គ្រាប់បែកដ៏ខ្លាំងក្លាមួយបានផ្ទុះបំផ្លាញព្រះវិហារសាសនាឥស្លាមមួយដែលមានមនុស្សច្រើនកុះករ។ ព្រះវិហារនោះត្រូវបានគេប្រើប្រាស់សម្រាប់ជាមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតនៅប៉ែកអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍ផ្ទុះគ្រាប់បែកនេះបានសម្លាប់មនុស្សអស់ចំនួន១៧នាក់និងធ្វើឲ្យរបួស៣៣នាក់ទៀត។
ការវាយប្រហារនេះបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីខ្មាន់កាំភ្លើងដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានបានចាប់ជម្រិតវិស្វករ៧នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌា។
ការបំផ្ទុះគ្រាប់បែកលើព្រះវិហារនេះបានកើតឡើងក្នុងខេត្ត Khost ដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសប៉ាគីស្ថាន។ លោក Abdul Hanan ស្នងការប៉ូលិសខេត្តរបស់អាហ្វហ្គានីស្ថានបានបញ្ជាក់តួលេខអ្នកស្លាប់មកកាន់ VOA ដោយនិយាយថា លោកប៉ាន់ស្មានថា តួលេខអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។
លោក Hanan បាននិយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា ការផ្ទុះគ្រាប់បែកនេះបណ្តាលមកពីឧបករណ៍ផ្ទុះដែលគេបានបង្កប់ បើទោះជារបាយការណ៍បឋមបង្ហាញថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ធ្វើការវាយប្រហារនេះក៏ដោយ។
នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវលើអំពើហិង្សាដ៏ប្រល័យនេះនៅឡើយទេ។ ក្រុមតាលីបង់បានបដិសេធថាខ្លួនមិនពាក់ព័ន្ធនឹងហេតុការណ៍នេះនោះទេ។
កាលពីចុងខែមុន អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកដែលបំពាក់នឹងអាវរបស់ខ្លួននៅឯមជ្ឈមណ្ឌលផ្តល់អត្តសញ្ញាណប័ណ្ណដល់អ្នកបោះឆ្នោតក្នុងទីក្រុង កាប៊ុល ដែលបានសម្លាប់មនុស្សអស់ជិត៦០នាក់និងធ្វើឲ្យរបួសជាង១០០នាក់ផ្សេងទៀត។ ក្រុមរដ្ឋឥស្លាមបានអះអាងថា ការវាយប្រហារនោះគឺជាស្នាដៃរបស់ខ្លួន៕