ទឹកជំនន់នៅតាមដងទន្លេមេគង្គ និងទន្លេសាប បានបណ្តាលឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរជាង៩ម៉ឺនខ្នង ហើយប្រជាពលរដ្ឋប្រមាណ១ម៉ឺន៣ពាន់គ្រួសារនៅក្នុងខេត្តចំនួន១១ ត្រូវផ្លាស់ទីលំនៅជាបណ្តោះអាសន្ន។
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់ ហើយសាលារៀនចំនួន២៦៤ខ្នង មជ្ឈមណ្ឌលសុខភាពចំនួន២៣ និងដីស្រែចម្ការប្រមាណ៤ម៉ឺន២ពាន់ហិកតា ត្រូវបានជន់លិចដោយសារទឹកជំនន់នេះ។ នេះបើតាមតួលេខរបស់ការិយាល័យសម្រាប់ប្រតិបត្តិការទំនាក់ទំនងមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិ ឬ (UN OCHA) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ។
ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញាមក ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបណ្តាលឲ្យជន់លិចតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ថៃ និងឡាវ។ នៅប្រទេសថៃ ខេត្តចំនួន៤ ត្រូវបានជន់លិច ហើយមនុស្សប្រមាណ១ម៉ឺន៨ពាន់នាក់ត្រូវផ្លាស់ទី រីឯនៅប្រទេសឡាវវិញ មនុស្សយ៉ាងហោចណាស់ ២៨នាក់បានស្លាប់ និងប្រមាណ១០ម៉ឺននាក់ត្រូវផ្លាស់ទី៕