ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អង្គការ​សហប្រជាជាតិ​ថា​ចំនួន​ជន​ស៊ីវិល​ដែល​ស្លាប់​នៅ​ក្នុង​សង្គ្រាម​កើន​ឡើង​ខ្ពស់​ក្នុង​ពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨


រូបឯកសារ៖ មនុស្ស​កំពុង​ពិនិត្យ​មើល​កន្លែង​ខូច​ខាត​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ Viransehir ប្រទេស​តួកគី កាល​ពី​ឆ្នាំ​មុន។
រូបឯកសារ៖ មនុស្ស​កំពុង​ពិនិត្យ​មើល​កន្លែង​ខូច​ខាត​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ Viransehir ប្រទេស​តួកគី កាល​ពី​ឆ្នាំ​មុន។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ជិត ​១៧០០​នាក់​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ នេះ ដែល​នេះ​ជា​តួលេខ​ដ៏​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ​អំពី​ការ​ស្លាប់ និង​រង​របួស​របស់​ជន​ស៊ីវិល ដែល​បាន​ផ្សព្វផ្សាយ​ដោយ​បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ហៅ​កាត់​ថា ​UNAMA នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​ថា ​ជន​ស៊ីវិល​ជិត ៣៥០០​នាក់ បាន​រង​របួស​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ។ ប៉ុន្តែ ចំនួន​អ្នក​ស្លាប់​និង​រង​របួស​ជា​ទូទៅ​របស់​ជន​ស៊ីវិល​មាន​ការ​ធ្លាក់​ចុះ​ចំនួន ៣​ភាគរយ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ​២០១៧។

លោក ​Tadamichi Yamamoto ដែល​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ ​UNAMA​ នេះ បាន​និយាយ​ថា៖ «យើង​ជំរុញ​ឲ្យ​ភាគី​នានា​ក្ដាប់​យក​ឱកាស​ទាំង​អស់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​នេះ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដែល​ពួក​គេ​អាច​ការពារ​ជន​ស៊ីវិល​ទាំង​អស់​បាន»។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ជា​រួម​ទាំង​ការ​ប្រើប្រាស់​គ្រាប់​បែក​អត្តឃាត និង​ទាំង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​មិន​មែន​អត្តឃាត ជា​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់ និង​រង​របួស​នៃ​ជន​ស៊ីវិល​ចំនួន​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​ខាង​លើ។

នៅ​ក្នុង​របាយការណ៍​នេះ​ដែរ បេសកកម្ម​អង្គការ​សហប្រជាជាតិ ​UNAMA ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​លើ​សកម្មភាព​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​មុន​ការ​បោះ​ឆ្នោត​រដ្ឋសភា និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​ខាង​មុខ​នេះ៕

XS
SM
MD
LG