ក្រុមមន្ត្រីអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញបានបើកការស៊ើបអង្កេតមួយទៅលើរូបភាពវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីទាហានអ៊ុយក្រែនម្នាក់ ត្រូវបានគេកាត់ក្បាល។
ទីភ្នាក់ងារសារព័តមាននានា មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់បាននៅឡើយទេ ពីភាពពិតប្រាកដនៃវីដេអូមួយនេះ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារតាមវីដេអូថា «នេះជារឿងមួយដែលគ្មាននរណាម្នាក់លើលោកនេះ អាចព្រងើយកន្តើយទេថា តើវាងាយស្រួលយ៉ាងដូចម្តេចដែលសត្វតិរច្ឆានទាំងនេះ ធ្វើការសម្លាប់នេះ»។
លោក Zelenskyy និយាយថា វីដេអូនេះ «បានបង្ហាញពីការសម្លាប់ជនជាតិអ៊ុយក្រែនម្នាក់ដែលត្រូវបានគេចាប់ខ្លួន»។ លោកថា «មនុស្សគ្រប់គ្នាត្រូវតែធ្វើប្រតិកម្មលើរឿងនេះ។ កុំរំពឹងថារឿងនេះនឹងត្រូវបានគេបំភ្លេច ហើយពេលវេលានោះត្រូវកន្លងផុតឱ្យសោះ»។
វីដេអូនេះហាក់ដូចជាបានបង្ហាញពីបុរសម្នាក់ស្លៀកសំលៀកបំពាក់ពណ៍បៃតង ដែលមានក្រណាត់លឿងចងនៅដើមដៃ ដែលជាសញ្ញានៃទាហានអ៊ុយក្រែន។ បុរសរូបនេះបានស្រែក មុនពេលដែលបុរសម្នាក់ទៀតក្នុងឯកសណ្ឋានយោធា បានប្រើប្រាស់កាំបិតកាត់ផ្តាច់ក្បាលរបស់បុរសនេះ។ បុរសដែលកាត់ក្បាលគេនិងបុរសម្នាក់ផ្សេងទៀត និយាយភាសារុស្ស៊ី។
លោក Vasyl Maliuk ប្រធានទីភ្នាក់ងារសន្តិសុខរដ្ឋអ៊ុយក្រែនបាននិយាយថា ទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតមួយជុំវិញរឿងនេះ។ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងធ្វើការសិក្សាទៅលើវីដេអូនេះ ដើម្បីរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ ក៏ដូចជាកំពុងរកអត្តសញ្ញាណរបស់ជនរងគ្រោះផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានហៅវីដេអូនោះថា មានភាពព្រៃផ្សៃខ្លាំងក្លា តែថាគេត្រូវចាំបាច់ដើម្បីផ្ទៀងផ្ទាត់ពីការពិតនៃវីដេអូនេះជាមុនសិន។
ប្រធានទីភ្នាក់ងារសិទ្ធិមនុស្សអ៊ុយក្រែនលោក Dmytro Lubinets និយាយថា លោកនឹងស្នើសុំដល់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតរឿងនេះផងដែរ៕
លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់ VOA ចូលរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានមួយចំនួនក៏បានមកពីទីភ្នាក់ងារសារព័ត៌មានAP, AFP និង Reuters ផងដែរ។