ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​បីនាក់​ស្លាប់ ខណៈពលរដ្ឋ​ជាង​១.៣០០​​គ្រួសារ​រង​ផលប៉ះពាល់ដោយ​សារ​ទឹក​ជំនន់


ផ្ទះ​ប្រជាពលរដ្ឋ​ដែល​​លិចទឹក​នៅ​ក្នុង​ស្រុកចិត្របូរី​ ខេត្ត​ក្រចេះ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/ភាតរភាពយុទ្ធជន)
ផ្ទះ​ប្រជាពលរដ្ឋ​ដែល​​លិចទឹក​នៅ​ក្នុង​ស្រុកចិត្របូរី​ ខេត្ត​ក្រចេះ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/ភាតរភាពយុទ្ធជន)

កុមា​រ​ពីរ​​នាក់​​​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ ក្នុង​ទឹក​ជំនន់​​ទន្លេមេគង្គ​ក្នុ​ង​​ខេត្ត​ក្រចេះនិង​កុមារ​ម្នាក់​ទៀត​ស្លាប់​​ក្នុ​ង​ខេត្ត​ព្រះវិហារ។

ក្នុងពេល​មានកម្រិត​ទឹក​បានកើនឡើង​ខ្លាំង​ក្នុង​ខេត្តក្រចេះ​ និង​ព្រះវិហារ​ មាន​ក្មេងបីនាក់បាន​ស្លាប់​ដោយសារ​ការ​លង់​ទឹក។ មន្ត្រី​រដ្ឋាភិបាល​ទទួលបន្ទុក​ឆ្លើយ​តប​នឹងគ្រោះ​មហន្តរាយ​ អះអាង​ថា​ ពលរដ្ឋ​ប្រមាណ​១៣០០គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព។ ហើយនៅ​ពេល​នេះ​ទឹក​ជំនន់​មិនទាន់​ចុះថម​ថយ​នៅឡើយ​។ ​

កុមា​រ​ពីរនាក់​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ ក្នុង​ទឹក​ជំនន់ទន្លេមេគង្គ​ក្នុ​ងខេត្ត​ក្រចេះនិង​កុមារ​ម្នាក់​ទៀត​ស្លាប់ក្នុ​ង​ខេត្ត​ព្រះវិហារ។

កុមារ​រង​គ្រោះ​ទាំង​នេះ​មាន​អាយុ​ចន្លោះ​ពី​១៨​ខែ​ដល​១១​ឆ្នាំ។ ​នេះ​បើ​យោង​តាម​លោក​កែវ វី ​អ្នក​នាំពាក្យគណៈ​កម្មាធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយដែល​បាន​ប្រាប់​វីអូអេ នៅថ្ងៃ​សុក្រ​នេះ ។

លោក ​កែវ វី​ បញ្ជាក់​ថា​កុមារ​រង​គ្រោះដោយ​សារ​ការ​លេង​ទឹក​និងការ​ធ្វេស​ប្រហែស​របស់​ឪពុក​ម្តាយ​។

«​ជួនកាល​គាត់​លេង​ទឹក​ គាត់​លេង​អីវា ហើយ​ឪពុក​ម្តាយ​អ៊ីចឹង​ បានយើង​ថា​នៅ​ក្នុង​នេះ​ យើង​តែង​តែ​ណែនាំ​ស្នើសុំ​ឲ្យគាត់​ជួយ​មើល​ ជា​ពិសេស​គឺថា​ក្មេង​ៗ​អ៊ីចឹង​ទៅ ចាស់​ជរាចឹង​ ព្រោះ​ក្មេង​ៗវា​ ពេលមាន​ទឹក​ មាន​អី​ វា​ឡើង​មក​ក្រោម​ផ្ទះ​ ក្រោម​អី​អ៊ីចឹង​ កាលណា​ឪពុក​ម្តាយ​ គាត់​រវល់​តែ​រឿង​បញ្ហា​រៀបចំ​ទុក​ដាក់​អី​គាត់​អត់​បាន​មើល​អ៊ីចឹង​»។

ដោយឡែក​លោក ប៉ែន​ លីណាត​ អ្នកនាំពាក្យ​សាលាខេត្ត​ក្រចេះ​ ឲ្យដឹងថា​ ទឹកជំនន់​បាន​វាយ​ប្រហារ​ក្រុង​ក្រចេះ​ និង​ស្រុក​ចំនួន​បួន​ គឺស្រុក​ឆ្លូង​ ស្រុក​ចិត្រ​បុរី​ ស្រុក​ព្រែកប្រសប់​ និងស្រុក​សម្បូរ។ មាន​មនុស្ស​ប្រមាណ​១៥៦៥គ្រួសារ​ ត្រូវបាន​ជម្លៀស​ចេញ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។​ហើយ​ស្រូវ​សប្រមាណ​ជាង​៣៥០០ហិកតា​ ​ត្រូវ​ទឹក​ជន់​លិចក្នុង​ក្រុង​ និងស្រុក​បួនខាង​លើ។ សាលារៀន​៣៩​កន្លែង​និង​វត្តចំនួន​១៤​ ក៏បាន​ទទួល​រងផល​ប៉ះពាល់​ផងដែរ។​

លោក ប៉ែន​ លីណាត ​បញ្ជាក់​ថា​ គិតមកត្រឹម​ម៉ោង​១២ថ្ងៃត្រង់​ នាថ្ងៃសុក្រនេះ​ កម្ពស់​ទឹកបាន​កើនដល់​កម្រិត​២២,២៨ម៉ែត្រ​ ដែលហួស​ពីកម្រិតប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន២២ម៉ែត្រ​។​

«បើសិន​ជា​ទឹក​ហ្នឹង​ឡើងបន្តិច​ទៀត​ នឹង​អាច​កើន​ បើកើន​ ប្រហែល​ជា​កើន​តិច​តួច​ទេ​ ព្រោះដល់​ទឹក​ហ្នឹង​ វា​កម្ពស់​ហ្នឹង​ វា​ខ្ពស់​រៀង​ខ្លាំង​ដែរហើយ»។

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ឲ្យដឹង​ក្នុង​សេចក្តី​ប្រកាស​ចុងក្រោយ​ចុះថ្ងៃ​ទី​៣កញ្ញារបស់​ខ្លួន​ថា​ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ បាន​ និងកំពុង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​ធម្មជាតិ​ចំនួន​៣ព្រមៗ​គ្នា​ ក្នុង​នោះ​មាន​ ឥទ្ធិពល​ពីប្រព័ន្ធ​សម្ពាធទាប​ ដែលបាន​ និង​កំពុង​លាត​សន្ធឹង​អូសកាត់​លើ​ប្រទេស​ថៃ ឡាវ​ និង​ប្រទេស​វៀតណាម​ ឥទ្ធិពល​ពីព្យុះ​ទី​១៤ ឈ្មោះ​កាហ្សីគី​ (KAJIKI)​ និង​ឥទ្ធិពល​ពីខ្យល់​មូសុង​និរតីខ្លាំង​។

ឥទ្ធិពល​នេះ​ នឹង​អាច​បង្កឲ្យ​មានការ​ធ្លាក់​ភ្លៀង​គំហុក​ខ្លាំង​ និង​អាចបង្ក​ជា​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅតាម​បណ្តាខេត្ត​នៅតំបន់​ទំនាប​កណ្តាល​ភាគពាយ័ព្យ​ តំបន់​ខ្ពង់​រាប​ភាគខាង​ជើង​ តំបន់​ខ្ពង់​រាបភាគឥសាន និង​តំបន់​ជួរភ្នំដងរែក​។ នៅឯ​តំបន់​មាត់​សមុទ្រ​ ក៏នឹង​បន្តមាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ ពី​បង្គួរ​ទៅច្រើន។ ចំណែក​រាជធានី​ និងបណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ មាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅមធ្យម​។

លោក​ កែវ វី​ បាន​ឲ្យដឹង​បន្ថែមថា​ ជំនន់​ទឹក​ទន្លេមេគង្គ​បាន​ធ្វើ​ឲ្យ​បាក់ស្រុត​ច្រាំងទន្លេ​មាន​ប្រវែង​ប្រមាណ​ជា​ ១,៦០០០​ ម៉ែត្រ​ នៅ​ក្នុងខេត្ត​ស្ថិត​តាម​តំបន់​ទន្លេ​មេគង្គក្រោម​ ដូច​ជា​ខេត្ត​ក្រចេះ​ កំពង់​ចាម​ ត្បូង​ឃ្មុំ​ និង​ខេត្ត​កណ្តាល​។ លោក​បន្ថែមថា ខេត្ត​ដែល​នៅ​ប្រឈម​នឹង​ទឹក​ជំនន់​មាន​ខេត្ត​ស្ទឹង​ត្រែង​ ក្រចេះ​ កំពង់​ចាម​ និង​ត្បូងឃ្មុំ​ ​ហើយ​ខេត្តពីរ​ផ្សេង​ទៀត​នឹង​រង​ផល​ប៉ះពាល់គឺខេត្ត​កំណ្តាល​ និង​ព្រៃ​វែង​ ប្រសិន​បើ​កម្រិត​ទឹក​បន្តឡើង​ខ្លាំង​ទៀត​នោះ​។

នេះគឺជា​ទឹក​ជំនន់​លើក​ទី​ពីរដែល​បាន​វាយ​ប្រហារ​លើ​ប្រទេស​កម្ពុជា។​កាល​ពី​ខែសីហា គ្រោះ​ទឹកជំនន់​បាន​រាតត្បាត​នៅក្នុង​ខេត្តចំនួន​ប្រាំមួយ​ដូចជា​ខេត្ត​រតនគិរី ​ព្រះសីហនុ​ កំពត​ កែប កោះកុង និង​មណ្ឌល​គិរី។ ​ជន​រងគ្រោះ​ចំនួន​បី​នាក់​ក៏​បាន​ស្លាប់ ហើយ​ប្រជាពល​រដ្ឋ​សរុប​ចំនួន​ជាង​៦០០០​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ផងដែរ។

លោក​ កែវ វី ​អ្នក​នាំពាក្យគណៈ​កម្មា​ធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា​ក្នុង​ពេល​នេះ​ រដ្ឋាភិបាល​បានត្រៀម​ទុកអង្ករ​១០ ០០០តោន​ ពូជស្រូវ​២០០០តោន និង​ពូជបន្លែ​៥០ ០០០​តោន​ ដើម្បី​ចែក​ជូន​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​៕

XS
SM
MD
LG