ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់ប្រទេសប៉ូឡូញដែលនៅជិតខាងដើម្បីជួបជាមួយដឹកនាំនៅក្នុងប្រទេសនោះ និងសមាជិកក្រុមសាធារណជននិងជនភៀសខ្លួនអ៊ុយក្រែនដែលបានរត់គេចខ្លួនក្រោយរុស្ស៊ីបើកការវាយលុកពេញទំហឹងក្នុងអ៊ុយក្រែន។
ក្រុមមន្ត្រីប៉ូឡូញបាននិយាយថាកិច្ចចរចារបស់លោកជាមួយលោកប្រធានាធិបតី Andrzej Duda និងលោកនាយករដ្ឋមន្ត្រី Mateusz Morawiecki មានរួមការពិភាក្សាគ្នាអំពីសង្គ្រាមនេះនិងអំពីការគាំទ្រនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ប៉ូឡូញជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អ៊ុយក្រែន។ ទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួននិយាយថាមានជនភៀសខ្លួនអ៊ុយក្រែន១,៥លាននាក់បានចុះឈ្មោះដើម្បីឱ្យមានការការពារបណ្តោះអាសន្ននៅក្នុងប្រទេសប៉ូឡូញ។
ប៉ូឡូញក៏បានបម្រើការជាកន្លែងសំខាន់បំផុតសម្រាប់ឱ្យប្រទេសដៃគូឯទៀតៗរបស់អ៊ុយក្រែនបញ្ជូនជំនួយយោធានិងជំនួយមនុស្សធម៌ទៅឱ្យអ៊ុយក្រែន។
ស.រ.អ.ផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធា២.៦០០លានដុល្លារដែលមានរួមគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសធុន Patriot និងរ៉ាដាឃ្លាំមើលបីគ្រឿង។
កញ្ចប់ជំនួយយោធានេះក៏មានរួមដែរនូវគ្រាប់រំសេវរាប់សែនគ្រាប់និងគ្រាប់កាំភ្លើងធំ ១៥៥ម.ម.និង១០៥ម.ម. ដែលកងកម្លាំងអ៊ុយក្រែនបានប្រើយ៉ាងឆាប់រហ័សនៅពេលពួកគេប្រយុទ្ធទប់ទល់នឹងការលុកលុយមិនត្រឹមត្រូវតាមច្បាប់របស់រុស្ស៊ី។
លោក Zelenskyy បានមានប្រសាសន៍នៅក្នុងសុន្ទរកថាលោកកាលពីយប់ថ្ងៃអង្គារថា«គ្រាប់សម្រាប់ HIMARS សម្រាប់ការពារដែនអាកាស សម្រាប់កាំភ្លើងធំ គឺជាអ្វីដែលយើងត្រូវការ។ សូមអរគុណលោកប្រធានាធិបតី Biden សួមអរគុណសភាស.រ.អ. សូមអរគុណប្រជារាស្ត្រអាមេរិកាំងគ្រប់ៗគ្នា!»
ជំនួយប្រមាណ៥០០លានដុល្លារត្រូវបានប្រកាសកាលពីថ្ងៃអង្គារនឹងផ្តល់គ្រាប់រំសេវនិងគ្រឿងឧបករណ៍ពីស្តុកយុទ្ធោបករណ៍ស.រ.អ.ដោយប្រើអំណាចប្រធានាធិបតីក្នុងការយកអាវុធទាំងនេះពីឃ្លាំងអាវុធស.រ.អ.។ ទឹកប្រាក់២១០០លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ទិញគ្រាប់រំសេវនិងអាវុធផ្តល់ឱ្យអ៊ុយក្រែនក្នុងពេលអនាគត៕