនួន៥០០នាក់ មកពីប្រទេសជាង៦០ ដែលភាគច្រើនជាអ្នកជំនាញ និងស្រាវជ្រាវពាក់ព័ន្ធនឹងការបង្ការការលង់ទឹក។
មានការធ្វើបទបង្ហាញជិត៥០ ដែលផ្ដោតលើការស្រាវជ្រាវស្តីពីការលង់ទឹក បញ្ហាចោទ ការការពារ សង្គ្រោះ និងការឆ្លើយតបទៅនឹងការលង់ទឹកជាដើម។ ក្នុងនោះក៏មានការដាក់តាំងបង្ហាញអំពីឧបករណ៍ថ្មីៗដែលទើបបង្កើតឡើង ព្រមទាំងការធ្វើបទបង្ហាញផ្សេងៗពាក់ព័ន្ធនឹងការបង្ការ និងសង្គ្រោះករណីលង់ទឹក។
លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាប្រាប់ VOA ថាក្នុងជំនន់កាលពីឆ្នាំ២០១៨ មានមនុស្សស្លាប់ដោយសារការលង់ទឹកចំនួន១៣នាក់នៅប្រទេសកម្ពុជា ហើយនៅក្នុងទឹកជំនន់កាលពីខែសីហា ឆ្នាំ២០១៩នេះ ក៏មានមនុស្សចំនួន១៣នាក់បានស្លាប់ដោយសារការលង់ទឹកផងដែរ។
លោក លី សូវ៉ាន់ បញ្ជាក់ថា ជារៀងរាល់ពេលដល់រដូវវស្សា ក្រសួងសុខាភិបាលកម្ពុជាតែងប្រកាសណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នពីការលង់ទឹក និងគ្រោះថ្នាក់ផ្សេងៗ ដើម្បីបង្ការ និងទប់ស្កាត់។ លោកបន្តថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ជាហេតុធ្វើឲ្យគ្រោះថ្នាក់ដោយសារការលង់ទឹកមានចំនួនច្រើន។
«ទៅអនាគតយើងនឹងខិតខំបន្តទៀត និងសហការជាមួយអង្គការសុភាពពិភពលោកដើម្បីរកចំណុចគន្លឹះល្អៗបន្ថែមទៀត ក្នុងការបង្ការសុខភាព មិនមែនតែទឹកជំនន់ទេ គឺបង្ការសុខភាពទាំងអស់ក្នុងពេលទឹកជំនន់ម្តងៗហ្នឹង។ បច្ចុប្បន្ននេះគឺយើងមានមន្រ្តីយើងគ្រប់កន្លែងហើយ តែសំខាន់បំផុតគឺការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសចំណេះដឹងអំពីការសង្គ្រោះបឋម។ កន្លងមកនេះយើងសង្កេតឃើញថាប្រជាពលរដ្ឋនៅតែអនុវត្តទំនៀមទម្លាប់ចាស់ ការសង្គ្រោះពស់ចឹកក្តី ឬមួយក៏ទឹកជំនន់ក្តីហ្នឹង គឺមិនបានត្រឹមត្រូវទេ»។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចេញផ្សាយកាលពីឆ្នាំ២០១៤បង្ហាញថា ការលង់ទឹកជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារនៅកម្ពុជា។ កុមារអាយុចន្លោះពី ៥ ទៅ១៤ ឆ្នាំ មានចំនួនជាងពាក់កណ្ដាលនៃជនរងគ្រោះចំនួន ១,៣៥៧ នាក់ ដែលមានអាយុក្រោម១៥ឆ្នាំ នៅឆ្នាំ ២០១២។
លោក Conrad Foote ស្ថាបនិកអង្គការ សុវត្ថិភាពពេលមានបញ្ហា ឬហៅកាត់ថា Swim កម្ពុជា ដែលធ្វើការងារលើកកម្ពស់សុវត្ថិភាពផ្លូវទឹកនៅកម្ពុជា លើកឡើងថា ហានិភ័យនៃការលង់ទឹកភាគច្រើនគឺកើតឡើងដោយសារកង្វះការយល់ដឹងពីគ្រោះថ្នាក់ កង្វះចំណេះដឹង និងជំនាញក្នុងការមើលថែកុមារ កង្វះជំនាញហែលទឹក កុមារលេងក្នុងទឹកដោយគ្មានអ្នកមើលថែ និងកង្វះជំនាញសង្គ្រោះបឋមជាដើម។
លោក Conrad Foote អះអាងថា កុមាររងគ្រោះដែលស្លាប់ដោយសារការលង់ទឹកអាចមានចំនួនរហូតដល់ប្រាំមួយនាក់ក្នុងមួយថ្ងៃ ខណៈដែលអង្គការសុខភាពពិភពលោក ប៉ាន់ស្មានថាមានកុមារកម្ពុជាស្លាប់ដោយសារការលង់ទឹកចំនួនតែបួននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ្នកនាង Caroline Lukaszyk អ្នកសម្របសម្រួលទិន្នន័យប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក គូសបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៤មក អង្គការសុខភាពពិភពលោក បានចាត់ទុកការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរមួយ ប៉ុន្តែពិភពលោកហាក់មានការធ្វេសប្រហែសក្នុងការទប់ស្កាត់។ អ្នកនាងបន្ថែមថា រដ្ឋាភិបាលនៅប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមភាគច្រើនមិនបានស្វែងយល់ស៊ីជម្រៅអំពីផលប៉ះពាល់ និងមិនមានតួលេខនៃការស្លាប់ ជាហេតុធ្វើឲ្យពួកគេចាត់ទុកថា ការលង់ទឹកមិនមែនជាបញ្ហាចម្បងដែលពួកគេត្រូវយកចិត្តទុកដាក់ខ្ពស់៕