របាយការណ៍មួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកបានជួយសម្អាតនិងបំផ្លាញយុទ្ធភណ្ឌផ្ទុះជាង ៥៣០ ពីផ្ទៃដីអ៊ុយក្រែនកាលពីឆ្នាំទៅ។ ប៉ុន្តែប្រទេសនេះនៅមានផ្ទៃដីធំធេងដែលមានកប់គ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រឿងផ្ទុះច្នៃ ជាលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏ជួយសម្អាតមីនក្នុងប្រទេសឡាវ អ៊ីរ៉ាក់និងប្រទេសកូឡុំប៊ីដែរ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអង្គារទី ៤ ខែមេសា ក្រសួងការបរទេសអាមេរិកបានប្រមូលឯកសារអំពីកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយប្រទេសជាង ៦០ បំផ្លាញយុទ្ធភណ្ឌផ្ទុះនិងអាវុធធម្មតាឯទៀតៗ ដោយអ៊ុយក្រែនបានទទួលជំនួយច្រើនជាងគេនៅឆ្នាំ ២០២២ គឺជាង ៩១ លានដុល្លារ។
រដ្ឋាភិបាលអ៊ុយក្រែនស្ទង់ប្រមាណថា ផ្ទៃដីខ្លួនចំនួន ១៦០.០០០ គ.ម.ក្រឡាមានកប់យុទ្ធភណ្ឌផ្ទុះ ហើយនិយាយថា នៅពេលនេះប្រមាណ ១០% នៃផ្ទៃដីកសិកម្មរបស់ប្រទេសនេះប្រកបដោយគ្រោះថ្នាក់ណាស់សម្រាប់ដាំដំណាំ។
របាយការណ៍ដែលមានចំណងជើងថា «ដើរលើផែនដីដោយសុវត្ថិភាព» (To Walk the Earth in Safety) ត្រូវបានសរសេររួមគ្នាជាមួយមជ្ឈមណ្ឌលសម្រាប់ស្ថិរភាពអន្តរជាតិនិងការស្តារឡើងវិញនៅឯសាកលវិទ្យាល័យ James Madison នារដ្ឋ Virginia លើកឡើងថា «ការលុកលុយដ៏ឃោរឃៅរបស់រុស្ស៊ីធ្វើឱ្យវិបត្តិស្បៀងសាកលកាន់តែដុនដាបថែមទៀត»។
នៅមុនការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ អ៊ុយក្រែនជាប្រទេសផលិតស្រូវសាឡីនិងគ្រាប់ធញ្ញជាតិច្រើនបំផុតមួយក្នុងពិភពលោក។
ជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនក្នុងឆ្នាំសារពើពន្ធ ដែលចប់នៅខែកញ្ញា ឆ្នាំ ២០២២ បានផ្តល់ការហ្វឹកហ្វឺននិងគ្រឿងឧបករណ៍សម្រាប់ក្រុមអ្នកសម្អាតមីននៅទូទាំងប្រទេសអ៊ុយក្រែន ផ្តល់ប្រាក់កាសសម្រាប់កម្មវិធីអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះលាក់កំបាំងដល់ប្រជារាស្ត្រអ៊ុយក្រែនចំនួន ១៨ លាននាក់។
អ្នកស្រី Heather Holsinger អ្នកចាត់ចែងកិច្ចការខាងសារគមនាគមន៍និងការបោះពុម្ពផ្សាយនៃមជ្ឈមណ្ឌលសម្រាប់ស្ថិរភាពអន្តរជាតិនិងការស្តារឡើងវិញ បាននិយាយថា៖ «នៅពេលនេះ អ៊ុយក្រែនជាប្រទេសមួយក្នុងបណ្តាប្រទេសមានកប់មីនច្រើនជាងគេក្នុងពិភពលោក ហើយស្ថានភាពនេះកាន់តែអាក្រក់ឡើងជារៀងរាល់ថ្ងៃ»។
អ្នកស្រី Holsinger បាននិយាយប្រាប់វីអូអេថា គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌផ្ទុះមានរាយប៉ាយក្នុងតំបន់ជនបទនិងតំបន់ក្រុង ហើយទំនងជាត្រូវចំណាយពេលច្រើនទសវត្សរ៍ដើម្បីសម្អាតនៅពេលណាសង្គ្រាមនេះចប់។
នៅទូទាំងពិភពលោក សហរដ្ឋអាមេរិកបានចំណាយប្រាក់ ៣៧៦ លានដុល្លារដើម្បីជួយបំផ្លាញយុទ្ធភណ្ឌផ្ទុះនិងអាវុធធម្មតាឯទៀតៗក្នុងឆ្នាំសារពើពន្ធ ២០២២។ បន្ទាប់ពីប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនបំផុតនៅប្រទេសឡាវគឺ ៤៥ លានដុល្លារ។ បន្ទាប់មកអាមេរិកក៏បានចំណាយប្រាក់ ៤០,៣ លានដុល្លារនៅអ៊ីរ៉ាក់និង ២០,៣ លានដុល្លារនៅប្រទេសវៀតណាម ដើម្បីបោសសម្អាតគ្រឿងផ្ទុះកប់ក្នុងដី។
អ្នកស្រី Holsinger បានថ្លែងថា នៅទូទាំងពិភពលោក សកម្មភាពសម្អាតមីនល្អប្រសើរជាងមុនដោយសារមានការជឿនលឿនខាងបច្ចេកវិទ្យាស្ទង់មើល រួមមានការប្រើដ្រូននិងបច្ចេកវិទ្យាឱ្យដឹងពីចម្ងាយសម្រាប់រកឱ្យឃើញគ្រោះថ្នាក់ដែលអាចកើតមាន។
នៅទូទាំងពិភពលោក សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង ៤,៦ ពាន់លានដុល្លារឱ្យប្រទេសជាង ១២០ ដើម្បីគាំទ្រការបំផ្លាញអាវុធធម្មតា តាំងពីឆ្នាំ ១៩៩៣ រហូតដល់ខែកញ្ញា ឆ្នាំ ២០២២។
សហរដ្ឋអាមេរិកជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច រួមមានរុស្ស៊ីនិងចិនដែរ ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមប្រាមគ្រាប់មីនឆ្នាំ ១៩៩៧ ដែលហាមប្រាមមិនឱ្យប្រើមីនប្រឆាំងនឹងមនុស្ស។
កាលពីខែវិច្ឆិកា យុទ្ធនាការអន្តរជាតិដើម្បីហាមប្រាមគ្រាប់មីនបង្កប់បានរាយការណ៍ថា រុស្ស៊ីនិងមីយ៉ាន់ម៉ាជារដ្ឋាភិបាលតែពីរដែលបានប្រើមីនបែបនេះកាលពីឆ្នាំទៅ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ