ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមានពីសន្តិសុខដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នក្រែងមានការបំផ្ទុះគ្រាប់បែកក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាពិសេសម្តុំវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
បើតាមសារបង្ហោះដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា លើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃពុធនេះ បញ្ជាក់ថា មានការរាយការណ៍ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា ក្រុមសកម្មជនមួយរូបអាចព្យាយាមដាក់ឧបករណ៍ផ្ទុះនៅក្បែរវត្តភ្នំ ឬទីតាំងស្រដៀងគ្នាផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ឬសៀមរាប នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានប្រាប់ទៅពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ផ្សេងៗ និងបញ្ជាក់ថា បុគ្គលិករដ្ឋាភិបាលអាមេរិកត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នជុំវិញវត្តភ្នំ ហើយត្រូវដឹងពីបរិយាកាសជុំវិញខ្លួនជាទូទៅ។
សារព្រមានពីសន្តិសុខដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ត្រូវប្រុងប្រយ័ត្នក្នុងតំបន់ដែលមានហ្វូងមនុស្សច្រើន។ ប្រសិនបើអ្នកឃើញវត្ថុដែលគួរឲ្យសង្ស័យ ត្រូវចាកចេញពីទីកន្លែងនោះភ្លាម។ ត្រូវតាមដានព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដើម្បីធ្វើបច្ចុប្បន្នភាព។ ត្រូវប្រុងប្រយ័ត្នចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលមានទីតាំងនៅក្បែរវត្តភ្នំដែរនោះ ក៏បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនទាក់ទងទៅស្ថានទូតគ្រប់ពេល ប្រសិនបើត្រូវការជំនួយណាមួយ។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងកាលពីថ្ងៃអង្គារថា មានការប៉ុនប៉ងរៀបចំគម្រោងបង្កឲ្យមានអសន្តិសុខនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា គម្រោងនោះត្រូវបានលោកដឹងមុន និងទប់ស្កាត់ទាន់ពេល ព្រមទាំងបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការការពារសន្តិសុខ និងតាមចាប់ជនដែលត្រូវបានគេបញ្ជានោះផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោកមានការសោកស្តាយដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញសារព្រមានពីសុវត្ថិភាពទៅពលរដ្ឋអាមេរិកនៅកម្ពុជាបែបនេះ។ លោកបន្ថែមថា សមត្ថកិច្ចបាននិងកំពុងធ្វើការលើការតាមចាប់ជនដែលត្រូវបានបញ្ជាឲ្យរៀបចំគម្រោងបំផ្ទុះនោះ និងថា ក្នុងពិធីចូលឆ្នាំខាងមុខនេះ នឹងមិនមានការបំផ្ទុះណាមួយកើតឡើងនោះទេ។
លោកមានប្រសាសន៍ថា៖
«យើងបានតាមដានមុខសញ្ញាមួយចំនួនដែលយើងដឹង។ ហើយនេះជាសមត្ថកិច្ចរបស់ជំនាញទេ ខាងយើងសួរទៅក៏គេមិនឲ្យយើងដឹងដែរ។ ក៏ប៉ុន្តែគ្រាន់តែសូមអះអាងថា ប្រាកដជាអត់មានអាចអីកើតឡើងបានទេ យើងប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់បំផុតក្នុងកិច្ចការងារហ្នឹង»។
កម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ ដោយមានការឈប់សម្រាក ការធ្វើដំណើរកំសាន្ត ពិធីបុណ្យសង្ក្រាន្តនៅតាមខេត្តនានាផងដែរ។ អង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលរៀបចំដោយកូនប្រុសពៅ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រនេះ ដោយរំពឹងថា មានពលរដ្ឋជាច្រើនម៉ឺននាក់ចូលរួម៕