ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និយាយ​ថា​ការ​វាយប្រហារ​ដោយ​​ដ្រូន​របស់​រុស្ស៊ី​​ចំ​លើ​កំពង់ផែ​ Odesa​


ការខូចខាត​ក្នុង​តំបន់ Odesa បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី
ការខូចខាត​ក្នុង​តំបន់ Odesa បន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី

ការ​វាយប្រហារ​តាម​ដ្រូន​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់​ផែ​មួយ​ចំនួននៅ​ក្នុង​តំបន់ Odesa របស់​អ៊ុយក្រែន។​ ​នេះ​បើ​តាម​ការលើក​ឡើងរបស់​អភិបាល​តំបន់​ Odesa លោក​ Oleh Kiper នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ Oleh Kiper​ និយាយ​ថា តំបន់​ Odesa ​បាន​រង​ការ​វាយប្រហារ​អស់​រយៈពេល​២​ម៉ោង​ ​ហើយ​ខណៈ​ដែល​ប្រព័ន្ធការពារ​ដែន​អាកាសអ៊ុយក្រែន​បាន​បាញ់​ទម្លាក់ដ្រូន​វាយប្រហារ​របស់​រុស្ស៊ី​ភាគ​ច្រើន​នោះ​ ក៏​មាន​ដ្រូន​មួយ​ចំនួនបាន​រួច​ផុត​ពី​ការ​បាញ់​ទម្លាក់​ផង​ដែរ។

លោកបាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ ជា​អ្នក​បើក​ឡានធំ​ ហើយ​ការវាយប្រហារ​នោះ​ក៏​បាន​ធ្វើ​ឱ្យខូច​ខាត​ឃ្លាំងឥវ៉ាន់​មួយ​កន្លែង​ ជណ្តើរ​យន្ត​មួយ​ និង​ឡាន​ធំៗមួយ​ចំនួននៅជិត​ទន្លេ Danube ។​

យោធា​អ៊ុយក្រែន​និយាយ​ថា​ ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ុយក្រែន​ ​មាន​ដ្រូន​១៨​គ្រឿង ដោយ​សំដៅ​ទៅ​លើតំបន់​ Odesa នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ និង​តំបន់ ​Khmelnytskyi​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស។​

ដោយ​ឡែកសមាជិកព្រឹទ្ធ​សភា​សហ​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បោះឆ្នោត​រាំងខ្ទប់​ថវិកា​ចំនួន​១១០​ពាន់លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​និង​អ៊ីស្រាអែល​ ក៏​ដូច​ជា​វិធានការ​សន្តិសុខ​មួយ​ចំនួន​សម្រាប់​ព្រំដែននៅ​ភាគ​ខាង​ត្បូង​អាមេរិក​ផង​ដែរ។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ Joe Biden​ បាន​ស្នើ​សុំសភា​អាមេរិកនូវ​ទឹក​ប្រាក់​ជិត​១០៦​ពាន់​លាន​ដុល្លារអាមេរិក ដើម្បី​ផ្តល់ហិរញ្ញប្បទានដល់​ការ​ធ្វើ​សង្គ្រាម​និងសម្រាប់សន្តិសុខ​ព្រំដែន​អាមេរិក។

ការ​បោះឆ្នោត​លើ​សំណើ​សុំ​ថវិកា​ក្នុង​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ​គឺ​មាន​សំឡេង​៤៩ភាគរយ​គាំទ្រ​ និង​៥១ភាគរយ​ប្រឆាំង​ ដោយ​ព្រឹទ្ធសភា​ត្រូវ​ការ​សំឡេង​គាំទ្រ​យ៉ាង​តិច​៦០សំឡេង​ ដើម្បីឱ្យ​សំណើ​ច្បាប់​សុំ​ថវិកានេះ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​។​ ​

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​លោក​ Biden បាន​អង្វរ​ដល់​សភាអាមេរិកឱ្យ​អនុម័ត​ជំនួយបន្ថែម​ដល់​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ ការ​ខកខានមិនបាន​អនុម័ត​លើ​ជំនួយ​ដល់​អ៊ុយក្រែន​ នឹង​ក្លាយ​ជា​«អំណោយ​ដ៏​វិសេស» ដែល​អាមេរិក​ផ្តល់​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Putin ដែល​បាន​ធ្វើ​សង្គ្រាមអស់​រយៈពេល​ជិត​២​ឆ្នាំ​ហើយប្រឆាំង​នឹង​អ៊ុយក្រែន​នោះ។ ​

ទន្ទឹម​នឹង​នេះ​ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ផ្តល់​ជំនួយ​សន្តិសុខ​ថ្មីដល់​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ជំនួយឧបករណ៍​យោធាលើក​ទី៥២ របស់​រដ្ឋបាល​លោក​ Biden ​ដល់​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពីខែ​សីហា​ ឆ្នាំ​២០២១​ ​មក។ ជំនួយនេះ​រួម​មានប្រព័ន្ធ​ការពារ​ដែន​អាកាស​ គ្រាប់កាំភ្លើង​ធំ​ អាវុធ​ប្រឆាំង​រថគ្រោះ​ និង​ឧករណ៍​យោធា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ក្រសួងយុត្តិធម៌​អាមេរិកបានប្រកាស​កាលពី​ថ្ងៃពុធ​ថាបុរស​រុស្ស៊ី​បួននាក់​ត្រូវ​បាន​ចោទពី​ការធ្វើ​ទារុណកម្មជនជាតិ​អាមេរិកាំង​ម្នាក់នៅ​ពេល​លុកលុយអ៊ុយក្រែន​ត្រូវបាន​ចោទប្រកាន់​ពីឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ករណី​មួយ​បែបនេះ។

ករណី​នេះ​កំណត់ការចោទប្រកាន់​លើកទីមួយប្រឆាំងនឹង​ពួក​សមាជិក​កងទ័ពរុស្ស៊ីទាក់ទិននឹង​អំពើ​ឃោរឃៅក្នុង​សង្គ្រាម​របស់ពួក​គេ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ ហើយ​ជាលើក​ដំបូង​ហើយ​ដែលក្រសួង​យុត្តិធម៌​បានធ្វើ​ការចោទប្រកាន់តាមរយៈ​លក្ខ​ន្តិកៈ​មានរយៈពេលជិត៣០ឆ្នាំមក​ហើយដែលដាក់​ការធ្វើទារុណកម្ម​ឬ​ការធ្វើបាបដោយ​អមនុស្សធម៌​នៅ​ពេល​មានសង្គ្រាម​ថា​ជា​ឧក្រិដ្ឋកម្ម។

ការចោទប្រកាន់ទាំងនេះ​ជា​និមិត្តរូប​នៅ​ពេល​នេះដោយសារក្រសួង​យុត្តិធម៌​មិនទំនង​ជាអាចយកចុងចោទ​ទាំង​បួននាក់--ដែលនៅ​ពេល​នេះ​ភៀស​ខ្លូនបាត់--​យកមកឃុំឃាំ​ងបានទេ។ តែពួកមន្ត្រីសហរដ្ឋអាមេរិក​បានពណ៌នាករណី​នេះ​ថា​ជា​ពេល​វេលា​ប្រវត្តិសាស្ត្រ​មួយ​ក្នុងការស៊ើបអង្កេតរបស់ពួក​គេ​អំពីឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី ហើយ​ពួក​គេ​យល់​ថាអាចមានការ​ចោទប្រកាន់​ច្រើន​ថែមទៀត​នៅ​ពេល​អនាគត។

ជនជាតិ​រុស្ស៊ី​ទាំង​បួននាក់នេះត្រូវបានដឹង​អត្តសញ្ញាណ​ថា​ជាពួកសមាជិក​កងយោធពល​រុស្ស៊ីឬកងឯកភាព​ចំណុះ​របស់​រុស្ស៊ី។ ​បុរស​ពីរ​នាក់​ក្នុង​បណ្តា​ជន​ទាំងនេះត្រូវបានពណ៌នា​ថា​ជា​មេបញ្ជាការ​យោធា។

ពួក​រុស្ស៊ី​ទាំង​នេះ​ត្រូវបានចោទប្រកាន់​ថា​បានចាប់ពង្រត់បុរស​អាមេរិកាំង​ម្នាក់ពីផ្ទះ​លោក​នៅ​ក្នុងភូមិ​អ៊ុយក្រែនមួយកាល​ពី​ឆ្នាំ២០២២។ អាជ្ញាធរ​អាមេរិកាំង​បាន​និយាយថាជនជាតិ​អាមេរិកាំងនេះ​ត្រូវបានវាយ​ដំ​និង​សាកសួរចម្លើយ​នៅពេលត្រូវ​ឃុំឃាំង១០ថ្ងៃនៅមន្ទីរ​យោធា​រុស្ស៊ីមួយ នៅមុន​ពេលត្រូវ​ជម្លៀសជា​មួយភរិយា​លោក​ជា​ជនជាតិ​អ៊ុយក្រែន​។

រដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​មាតុភូមិ​លោក Alejandro Mayorkas​ បាន​និយាយថា​ជនជាតិ​អាមេរិកាំង​នេះ​បាន​និយាយ​ប្រាប់ពួក​ភ្នាក់ងារ​សហព័ន្ធដែល​បានធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​កាលពី​ឆ្នាំទៅ ជា​ផ្នែកមួយ​នៃការ​ស៊ើបអង្កេត​អំពីការណ៍​ដែល​ថា​ពួក​ទាហានរុស្ស៊ី​បានចាប់ពង្រត់លោក​ បង្ខំ​លោក​ឱ្យ​ស្រាត​សម្លៀក​បំពាក់​ ភ្ជង់កាំភ្លើងដាក់ក្បាល​លោកនិ​ង​វាយដំលោក។

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​ Reuters.

XS
SM
MD
LG