ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr កាលពីថ្ងៃទី៣ ខែមិថុនា សម្រាប់ការចូលរួមរបស់រដ្ឋាភិបាលក្រុងម៉ានីលក្នុងកិច្ចប្រជុំកំពូលសន្តិភាពកម្រិតខ្ពស់មួយនៅក្នុងខែនេះ ដោយពណ៌នាថាជា«សញ្ញាដ៏រឹងមាំ»មួយឆ្ពោះទៅសម្រេចបាននូវសន្តិភាពក្នុងប្រទេសដែលត្រូវបានហែកហួរដោយសង្គ្រាម។
នៅក្នុងកិច្ចប្រជុំដោយផ្ទាល់ដំបូងមួយនៅទីក្រុងម៉ានីល លោក Zelenskyy ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Ferdinand Marcos Jr សម្រាប់ «គោលជំហដ៏ច្បាស់លាស់» របស់ប្រទេសហ្វីលីពីនទៅលើ«ការចូលកាន់កាប់ដែនដីអ៊ុយក្រែន» ដោយរុស្ស៊ី ខណៈមេដឹកនាំហ្វីលីពីនធានាដល់ការបន្តគាំទ្ររបស់លោក។
លោក Zelenskyy បានប្រាប់លោក Marcos ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីថា៖«ខ្ញុំមានក្តីសោមន្សរីករាយដែលបានឮពីលោកនៅថ្ងៃនេះថា លោកចូលរួមក្នុងជំហានមូលដ្ឋានរបស់លោកដើម្បីឆ្ពោះទៅរកសន្តិភាព។ លោក Zelenskyy បានអរគុណលោក Marcos ចំពោះការចូលរួមរបស់រដ្ឋាភិបាលក្រុងម៉ានីលក្នុងកិច្ចប្រជុំកំពូលសន្តិភាពដោយនិយាយថា «វាជាសញ្ញាដ៏រឹងមាំមួយ»។
វាមិនទាន់មានភាពច្បាស់លាស់ភ្លាមៗនៅឡើយថា តើលោក Marcos នឹងចូលរួមកិច្ចប្រជុំដោយផ្ទាល់ឬលោកនឹងបញ្ជូនប្រេសិតរបស់លោកមកនោះទេ។
លោកបានថ្លែងដោយបន្ថែមថា អ៊ុយក្រែននឹងបើកស្ថានទូតនៅទីក្រុងម៉ានីលនៅឆ្នាំនេះ។ លោកថ្លែងថា៖ «សូមអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ពាក្យពេចន៍ដ៏ធំធេងនិងគោលជំហរដ៏ច្បាស់លាស់ អំពីការចូលកាន់កាប់របស់រុស្ស៊ីលើទឹកដីរបស់យើង»។
ដោយពាក់អាវខ្មៅនិងស្លៀកខោទាហាន លោក Zelenskyy បានមកដល់វិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី៣ មិថុនា បន្ទាប់ពីបានបង្ហាញវត្តមានឥតព្រៀងទុកនៅឯសន្និសីតសន្តិសុខធំបំផុតនៅអាស៊ី ធ្វើឡើងនៅប្រទេសសិង្ហបុរីដើម្បីបង្កើនការគាំទ្រដល់កិច្ចប្រជុំកំពូលសន្តិភាពរយៈពេល២ថ្ងៃនៅប្រទេសស្វីស។
លោក Marcos បានថ្លែងសុន្ទរកថានៅឯវេទិកាសន្តិសុខនោះ ដោយរិះគន់អ្វីដែលលោកពណ៌នាថាជាអំពើខុសច្បាប់ បង្ខិតបង្ខំ និងសកម្មភាពគគ្លើនដោយ«តួអង្គដទៃ» នៅសមុទ្រចិនខាងត្បូង ដែលពាក្យនោះចង់សំដៅទៅលើចិន បើទោះបីជាលោកមិននិយាយឈ្មោះប្រទេសឱ្យចំក៏ដោយ។
លោក Marcos បានប្រាប់លោក Zelenskyy ថា លោក«មានកិត្តិយស» ដែលមេដឹកនាំអ៊ុយក្រែនធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល។
លោក Marcos បានថ្លែងថា៖ «ពិតជារីករាយណាស់ដែលបានជួប ពិភាក្សាអំពីបញ្ហានានាដែលស្រដៀងគ្នាសម្រាប់ប្រទេសទាំងពីរ ហើយសង្ឃឹមថា យើងអាចរកវិធីសម្រាប់យើងទាំងអស់គ្នា»។
រុស្ស៊ីដែលហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា «ប្រតិបត្តិការពិសេស»មួយនោះ មិនត្រូវបានអញ្ជើញឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពនៅថ្ងៃទី១៥ និង១៦ មិថុនានោះទេ ដែលកិច្ចប្រជុំកំពូលនោះនឹងត្រូវដឹកនាំដោយរដ្ឋាភិបាលស្វីស។ រុស្ស៊ីបានច្រានចោលកិច្ចពិភាក្សានោះថាគ្មានន័យអ្វីនោះទេ បើគ្មានវត្តមានរបស់ខ្លួន។
ខណៈពេលលោក Zelenskyy ស្ថិតនៅក្នុងប្រទេសសិង្ហបុរី លោកបានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា លោកមិនអាចជួបជាមួយប្រតិភូចិននៅឯសន្និសីតនេះបានទេ ហើយលោកបានថ្លែងថា លោកខកចិត្តដែលរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាសម្ពន្ធមិត្តរដ្ឋាភិបាលរុស្ស៊ី មិនចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ លោក Zelenskyy បានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden ចូលរួម បើទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់បញ្ជាក់ថានឹងបញ្ចូននរណាមកចូលរួមនៅឡើយទេ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ